ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ពិត​បុរស​ម្នាក់​រង​ផាកពិន័យ ១​លាន​រៀល​តាំងពី​ថ្ងៃ​ទី​២៨​វិច្ឆិកា មិនមែន​ក្នុង​រយៈពេល​ផ្អាក​១៥​ថ្ងៃ​ទេ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ​នេះ​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បកស្រាយ​បំភ្លឺ និង​បដិសេធ ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ​នេះ​ថា ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បកស្រាយ​បំភ្លឺ និង​បដិសេធ ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា San San ដែល​បាន​ផុស​ថា ផ្អាក​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​១៥ ផាក​ថ្ងៃ​២ ? ឆ្កែ​សុទ្ធ !!! ។

ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​បញ្ជាក់​ថា ជាក់ស្តែង​ករណី​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​អ្នក​ត្រូវ​បាន​ពិន័យ ចូល​មក​បង់ការ​ផាកពិន័យ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០​។ ម្យ៉ាងវិញទៀត​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជេរ​ប្រមាទ​មក​លើ​សមត្ថកិច្ច​របស់​ម្ចាស់​គណនី​ហ្វេ​ស​បុក​នេះ គឺ​មាន​លក្ខណៈ​មើលងាយ​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ក្នុង​គោលបំណង​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ។

តាម​ពិត​ករណី​នេះ គឺជា​ការ​ចាប់​ផាកពិន័យ​បុរស​ម្នាក់ ដែល​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង តាំង​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​០៣​យប់ ដែល​សមត្ថកិច្ច​ចម្រុះ​កំពុង​តែ​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ហៅ​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ផ្លា​ក​លេខ 1GL-4021 បន្ទាប់​ពី​ផ្លុំ​ត្រួតពិនិត្យ​រួច បង្ហាញ​ជា​លទ្ធផល​ថា អ្នកបើកបរ​រូប​នេះ មាន​កម្រិត​ជាតិ​អាល់កុល​រហូត​ដល់ ០.៥៨ ពេល​នោះ កម្លាំង​ចម្រុះ​ក៏​បាន​ធ្វើការ​ដកហូត​ម៉ូតូ យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល មិន​ឲ្យ​បន្តដំណើរ​ទៅ​ទៀត ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ។

រហូត​ដល់​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ទើប​សា​ម៉ី​ខ្លួន​ឈ្មោះ ហ៊ាន ដែន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ បាន​យក​ប្រាក់ មក​បង់​ផាកពិន័យ​ចំនួន​១​លាន​រៀល ហើយ​សម្ថ​កិច្ច​ក៏​បាន​អនុញ្ញាត​ឲ្យ​គាត់​យក​ម៉ូតូ​ទៅ​វិញ ៕