រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់ផលិតផលតាមអនឡាញម្នាក់ ដែលគេបានស្គាល់ឈ្មោះថា ឡាវ រីយ៉ា (Love Riya) នៅព្រឹកថ្ងៃទី៣ ធ្នូ នេះ បានចូលសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សីឲ្យស្ត្រីឈ្មោះ ទ្រី សុផានិត ដែលមានរឿងក្តីក្តាំជាមួយបងប្អូនបង្កើត ដើម្បីបំភ្លឺជូនចៅក្រមស៊ើបសួរ ។
បើទោះបីក្នុងនាមជាសក្សីក្តី ស្ត្រីឈ្មោះ ឡាវ រីយ៉ា ក៏មានមេធាវីម្នាក់ជូនដំណើរចូល
ទៅជួបលោកចៅក្រមស៊ើបសួរដែរ ហើយក្រោយពីចៅក្រមស៊ើអស់រយៈពេលជាច្រើនម៉ោង ស្ត្រី ឡាវ រីយ៉ា បានចាកចេញទៅវិញ ។ ពេលចុះពីបន្ទប់ លោក ហម ម៉េងសែ អនុ ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ ស្ត្រី ឡាវ រីយ៉ា បានដើរសំដៅកាន់រថយន្តទំនើបផ្ទាល់ខ្លួនមួយគ្រឿង ហើយត្រូវបានអ្នកសាព័ត៌មានមួយក្រុម តាមសាកសួរដើម្បីចង់ដឹងពីវត្តមាននៃការឆ្លើយបំភ្លឺរបស់អ្នកស្រីផង នឹងចង់ដឹងរឿងរ៉ាវក្តីក្តាំ រវាងអ្នកស្រី ទ្រី សុផានិត ជាមួយប្អូនស្រី ទ្រី ដាណា នោះផង ប៉ុន្តែអ្នកស្រី ឡាវ រីយ៉ា មិនបាននិយាយអ្វីវែងឆ្ងាយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អ្នកស្រីចូលបំភ្លឺតុលាការក្នុងនាមជាសាក្សីឲ្យមិត្តភក្តិ គឺនាង ទ្រី សុផានិត តែប៉ុណ្ណោះ ។
សូមរំលឹកថា ស្ត្រីអ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីចោទប្រកាន់ថា បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ ស្រីស្អាតរូបនោះ មានឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដែលគេស្គាល់ថា ជាបងបង្កើតរបស់អ្នកស្រី ទ្រី ដាណា មានអាសយដ្ឋានស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីអ្នកលក់ផលិតផលខាងលើ គឺជាការធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងទៀតថា ស្ត្រីឈ្មោះ ទ្រី សុផានិត បានរងនូវការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។
ក្នុងដីកាឲ្យចាប់ខ្លួនបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានតុលា ការបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺនៅពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជននោះបានយកលេសដោះសារថា មិនអាចចូលទៅបង្ហាញខ្លួនបានដោយបញ្ហាសុខភាព (ផ្តាសាយធំ) តែការពិតស្រីស្អាតបានសំងំលាក់ខ្លួនបង្ហោះលក់ផលិតផល លើសង្គមហ្វេសប៊ុកជាហូរហែរាល់ថ្ងៃ ។ ទោះជាយ៉ាងណាក្តីសមត្តកិច្ចបាន នឹងកំពុងត្រៀមឯកសារពាក់ពន្ធ បញ្ជូនស្ត្រីស្រស់រូបស្អាតម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលនេះ ។
វេលាម៉ោង២ និង១៥ នាទីរសៀលថ្ងៃដដែលសមត្ថកិច្ច បានបញ្ជូនស្ត្រីឈ្មោះ ទ្រី សុផានិត ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ខណៈនោះគេបានសង្កេតឃើញស្ត្រីជាប់សង្ស័យ ចុះពីលើរថយន្តនគរបាលហើយស្រាប់តែសាច់ញាតិ បានយកកូនតូចម្នាក់ឲ្យជួបម្តាយ(ទ្រី សុផានិត) ។ ក្នុងដំណើរចេញពីរថយន្តចូលក្នុងបរិវេណតុលាការ អ្នកស្រី ទ្រី សុផានិត អោបកូនស្រែកទ្រហោយំ បានធ្វើឲ្យភ្ញាក់ផ្អើលដល់មន្ត្រីសាលាដំបូង នឹងភ្ញៀវនៅទីនោះ ។
គេបានសង្កេតឃើញអ្នកស្រី ទ្រី សុផានិត អោបយំរហូតដល់គាំងបេះដូង ធ្វើឲ្យសមត្ថកិច្ចនាំអ្នកស្រីទៅប្រគល់ជូនលោកចៅក្រម ដើម្បីសាកសួរក្នុងដំណើររឿងតាមតែការចោទប្រកាន់នោះមិនបាន ដូច្នោះ សមត្ថកិច្ចបានសម្រេចយកជនសង្ស័យទៅក្រសួងមហាផ្ទៃវិញ ។