រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩។ ជាមួយគ្នានោះផងដែររដ្ឋាភិបាលក៏បានសម្រេចបិទហាងមួយនេះផងដែរ ។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលត្រូវបានស្រង់សម្តីដោយទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក និងការបញ្ជាក់ពីខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល ។
លោកស្រីបានបញ្ជាក់ថា លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ខណៈលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនទាន់អាចទាក់ទងសុំការបញ្ជាក់លើចំណុចនេះបាន ។
ជាមួយគ្នានោះផងដែរ ហាង Pedro នាថ្ងៃទី ៤ ខែធ្នូនេះបានប្រកាសថា «ដោយសារមានការរកឃើញលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺកូវីតលើបុគ្គលិកម្នាក់ ហាង PEDRO សាខាវិថីព្រះសីហនុ ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់មានការណែនាំបន្ថែមនាពេលខាងមុខនេះ។ យើងនឹងធ្វើការយកចិត្តទុកដាក់ក្នុងការតាមដាន ធានាជូននូវសុវត្ថិភាពនិងសុខភាពនៅក្នុងសហគមន៍។ យើងនឹងធ្វើតេស្តពិនិត្យលើគ្រប់បុគ្គលិកទាំងអស់ និងធ្វើការបាញ់សម្អាតសម្លា.ប់មេរោគនៅក្នុងហាង» ។
សូមបញ្ជាក់ថា ជុំវិញការរកឃើញការឆ្លងចូលសហគមន៍ជាលើកដំបូងនៅកម្ពុជា ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺមានអ្នកឆ្លងក្នុងសហគមន៍សរុបកើនឡើងដល់ ២៩ នាក់ ។
គួរបញ្ជាក់ថា នៅពេលដែលសាកសួរតាមទូរស័ព្ទនៅម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះថា តើអ្នកទាំង៦នាក់នេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចហើយឫនៅ នោះលោកស្រី យក់ សម្បត្តិ មិនបានឆ្លើយតបនោះទេ ដោយអះអាងថា លោកស្រីកំពុងតែជាប់ប្រជុំ ។
ចែករំលែកព័តមាននេះ