រាជធានីភ្នំពេញ ៖ ដីតាមបណ្តោយមាត់ច្រាំងទន្លេសាប នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ដែលជាដីគម្រោងអភិវឌ្ឍសួនច្បារ សង្ស័យបានក្លាយជាទៅជាកម្មសិទ្ធិក្រុមហ៊ុនឯកជនមួយរួចទៅហើយ តាមរយះការចេញស.ជ.ណ.របស់រាជរដ្ឋាភិបាលប្រគល់ទៅឯកជនវិនិយោគ។ នេះបើតាមព័ត៌មានសម្ងាត់មួយទំលាយឱ្យដឹងបន្ទាប់ពីអាជ្ញាធរខណ្ឌឫស្សីកែវ ចុះទៅហាមឃាត់សំណង់របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានសង់រំលោភលើដីរបស់រដ្ឋទាំងនោះ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាក់សោឃាត់មន្ត្រីរាជការទាំងនោះទុក ។ ទន្ទឹមនោះ អាជ្ញាធរខណ្ឌឫស្សីកែវ ក៏បាននឹងកំពុងតែរៀបចំឱ្យមន្ត្រីកងរាជអាវុធហត្ថ ដែលបានដាក់គោលដៅក្នុងដីឡូតិ៍នោះចាកចេញ ព្រមទាំងដេញចំណតទូកដែលនៅក្បែរនោះឱ្យចេញផងដែរ ។
ដោយឡែកទៀត ដីរបស់រដ្ឋបាលរាជធានីភ្នំពេញដែលជាគម្រោងសួនច្បារជាច្រើនឡូតិ៍ទៀតនៅតាមមាត់ទន្លេ ដូចជានៅមុខសាលា អន្តរជាតិប៊ែរធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ និងដីមុខរោងចក្រទឹកដោះគោ ក្នុងភូមិ សាមគ្គី សង្កាត់ឬស្សីកែវ កំពុងរៀបចំធ្វើរបង និងដេញអ្នកលក់អេតចាយឱ្យចេញ ក៏ដើម្បីទុកប្រគល់ឱ្យឯកជនដែរ ។ តាមព័ត៌មាននានាឱ្យដឹងថា ក្រៅពីនោះ ដីគម្រោងសួនច្បារដែលប្រជាពលរដ្ឋរស់ និងលក់ដូរអាស្រ័យផល ក៏បានធ្លាក់ទៅលើក្រុមហ៊ុនឯកជនដែរ ប្រសិនដេញចេញអស់ ។
ទោះបីជាយ៉ាងណាក្ដី ពុំមានការអះអាងច្បាស់សោះ ថាតើក្រុមហ៊ុនណាមានសំណាងបានដីមាត់ទន្លេជាអតីតគម្រោងសួនច្បារ ដែលពេញដោយខ្យល់អាកាសត្រជាក់បរិសុទ្ធបែបនេះ ។ បើតាមព័ត៌មានខ្លះអះអាងថា បានទៅលើក្រុមឧកញ៉ាម្នាក់ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១១និង៥០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០មន្ត្រីសាលាសង្កាត់ និងខណ្ឌឫស្សីកែវប្រមាណជាង១០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទស ដែលដាក់គោលដៅនៅចំណុច អតីតក្រុមហ៊ុន ម៉ាកវ៉ែល តាមផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានចាក់សោរឃាត់ទុក ខណះពេលដែលទៅឃាត់មន្ត្រីកងរាជវុធហត្ថសាងសង់អង្គភាពដោយចោទថាបានរំលោភយកដីរបស់រដ្ឋនោះ ។ ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រូវបានលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងទៅសម្របសម្រួល ទើបបើកទ្វារឱ្យចេញវិញ ។
ភ្លាមៗនោះដែរ កម្លាំងកងរាជអាវុធហត្ថ ត្រូវបានទទួលបញ្ជាឱ្យទៅជួយអន្តរាគមន៍ចំនួន២រថយន្តផងដែរ ចំពេលកម្លាំងរបស់សាលាខណ្ឌឫស្សីកែវចេញផុត ។ តាមអាជ្ញាធរឱ្យដឹងថា ដីអតីតក្រុមហ៊ុន ម៉ាក់វែល ក៏ដូចជាដីនៅមុខសាលាអន្តរជាតិប៊ែរធី និងដីមុខរោងចក្រទឹកដោះគោ ជាដីរបស់កំពង់ផែស្វយ័តភ្នំពេញប្រគល់ឲ្យរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាសួនច្បារនៅមាត់ទន្លេ ចាប់ពីស្ពានជ្រោយចង្វារ ទៅដល់មុខអតីតសួនច្បារសូគីម៉ិច តាំងពីជំនាន់ឯកឧត្តមកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ។
គេនៅចាំបានថា កាលនោះអាជ្ញាធរបានប្រើកម្លាំងដេញប្រជាពលរដ្ឋដោយរុះរើសំណង់មួយចំនួន ប៉ុន្តែគម្រោងសួនច្បារត្រូវបរាជ័យក៏ស្ងប់ស្ងាត់អស់ទៅ តើធ្វើអីបាន បើផ្ទះថ្មរឹងមាំសាងសង់ពេញមាត់ទន្លេ ពេញគម្រោងសួនច្បារទៅហើយនោះ ។ ដោយសារតែទីនោះ ជាដីត្រូវប៉ាន់នៅមាត់ទន្លេត្រូវបានក្រុមហ៊ុនមួយចំនួន ជញ្ជក់មាត់ដណ្ដើមយកបានខ្លះហើយ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។