ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះគឺជាប្រភេទនិងកត្តាដែលជម្រុញឱ្យមានអំពើហិ.ង្សាលើស្ត្រី

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនមានការយល់ច្រឡំថាអំពើហឹង្សាគឺទាល់តែភាគីណាមួយរងរបួសលើរាងកាយ ឬត្រូវវាយដំដោយភាគីណាមួយ ខណៈបងប្អូនខ្លះមិនបានដឹងច្បាស់ថាតើអំពើហឹង្សាលើស្ត្រីមានទម្រង់បែបណាខ្លះនោះទេ ។ ប្រាកដណាស់ ជុំវិញអំពើហឹង្សាជាទូទៅកើតលើមនុស្សគ្រប់ប្រភេទ មិនថាប្រុស ឬក៏ស្រីនោះទេ…

រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនមានការយល់ច្រឡំថាអំពើហឹង្សាគឺទាល់តែភាគីណាមួយរងរបួសលើរាងកាយ ឬត្រូវវាយដំដោយភាគីណាមួយ ខណៈបងប្អូនខ្លះមិនបានដឹងច្បាស់ថាតើអំពើហឹង្សាលើស្ត្រីមានទម្រង់បែបណាខ្លះនោះទេ ។ ប្រាកដណាស់ ជុំវិញអំពើហឹង្សាជាទូទៅកើតលើមនុស្សគ្រប់ប្រភេទ មិនថាប្រុស ឬក៏ស្រីនោះទេ តែភាគច្រើននៃជនរងគ្រោះពីគ្រប់ទម្រង់នៃអំពើហឹង្សាគឺជាស្ត្រី ។

តាមរយៈការបង្ហាញរបស់លោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឈនសង្គម នៃក្រសួងកិច្ចការនារីបានឱ្យដឹងថា «អំពើហិង្សាមានច្រើនទំរង់ ដែលមាន ដូចជា ហិង្សាទាក់ទងនឹងយេនឌ័រ អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាលើស្រ្តី និងក្មេងស្រី។ រីឯប្រភេទវិញមានដូចជា អំពើហិង្សាផ្លូវកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សផ្លូវភេទ និងអំពើហិង្សាផ្នែកជីវភាពសេដ្ឋកិច្ច»។
ខាងក្រោមនេះជាការបកស្រាយ នៃអំពើហិង្សាលើស្រ្តី

១) កត្តាជម្រុញនៃអំពើហិង្សា

  • ការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង ជាកត្តាជំរុញឱ្យមនុស្សប្រើអំពើហិង្សា ក្នុងគ្រួសារ ប៉ុន្តែមិនមែនអ្នកសេពគ្រឿងញៀន ឬគ្រឿងស្រវឹងទាំងអស់ សុទ្ធតែវាយប្រពន្ធរបស់ខ្លួនឯណា ឬចាប់រំលោភស្រ្តីឡើយ (មួយចំនួន)។
  • ភាពក្រីក្រ អវិជ្ជា ប្រច័ណ្ឌ ជាកត្តាជំរុញ ប៉ុន្តែមិនមែនស្រ្តី និងក្មេងស្រីក្រីក្រទាំងអស់សុទ្ធតែ ទទួលរងការបំពានផ្លូវភេទឬត្រូវធ្វើការងារផ្លូវភេទឡើយ។
    កត្តាជម្រុញជាច្រើនអាចត្រូវបានលុបបំបាត់ ឬកាត់បន្ថយច្រើនតាមរយៈសកម្មភាពទប់ស្កាត់ផងដែរ។

២) ទំរង់នៃអំពើហិង្សា
– ហិង្សាទាក់ទងនឹងយេនឌ័រ ៖ គឺរាល់ការធ្វើឱ្យមានគ្រោះថ្នាក់ ឬឈឺចាប់ដែលធ្វើឡើងប្រឆាំងនឹងស្រ្តីឬក្មេងស្រី បុរសឬក្មេងប្រុស និងធ្វើឱ្យមានផលប៉ះពាល់ទៅលើផ្លូវកាយ ផ្លូវភេទ សុខភាពផ្លូវចិត្តការអភិវឌ្ឍន៍ ឬអត្តសញ្ញាណរបស់បុគ្គលណាមួយ។ មូលហេតុនៃអំពើហិង្សាកើតចេញមក ពីវិសមភាពនៃ អំណាចយេនឌ័រ និងការរើសអើងយេនឌ័រ។
– អំពើហិង្សាក្នុងគ្រួសារ ៖ សំដៅលើអំពើហិង្សា ឬការរំលោភបំពានផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត (រួមមានការប្រមាថមាក់ងាយ ការគំរាមកំហែង និងការដាក់ឱ្យនៅឯកោម្នាក់ឯង) និងផ្នែកជីវភាព សេដ្ឋកិច្ចដែលត្រូវបានប្រព្រឹត្តដោយមនុស្សម្នាក់ (ឬច្រើននាក់) ដើម្បីត្រួតត្រាទៅលើមនុស្សផ្សេងៗទៀតដែលកំពុងរស់នៅក្នុងគ្រួសារនោះ។
– និងអំពើហិង្សាលើស្រ្តី និងក្មេងស្រី ៖ ទង្វើអំពើហិង្សាទាក់ទង និងយេនឌ័រ ដែលនាំឱ្យមានឬដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ឬការឈឺចាប់ផ្លូវកាយ ផ្លូវភេទ ឬផ្លូវចិត្តដល់ស្រ្តី រាប់បញ្ចូលទាំងការគំរាមកំហែង ការបង្ខិតបង្ខំ ឬការដកហូតសេរីភាពរបស់ពួកគេ មិនថាកើតឡើងនៅទៅសាធារណៈ ឬក្នុងជីវិតឯកជននោះទេ។ ម្យ៉ាងវាគឺជាការបង្ហាញយ៉ាងច្បាស់បំផុត នៃវិសមភាពផ្នែកតាមយេនឌ័រ និងការរើសអើងស្រ្តី ជាការរំលោភសិទ្ធិមនុស្ស ដែលផ្នែកលើបទដ្ឋានវប្បធម៌សង្គមជារចនាសម្ព័ន្ធ ដែលបន្តឱ្យស្រ្តី និងក្មេងស្រីបាត់បង់់តួនាទី និងឋានៈក្នុងសង្គមនិងទំនាក់ទំនងអំណាចមិនស្មើភាព។

៣) ប្រភេទអំពើហិង្សា ដែលទាក់ទងនឹងយេនឌ័រមាន ក្នុងគ្រួសារ

  • អំពើហិង្សាផ្លូវកាយ ៖ គឺសំដៅលើការ រុញ ច្រាន វាយដំ ទាត់ធាក់ ទះកំផ្លៀង វាយនឹងវត្ថុ គប់នឹងវត្ថុអ្វីមួយ និងអំពើរផ្សេងទៀតដែលបង្កគ្រោះថ្នាក់។ល។
  • អំពើហិង្សាផ្លូវចិត្ត ៖ គឺសំដៅលើអាកប្បកិរិយាមួយចំនួនដូចជា ស្រែកសំឡុត ជេរ ប្រមាថ ធ្វើឱ្យអាម៉ាស់ រិះគន់ គំរាមកំហែង និងការប្រើពាក្យអសរុះណាមួយ ។ល។
  • អំពើហិង្សផ្លូវភេទ ៖ ការបង្ខំឱ្យរួមភេទ ការចាប់រំលោភ បទប្រទូស្ត្កកេរ្តខ្នាស ការបង្ខំឱ្យរៀបការ ឬរុកកួនផ្លូវភេទ។ល។

៤) អំពើហិង្សាផ្នែកជីវភាពសេដ្ឋកិច្ច ៖ ការបដិសេធមិនឱ្យដៃគូគ្រប់គ្រងធនធានសំខាន់ដូចជា ៖

  • ការមិនផ្តល់ថវិកា បំផ្លិចបំផ្លាញទ្រព្យ
  • ការមិនជួយផ្នែកហិរញ្ញវត្ថុ
  • ការបិតសិទ្ធិសេរីភាពក្នុងការរកប្រាក់ចំណូល។ល។

៤) មូលហេតុដែលបង្កអំពើហិង្សាលើស្រ្តី

  • ចង់បានអំណាច និងការត្រួតត្រាលើសមាជិកគ្រួសារ។
  • ចង់ឱ្យគេគោរពកោតខ្លាច និងធ្វើតាមតម្រូវការរបស់ខ្លួន។
  • ចង់បង្ហាញថា ខ្លួនជាមនុស្សខ្លាំងពូកែ។
  • ខ្វះវិធីគ្រប់គ្រងកំហឹងរបស់ខ្លួន។
  • ខ្វះទឹកចិត្តមេត្តាឬអធ្យាស្រ័យដល់អ្នកដទៃ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក៏មានករណីហិង្សាលើស្រ្តី ដោយចេញពីការមានវិបត្តិផ្នែកហិរញ្ញវត្ថុផងដែរ ក្នុងដំណាក់កាលពិភពលោកកំពុងជួបវិបត្តិកូវី១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានវិបត្តិយ៉ាងធ្ងនធ្ងរ ប្រទេសកម្ពុជាក៏មិនខុសគ្នាដែរ។ អំពើហិង្សាបានកើតឡើង បន្ទាប់ពីគ្រួសារមួយចំនួន រកប្រាក់ចំណូលមិនបាន ធ្វើឱ្យប៉ះពាល់អារម្មណ៍ និងផ្លូវចិត្ត តប់ប្រម៉ល់ ដូចនេះក្នុងគ្រួសារខ្លះមិនអាចទប់នៃភាពតានតឹងនេះបាន ដែលជាហេតុឱ្យមានអំពើហិង្សាមួយចំនួនកើតឡើង៕

អត្ថបទសរសេរ ដោយ