ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់ ​ជុំវិញយក​ទូកង​ដាក់​លើ​​មេដំបូល​​កុដិ​​​វត្ត​​ទឹក​ថ្លា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ​ ដែល​បងប្អូន​អ្នកដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ីមាន​ច​ម្ង​ល់​ដោយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​ការ​យក​ទូកង​ទៅ​ដាក់​នៅ​លើ​មេដំបូល​កុដិ​ព្រះ​ចៅអធិការ​វត្ត​ទឹកថ្លា​ដែល​កំពុង​សាងសង់ ។ តាម​ទិដ្ឋភាព​នេះ​ពិតជាកម្រ​បានឃើញ​ណាស់ ។ ដោយសារ​តែ​ការ​ព្យាយាម​ពី​អ្នករាយ​ការណ៍​ព័ត៌មាន នៅ​ទីបំផុត​ក៏​បាន​ទទួល​ការ​បកស្រាយ​ពី​បញ្ហា​ខាងលើ…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ​ ដែល​បងប្អូន​អ្នកដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ីមាន​ច​ម្ង​ល់​ដោយ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ជុំវិញ​ការ​យក​ទូកង​ទៅ​ដាក់​នៅ​លើ​មេដំបូល​កុដិ​ព្រះ​ចៅអធិការ​វត្ត​ទឹកថ្លា​ដែល​កំពុង​សាងសង់ ។ តាម​ទិដ្ឋភាព​នេះ​ពិតជាកម្រ​បានឃើញ​ណាស់ ។ ដោយសារ​តែ​ការ​ព្យាយាម​ពី​អ្នករាយ​ការណ៍​ព័ត៌មាន នៅ​ទីបំផុត​ក៏​បាន​ទទួល​ការ​បកស្រាយ​ពី​បញ្ហា​ខាងលើ ។

សូម​អស់​លោក​អ្នក​អាន​តាមដាន​ដូច​ខាងក្រោម​នេះ ។

វត្ត​ទឹកថ្លា​ជា​វត្ត​មួយ ​ស្ថិត​នៅ​ក្នុង​ចំណោម​វត្ត​ប្រមាណ​១៥០ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​វត្ត​មហានិកាយ និង​វត្ត​ធម្មយុត្តិកនិកាយ ហើយ​គ្រប់​ទី​អារាម​កំពុង​តែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ គួរ​ឱ្យ​កត់សម្គាល់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​នៅ​លើដំបូល​កុដិ​មួយ​ដ៏​ខ្ពស់ត្រដែត មាន​រូប​ទូកង ត្រូវ​បាន​ដាក់​បណ្តែត​នៅ​លើ​មេ​ដំបូល។

វត្ត​ទឹកថ្លា​​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលណា​គេ​ធ្វើ​ដំណើរ​តាម​បណ្តោយ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​ស្ពាន​អាកាស​៧​មក​រា ក្បែរ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ទៅ​ទិស​ខាងលិច ប្រមាណ​១​គីឡូម៉ែត្រ​ហួស​ផ្សារ​ទឹកថ្លា​បន្តិច​នៅ​ខាងស្តាំ​ដៃ គេ​នឹង​ឃើញ ខ្លោងទ្វារវត្ត​ទឹកថ្លា​យ៉ាង​ធំ​ស្គឹ​ម​ស្កៃ​ឈរ​ត្រដែត ដែល​ពោរពេញ​ទៅ​ដោយ​ក្បាច់ក្បូរ​រចនា​តាម​ប្រពៃណី​និង​ទំនៀប​ទម្លាប់​នៃ​ព្រះពុទ្ធ​សាសនា ។

នៅ​ពេល​ចូល​ទៅ​ក្នុង​បរិវេណ​វត្ត គេ​ឃើញ​ព្រះ​វិហារ​នៅ​ខាងស្តាំ​ដៃ និង​នៅ​ចំ​ពីមុខ​(​ផ្នែក​ខាងជើង​) មាន​សាលាឆទាន​ធំ​មួយ ដែល​ទើបតែ​សាងសង់​រួចរាល់ ដែល​មាន​តម្លៃ ប្រមាណ​កន្លះ​លាន​ដុល្លារ ។ ដោយឡែក​ នៅ​ខាងឆ្វេង​ដៃ គេ​ឃើញ​កុដិ​ធំ​មួយ ដែល​ជា​កុដិ ព្រះ​ចៅអធិការ ទើបតែ​សាងសង់​មិន​ទាន់​រូ​ចរាល់​នៅឡើយ​នោះ​ទេ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​នោះ គឺ​កុដិ​ដ៍​ធំ​នេះ​ពោ​ពេញ ទៅ​ដោយ​ក្បាច់រចនា និង​មាន​បំពាក់​នាវា​ត្រៃលក្ខណ៍​ដែល​អ្នកខ្លះ​យល់​ច្រឡំ​ថា «​ទូកង​»​ដ៏​ធំ​មួយ​អណ្តែត​នៅ​ពីលើ​មេដំបូល ។

ជុំវិញ​ច​ម្ង​ល់​និង​ការ​ចាប់អារម្មណ៍​ពី​សាធារណជន​នេះ អ្នករាយការណ៍​កោះសន្តិភាព​ក៏​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព និង​បាន​ជួប​សាកសួរ​ព្រះ​ចៅអធិការ​វត្ត ដើម្បី​ចង់​ដឹង​រឿង​យក​ទូកង​ដាក់​លើដំបូល ។ ហើយ​មូលហេតុ​អ្វី​បានជា​ព្រះ​ចៅអធិការ​វត្ត បាន​រំលេច​រូប​ទូកង​នេះ ។ ការ​ពិត​ព្រះ​អង្គ​មាន​សង្ឃដីកា​ថា​មិនមែន​ជា​ទូកង​ទេ តែ​ជា « នាវា​ត្រៃ​លក្ខណ៍ » ។

ព្រះ​ញាណ​ឧត្តម គង់ សារី​រាជា គណៈ​ថ្នាក់​កិត្តិយស ព្រះ​វិន័យធរ អនុគណ​ខណ្ឌ​សែន​សុខ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ទឹកថ្លា​បាន​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា រូប​ដែល​មាន​សណ្ឋាន​ដូច​ទូកង​នោះ គី​ជា​«​នាវា​ត្រៃលក្ខណ៍​» មិនមែន​ជា​ទូកង​ទេ ញោម ។ រូប​នាវា​នោះ​ធ្វើ​ពី​បេតុង​មាន​ប្រវែង​២៨​ម៉ែត្រ និង​មាន​ទទឹង​១​ម៉ែត្រ ស្រួច​មុខក្រោយ ដោយ​មាន​ទុយោ​បង្ហូរទឹក​កុំឱ្យ​ដក់ ទោះ​ភ្លៀង​តូច​ធំ​យ៉ាងណា​ក៏​អត់​មាន​ដក់​ទឹក​ដែរ​។ ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា នាវា​ត្រៃលក្ខណ៍​តំណាង​ឱ្យ​អនិច្ចំ ទុក្ខំ អនត្តា គឺ​សេចក្តី​មិន​ទៀង វា​មិនមែន​ជា​របស់​ខ្លួន​នោះ​ទេ ។ នាវា​ត្រៃលក្ខណ៍ សម្រាប់​ផ្ទុក​នូវ​ព្រះ​ធម្ម​វិន័យ​ទាំងឡាយ​ក្នុង​ព្រះពុទ្ធ​សាសនា ។

ព្រះ​អង្គ​ចៅអធិការ ក៏​បាន​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ទៀត​ថា កុដិ​ព្រះ​អង្គ​បាន​សាងសង់​ឡើង ប្រមាណ​៦ ​ទៅ​៧​ឆ្នាំ​មក​ហើយ​អស់​ថវិកា​ប្រមាណ៦០​ម៉ឺន​ដុល្លារ សាងសង់​ជិត​រួចរាល់​ហើយ​បាន​ប្រមាណ​៩០​ភាគរយ ។ ក្រៅពី​សមិទ្ធផល កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​«​វត្ត​ទឹកថ្លា​» មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​គត់​សម្គាល់ រួម​ជាមួយ​សមិទ្ធផល​ជា​ច្រើន​ទៀត​ដូច​ជា សាលាឆទាន​យ៉ាង​ធំ និង​ខ្លោងទ្វារវត្ត​សម្រាប់​បម្រើ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ជាដើម​។ ព្រះ​ញាណ​ឧត្តម គង់ សារី មាន​សង្ឃដីកា​ឱ្យ​ដឹង​ទៀត​ថា សមិទ្ធផល សាលា​ឆទាន បាន​សាងសង់​រួចរាល់​អស់​ទឹកប្រាក់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ដែល​ការ​សាងសង់​នោះ​ចំណាយ​អស់​រយៈពេល​ប្រមាណ​៨​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១០ និង​រួចរាល់​នៅ​ឆ្នាំ​២០១៨ ។

ក្រៅពី​នោះ​មាន​សមិទ្ធផល​ខ្លោងទ្វារវត្ត​ដែល​បាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០១៦ ចំណាយ​អស់​ប្រមាណ​៦​ម៉ឺន​ដុល្លារ ។ ខ្លោងទ្វារវត្ត​ដ៏​ធំ​ស្គឹ​ម​ស្កៃ​នេះ បាន​សង់​ឡើង និង​មាន​រចនា​បទ ប្រាសាទបន្ទាយស្រី ។ សមិទ្ធផល​ទាំងនេះ បានក​កើតឡើង ដោយ​មានការ​ជំនឿ​ទុកចិត្ត​ពី​ពុទ្ធបរិស័ទ ទាំង​ក្រៅ​និង​ក្នុង​ប្រទេស​ដែល​មាន​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា សាង​នូវ​បុណ្យ​កុសល​សម្រាប់​ខ្លួន និង​មាតា បិតា​ជីដូន​ជីតា​និង​ញាតិ​តា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ដើម្បី​កប់​ទុក​ក្នុង​ពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ៕​

អត្ថបទសរសេរ ដោយ