អូស្ត្រាលី ៖ យោងតាមការចុះផ្សាយពីគេហទំព័រ Dailymail បានឱ្យដឹងថា បុរសជនជាតិវៀតណាម វ័យ៤០ឆ្នាំម្នាក់ កំពុងត្រូវបានអាជ្ញាធរប្រទេសអូស្ត្រាលីបើកការស៊ើបអង្កេត បន្ទាប់ពីរកឃើញថា បុរសរូបនេះបានផ្តល់មេជីវិតឈ្មោលក្រៅផ្លូវការទៅដល់ប្តីប្រពន្ធជាច្រើន ដោយបានបង្កើតកូនចំនួន២៣នាក់ ក្នុងរយៈពេលមួយឆ្នាំតែប៉ុណ្ណោះ។
លោក Alan Phan ដែលរស់នៅក្នុងទីក្រុងប្រ៊ីសបាន (Brisbane) ប្រទេសអូស្ត្រាលី បច្ចុប្បន្នមានកូនចំនួន ២នាក់ជាមួយប្រពន្ធរបស់គាត់ ត្រូវបានរកឃើញថា បានផ្តល់មេជីវិតឈ្មោលដោយផ្ទាល់ដល់ប្តីប្រពន្ធគ្មានសមត្ថភាពផ្តល់កំណើតកូន ក៏ដូចជាតាមរយៈការបរិច្ចាគទៅដល់គ្លីនិកមួយចំនួន ដែលបានចុះបញ្ជីត្រឹមត្រូវ។
យ៉ាងណាមិញ ឥលូវនេះគាត់កំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរពាក់ព័ន្ធនឹងសុខភាពបន្តពូជ (VARTA) ដែលគ្រប់គ្រងលើម្ចាស់ជំនួយដែលបានចុះបញ្ជី។ គ្លីនិកជាច្រើនបានប្រាប់អាជ្ញាធរថា Alan Phan បានបរិច្ចាគមេជីវិតឈ្មោលក្រៅបញ្ជីរបស់ពួកគេ ហើយប្រហែលជាបានជួយបង្កើតកូនឱ្យអ្នកដទៃច្រើនជាងការអនុញ្ញាត។
តាមច្បាប់របស់រដ្ឋ Victoria ដែលជារដ្ឋសហព័ន្ធមួយនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី បានចែងថា បុរសគ្រប់អាយុទាំងអស់ ត្រូវបានអនុញ្ញាតឱ្យផ្តល់មេជីវិតឈ្មោលបានត្រឹម ១០គ្រួសារតែប៉ុណ្ណោះ ដោយក្នុងនោះរួមទាំងគ្រួសាររបស់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ