ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Surviving Bokator រំពឹង​លេចធ្លោ​ខ្លាំង​ក្រោយ​ឈ្នះ​ពាន​អន្តរជាតិ​នៅ​អុីតា​លី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ បន្ទាប់​ពី​ខ្សែភាពយន្ត​ឯកសារ «​ការ​​រស់​ឡើង​វិញ​នៃ​គុន​ល្បុក្កតោ ឬ​ Surviving Bokator»​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មហោ​ស្រព​ភាពយន្ត​ពិភពលោក World FICTS…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ បន្ទាប់​ពី​ខ្សែភាពយន្ត​ឯកសារ «​ការ​​រស់​ឡើង​វិញ​នៃ​គុន​ល្បុក្កតោ ឬ​ Surviving Bokator»​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មហោ​ស្រព​ភាពយន្ត​ពិភពលោក World FICTS Challenge នៅ​ប្រទេស​អ៊ី​តា​លី​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ខ្សែភាពយន្ត​ជាង ៩០០ មក​ពី​មហោស្រព​ចំនួន ២០​ត្រូវ​បាន​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង ទើប​ជា​មោទនភាព​របស់​កម្ពុជា ដែល​ខ្សែភាពយន្ត
Surviving Bokator ទទួល​បាន​ពាន​មួយ​។

ខ្សែភាពយន្ត​នេះ​លេច​ចេញ​ជា​រូបរាង​ក្រោម កិច្ចសហការ​រវាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង ផលិតកម្ម​ភាពយន្ត Cineboxx Film & Television Inc របស់​កា​ណា​ដា ដោយ​ភាពយន្ត​នេះ ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ភាពយន្ត​កីឡា នៅ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក World FICTS Challenge នៅ​មហោស្រព​មី​នី​ណូ​អន្តរជាតិ លើក​ទី​៣៨ នៅ​អ៊ី​តា​លី ។

មហោស្រពភាពយន្ត​អន្តរជាតិ​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៩៨៣ នេះ មាន​ប្រទេស​ជា​សមាជិក​ចំនួន ១១៦ និង​ទទួល​បានការ​ទទួលស្គាល់ ពី​គណៈកម្មាធិការ អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន World FICTS Challenge កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២0 កន្លង​ទៅ គឺ​ខ្សែភាពយន្ត Surviving Bokator នេះ បាន ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​ជា​បន្ត​បន្ទាប់ ហើយដោយ​សារ​តែ​បង្កប់​ដោយ​ឈុត​ឆាក​វាយតប់​ល្អ និង​មាន​ខ្លឹមសារ​ទាក់ទាញ ចុង​ក្រោយ​ក៏​ក្លាយ​ជា​គូប្រកួត​ប្រជែង​ជាមួយ​ខ្សែភាពយន្ត​ចំនួន ៩៧០ មក​ពី​២០​ប្រទេស នៅ​ក្នុង​មហោស្រព​នោះ ។

ផលិតករ​អូស្ត្រាលី លោក Mark Bochsler និង​លោកស្រី Sandra Leuba បាន​ឆ្លុះ​បញ្ចាំង​ពី​សាច់​រឿង​របស់​លោក​ព្រឹទ្ធាចារ្យ សាន គី​មស៊ា​ន ដែល​បាន​ខិតខំ​តស៊ូ ជីក​កកាយ​គុន​ល្បុ​ក្កតោ​ឲ្យ​រស់​ឡើង​វិញ ក្រោយ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដួល​រលំ និង​បន្ត​សិក្សា​ស្រាវជ្រាវ ចង​ក្រង និង​អភិរក្ស​សម្រាប់​យុវជន​មក​ដល់ បច្ចុប្បន្ន ។

នៅ​ក្នុង​ភាពយន្ត​នេះ បាន​បង្ហាញ​ពី​គុន​ល្បុក្កតោ ដែល​ស្ទើរតែ​ត្រូវ​បាន​បាត់បង់ ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ ពី​ឆ្នាំ​១៩៧៥-១៩៧៩ និង​បង្ហាញ​ពី​ប្រវត្តិ​ដែល​នាំ​ឱ្យ​មានការ​ពង្រឹង​ឡើង​វិញ ។ អ្នកចេះ​ក្បាច់ គុន​មួយ​ចំនួន​ត្រូវ​បាន​រស់នៅ​ដោយ​លាក់បាំង​អត្តសញ្ញាណ និង​អ្នក​ខ្លះទៅ​ជ្រកកោន​នៅ​តាម​ទី​វត្ត អារាម ។ ភាពយន្ត​នេះ​រៀបរាប់​ពី​ស្ថានភាព​ក្រោយ របប​ដឹកនាំ​ដោយ​​ខ្មែរក្រហម​ដួល​រលំ ដោយ​បង្ហាញ​ពី​លោក​ព្រឹទ្ធាចារ្យ សាន គី​ម​ស៊ា​ន ក្នុង​ការ​បង្កើត​នូវ​ចលនា​​ប្រមែប្រមូល​អ្នក​គុន​ល្បុក្កតោ ដើម្បី​ស្តារ​ក្បាច់គុន​នេះ​ឲ្យ​រស់​ឡើង​វិញ ។ មហាជនមិន​​តិច​ទេ បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះជោគជ័យ​មួយ​នេះ និង​ចាត់ទុកជា ព្រឹត្តិការណ៍​មិន​គួរ​ឲ្យ​ជឿ ។

លោកគ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន បាន​លើក​ឡើង​ថា គ្មាន​អ្វី​មោទនភាព​ជាង​ស្នាដៃ​របស់​ខ្លួន​ក្លាយជា​ស្នាដៃ​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ​។ លោក​ថា ផលិតករ​ភាពយន្ត Surviving Bokator រឹតតែ​ពោរពេញ​ដោយ​មោទនភាព ដោយ​ចាត់​ទុក​ថា នេះ​មិន​ត្រឹមតែ​ជា​ខ្សែភាពយន្ត ប៉ុណ្ណោះ​ទេ វា​គឺជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ ហើយ ក៏​មាន​កិត្តិយស​ណាស់​ដែរ ដែល​បាន​ដើរតួ​នាទី ក្នុង​ការ​រួមចំណែក នៃ​ការ​រស់​ឡើង​វិញ នៃ​វប្បធម៌ របស់​ប្រទេស​កម្ពុជា ។

យោង​តាម​ការ​បញ្ជាក់ ភាពយន្ត​ឯកសារ Surviving Bokator ត្រូវ​បាន​ចាក់​បញ្ចាំង​លើក​ដំបូង​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​ក្បាច់គុន​ពិភពលោក ជុង ប៊ូ នៅ​សាធា​រណ​រដ្ឋ​កូរ៉េ ។ បន្ទាប់​មក ភាពយន្ត​នេះ ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​មហោស្រព ភាពយន្ត​អន្តរជាតិ កម្ពុជា នៅ​ឆ្នាំ ២០១៨ និង បាន​ចាក់​ផ្សាយ​ក្នុង​មហោស្រព​អន្តរជាតិ​ជា​ច្រើន លើ​ពិភពលោក ផង​ដែរ ។

ប៉ុន្តែ​ពេល​នោះ ទទួល​បានការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន​មិន​ច្រើន​នោះ​ទេ ពោល​គឺ​រហូត​ទាល់តែ​មានការ​ជាប់​ពាន​នៅ​ក្នុង​មហោស្រព​នេះ ទើប​ម្នាក់​ៗ មានការ​ភ្ញាក់ផ្អើល ។ ទាំង​ផលិតករ ទាំង​លោក សាន គឹ​ម​ស៊ា​ន សុទ្ធតែ​ប្តេជ្ញា​ថា នឹង​ធ្វើ​យុទ្ធនាការ​ឱ្យ​ខ្សែភាពយន្ត​ឯកសារ Surviving Bokator នេះ​ខ្ទរខ្ទារ​ក្នុង​ស្រទាប់​មហាជន ដោយ​គ្រោង​នឹង​យក​ទៅ​បង្ហាញ​នៅ​ជុំវិញ​ពិភពលោក ដើម្បី ផ្សព្វផ្សាយ​ពី​កីឡា​វប្បធម៌ ប្រពៃណី​ខ្មែរ​មួយ​នេះ ឲ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ