ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ កុំ​ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​សោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មានការ​ចម្លង​បន្ត​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ការ​រុករក​ស្រាវជ្រាវ កំពុង​តែ​ត្រូវ​បាន​ធ្វើ​យ៉ាង​សកម្ម​នោះ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឱ្យ​គ្រប់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍…

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មានការ​ចម្លង​បន្ត​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ការ​រុករក​ស្រាវជ្រាវ កំពុង​តែ​ត្រូវ​បាន​ធ្វើ​យ៉ាង​សកម្ម​នោះ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឱ្យ​គ្រប់​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​» ទាំងអស់ ជា​ពិសេស​អ្នក​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ដែល​ធ្វើការ​នៅ​ធនាគារ​កា​ថេ (​ផ្លូវ​សម្ដេច​ប៉ាន​) និង​ធនាគារ​ចិន (​អាគារ​កា​ណា​ឌី​យ៉ា ផ្លូវ​ព្រះ​មុនី​វង្ស​) ក្នុង​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​សណ្ឋាគារ ឬ​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​តាម​ខេត្ត ឱ្យ​បាន​គ្រប់​ចំនួន​១៤​ថ្ងៃ និង​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​កុំឱ្យ​ចម្លង​ទៅ​អ្នក​ដទៃ​ឱ្យ​បាន​ត្រឹម​ត្រូវជា​ទីបំផុត ទៅ​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ហើយ​កុំ​ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងអំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឱ្យ​សោះ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​កុំឱ្យ​មានការ​រាតត្បាត​នៅ​ក្នុង​សហគមន៍ ។

អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មាន​បន្ទុក​ទទួលខុសត្រូវ លើ​ការ​ចាត់ចែង​គ្រប់គ្រង និង​តាមដាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ដោយ​បុគ្គល​ម្នាក់​ៗ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន ក្នុង​ការ​រក្សា​ការពារ​ខ្លួន​កុំឱ្យ​មានការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ មក​ខ្លួនឯង ទៅ​អ្នក​ដទៃ និង​នៅ​ក្នុង​សហគមន៍ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​លោក​អ្នក​ក្រុម​គ្រួសារ​លោក​អ្នក និង​សហគមន៍​បាន​ចៀស​ផុត​នូវ​ការ​ឆ្លង​ជំងឺ​ដ៏ កាច​សាហាវ​នេះ ។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូម​បន្ត​ការ​រស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុង​ករណី​ចាំបាច់​) ជា​ពិសេស​នៅ​ក្នុង​កាលទេសៈ​នេះ សូមកុំ​ដើរ​ចេញ​ក្រៅ​ផ្ទះ បើ​មិន​ចាំបាច់ តែបើ​អាក់​ខានមិនបាន​ពេល​ចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជា​និច្ច ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​មួយ​អាល់ កុ​ល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យ​បាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិន​បាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃមុខ​មាត់​របស់​ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម ។

សូម​បញ្ជាក់ ៖ គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ