ខេត្តកំពង់ចាម ៖ ស្របពេលដែលអាកាសធាតុបានចុះត្រជាក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម ត្រូវបានអាជីវករនាំគ្នាលក់អាវរងារសម្រាប់មនុស្សចាស់ក្មេងប្រុសស្រី តែការលក់នៅឆ្នាំនេះមានការថមថយចុះច្រើន លើសពាក់កណ្ដាល ដោយសារតែរងឥទ្ធិពលពីជម្ងឺកូវីដ១៩ ម្យ៉ាងវិញទៀត អ្នកដែលមកផ្សារ ភាគច្រើនទិញរបស់របរទុកហូបប្រចាំថ្ងៃ។
លោកយឺន យន វ័យ៥០ឆ្នាំ ជាអ្នកលក់ខោអាវជជុះបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៤ ធ្នូឆ្នាំ២០២០ នេះថា គាត់បានចាប់យកមុខរបរលក់ខោអាវជជុះ នផ្សារបឹងកុក ក្រុងកំពង់ចាម ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៦ឆ្នាំមកហើយ ជាមួយនោះចំណូលដែលបានមក យកទៅផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់ឱ្យកូនចំនួន២នាក់បន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។
អាជីវកររូបនេះបានប្រាប់បន្តថា ចំពោះការលក់ដូរក្នុងមួយព្រឹក គាត់អាចរកចំណូលបានប្រមាណ២០ម៉ឺនរៀលក្នុងមួយព្រឹក តែមកដល់ដើមខែធ្នូ ឆ្នាំ២០២០នេះ អាវរងាដែលគាត់ទិញពីភ្នំពេញយកមកលក់ គឺលក់មិនសូវដាច់នោះទេ ដោយចំណូលបានធ្លាក់ចុះលើសពី៥០% ។ កត្តានេះត្រូវបានគាត់យល់ថាដោយសារតែវិបត្តិជំងឺកូវីដ-១៩ ទោះបីជាបែបនេះក្តី គាត់នៅតែតស៊ូលក់ដូរជាបន្តទៀត ដោយមិនរាថយនោះទេ ព្រោះគាត់មានមុខរបរតែមួយមុខនេះប៉ុណ្ណោះ ។ ជាមួយនោះគាត់ក៏មានការប្រុងប្រយ័ត្ន ដោយស្ដាប់តាមការណែនាំរបស់ជំនាញសុខាភិបាលត្រូវតែពាក់ម៉ាស់ការពារនិងលាងដៃជាមួយអាកុលឬសាប៊ូដើម្បីសុវត្ថិភាព។
អ្នកស្រី ថោង រដ្ឋា វ័យ៦៣ឆ្នាំ ជាអាជីវករលក់អាវរងារបានប្រាប់ឲ្យដឹងថា ចំពោះអាវរងា គាត់បានទិញពីរាជធានីភ្នំពេញយកមកលក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម រយៈពេល២ខែមកហើយ តែការលក់មិនដាច់សោះ ដោយសារអ្នកមកផ្សារ គេដើរទៅហួសមកហួស ភាគច្រើនម្នាក់ៗគិតតែទិញរបស់របរសម្រាប់ហូប ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយគេអាចគិតថា អាវរងារមិនសូវសំខាន់ប៉ុន្មានទេ គឺទុកមួយឡែកសិន។
ស្ត្រីជាអាជីវករខាងលើបានបន្តថា អាវរងាដែលទិញយកមកលក់មួយក្នុងតម្លៃចាប់ពី១ទៅ២ម៉ឺនរៀល ការលក់មិនដាច់បែបនេះបានជះឥទ្ធិពលធ្វើឱ្យគាត់សន្សំលុយស្ទើរតែមិនគ្រប់ ដើម្បីបង់រំលោះថ្លៃទិញផ្ទះល្វែងក្នុង១ខែឡើយ ។ កត្តាដែលលក់មិនដាច់នេះដោយសារតែវិបត្តិជំងឺកូវីដ១៩ ការដែលលក់មិនដាច់បែបនេះយូរទៅធ្វើអោយគាត់បាត់បង់ប្រាក់ដើមថែមទៀតផង ទោះបីជាបែបណា ក៏ត្រូវតែប្រឹងតស៊ូដើម្បីជីវិតនិងក្រុមគ្រួសារ។
លោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ណែនាំឱ្យដឹងដែលថា ស្របពេលដែលអាកាសធាតុត្រជាក់បែបនេះ រូបលោកសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមត្រូវបង្កើនការយកចិត្តទុកដាក់ចេះអនាម័យដោយ «ហូបស្អាតផឹកស្អាត រស់នៅស្អាត» ទទួលទានអាហារចម្អិនឲ្យបានឆ្អិនល្អ ត្រូវពាក់ម៉ាស រក្សាគម្លៀតពីគ្នាតាមការណែនាំរបស់ជំនាញសុខាភិបាលដើម្បីចៀសវាងកុំអោយឆ្លងជំងឺ covid-19 ។
លោកវេជ្ជបណ្ឌិតមានជំនឿយ៉ាងមុតមាំថាប្រជាពលរដ្ឋម្នាក់ៗ មានការយល់ដឹងគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពខ្លួនយើងនិងអ្នកដទៃ ធ្វើយ៉ាងណានាំគ្នាទប់ស្កាត់កុំឲ្យឆ្លងជំងឺcovidចូលក្នុងសហគមន៍ ។ ប្រសិនបើមានបញ្ហាសុខភាពមិនស្រួល ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតមូលដ្ឋានរបស់បងប្អូន ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ