ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ប្រឆាំង​កូ​វី​ដ​-១៩ ​រួម​គ្នា​ជា​ការ​ល្អ តែ​មិន​គួរ​ប្រទេស​ណាមួយ​ឆ្លៀត​​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណាមួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀបវារៈ ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណាមួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀបវារៈ ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ទេ ។

យោង​តាម​សុន្ទរកថា គន្លឹះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​សម័យប្រជុំ​ពិសេស​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដី​ពី «​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩» ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ក្នុង​ការ​ស្នើ​ឱ្យ​មាន​សម័យប្រជុំ​ពិសេស​ស្តី​ពី «​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩» នេះ ដើម្បី​ប្រមូលផ្តុំ​ការ​ឆ្លើយ​តប​ជា​រួម និង​សកល​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។

សម្តេច​បន្ត​ថា មក​ដល់​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​-១៩ បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​សែន​នាក់​បាត់បង់​ជីវិត ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​ក្នុង​ន័យ​នេះ​, កម្ពុជា​យល់​ឃើញ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណាមួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ​» ។ សម្តេច​បាន​លើក​ឡើង​ថា ខណៈ​ដែល​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួក​គេ​លើ​សមត្ថភាព​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ សាមគ្គីភាព និង​ឯកភាព​គ្នា​ក្នុង​តំបន់ និង​ជាស​កល គឺជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​បែប​នេះ ។ បន្ថែម​លើ​នេះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែប​នេះ​ទាមទារ​នូវ​ការ​សម្រេចចិត្ត​រួម​គ្នា​ប្រកបដោយ​ភាព​ហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​ការ​គោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព​របស់​រដ្ឋ​នីមួយ​ៗ ទោះជា​រដ្ឋ​នោះ ធំ ឬ​តូច​, មាន ឬ ក្រ ក៏​ដោយ , ដោយ​មាន អ​សប និង​អង្គការ​សុខភាព​ពិភពលោក​ជា​ស្នូល ។

សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​គូសបញ្ជាក់​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់ អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ក្នុង​កិច្ច​ប្រឹង ប្រែង​ជាស​កល​ចំពោះ​ការ​ឆ្លើយ​តប និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ ។ លើស​ពី​នេះ​ទៀត​, កម្ពុជា ក៏​សូម​គូសបញ្ជាក់​អំពី​សារៈសំខាន់ និង​ភាព​ចាំបាច់​បំផុត​សម្រាប់​ការ​ធានា​ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​រក​ឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល​ដែល​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់ និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្សធម៌​ទៅ​ដល់​គ្រប់​ប្រទេស​ទាំងអស់ ជា​ពិសេស ចំពោះ​ប្រទេស​ដែល​ងាយ​រង​-​គ្រោះ​បំផុត ។

ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ​អាច​នឹង​បញ្ចប់​ទៅ​នា​ពេល​អនាគត​ខ្លី​ខាង​មុខ ប្រទេស​ទាំងអស់​នឹង​នៅ​តែ​ត្រូវ​ដោះស្រាយ​បន្ត​ទៀត​នូវ​បញ្ហា​ប្រឈម​ក្នុង​ដំណាក់កាល​នៃ​ការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​» ។ សម្តេច​បន្ថែម​ថា ជា​ការ​ពិត​ជំនួយ​អាច​ជា ចំណែក​តូច​មួយ​នៃ​ការ​ស្តារ​នេះ​ក៏​ប៉ុន្តែ​កត្តា ដែល​សំខាន់​មិន​អាច​ខ្វះ​បាន គឺ​ការ​បន្ត​រក្សា​បាន​នូវ​យន្តការ​ពហុភាគី​និយម​សកលភាវូបនីយកម្ម​និយម​ពាណិជ្ជ​សរី​ភាវូបនីយកម្ម​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការ​វិនិយោគ​ទេសចរណ៍​អន្តរជាតិ និង ការ​ធ្វើ​ដំណើរ​ជា​ទូទៅ ។

ក្នុង​ន័យ​នេះ​, កម្ពុជា​គាំទ្រ​ពេញទំហឹង​នូវ​គំនិត​ផ្តួចផ្តើម​របស់​អគ្គលេខាធិការ អ​សប អំពី​ការ​បង្កើត​មូលនិធិ អ​សប សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​រៀបចំ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ ដែល​ត្រូវ​បាន​ដាក់​ចេញ​កាលពីដើម​ឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ