រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ឃើញប្រពន្ធផឹកស៊ីជាមួយមិត្តភក្តិប្រុសស្រី ក៏ណែនាំកុំឱ្យផឹកស៊ីទៀត តែនាងមិនស្តាប់ និងតមាត់ ក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធហើយវាយនាងបីដៃ ធ្វើឱ្យប្រពន្ធខឹងបីកូនប្រុសម្នាក់ទៅចោលប្តីនិងកូនស្រីតូចៗ២នាក់ អស់រយៈពេលជាង១ខែ មិនទាន់ឃើញវិលត្រឡប់មកវិញ ទើបបុរសជាប្តីមកប្តឹងសមត្ថកិច្ចនិងអ្នកសារព័ត៌មានឲ្យជួយរកប្រពន្ធ កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្តីខាងលើឈ្មោះ ចាប សុជាតិ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។ចំណែកប្រពន្ធឈ្មោះ តាំង ម៉ីម៉ី ហៅអាហុង អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភ្នំពេញ ជាកូនកំព្រា ។
តាមការរៀបរាប់បុរសជាប្តីបានអោយដឹងថា រូបគាត់និងប្រពន្ធបានរួមរស់ជាមួយគ្នាអស់រយៈពេល១១ឆ្នាំមកហើយ មានកូនចំនួន៣នាក់ ក្នុងនោះកូនស្រីតូច២នាក់ និងកូនប្រុសម្នាក់ទើបតែអាយុ៦ខែ ។
បុរសជាប្តីបានបញ្ជាក់ថា តាំងពីដើមមក ប្រពន្ធរបស់គាត់នៅតែផ្ទះមើលថែកូន ។ មុនថ្ងៃប្រពន្ធរត់ចេញពីផ្ទះ គាត់បានឃើញប្រពន្ធចេះផឹកស៊ីជាមួយមិត្តភក្ដិស្រីប្រុសជាច្រើនថ្ងៃ បន្ទាប់មកគាត់ក៏បានណែនាំជាច្រើនដងមកហើយកុំឲ្យផឹកស៊ី តែប្រពន្ធមិនស្តាប់ និង.តមាត់គាត់ដោយប្រើពាក្យសម្ដីមិនសមរម្យ ធ្វើឲ្យគាត់ទ្រាំមិនបានក៏វាយពីរបីដៃ ស្រាប់តែប្រពន្ធខឹងចាក់សោបន្ទប់មិនអោយគាត់ចូលផ្ទះអស់មួយយប់ លុះព្រឹកឡើងគាត់បានចេញទៅធ្វើការសំណង់បាត់ ដោយមិនបានចាប់អារម្មណ៍ថា ប្រពន្ធខឹងគាត់ដល់ថ្នាក់រត់ចោលគាត់ ដោយយកកូនប្រុសម្នាក់ទៅជាមួយ និងទុកកូនស្រី២នាក់នៅផ្ទះឡើយ។ លុះពេលគាត់ត្រឡប់មកពីធ្វើការវិញក៏ស្រាប់តែបាត់ប្រពន្ធ ឃើញតែកូនស្រី២នាក់នៅផ្ទះយ៉ាងកណ្តោចកណ្តែង ។
បុរសជាប្តីបានបន្តទៀតថា បន្ទាប់ពីប្រពន្ធរត់ចោលគាត់ រហូតមកដល់ពេលនេះអស់រយៈពេលជាងមួយខែមកហើយ គាត់បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកប្រពន្ធគាត់ តែរកមិនឃើញទៀត រាល់ថ្ងៃគាត់មិនបានទៅធ្វើការនោះទេ គឺនៅមើលកូនស្រីតូច២នាក់ ដែលអត់មានអ្នកមើល ធ្វើឲ្យជីវភាពរបស់គាត់ទីទ័លក្រតែម្តង ។
ជាចុងក្រោយ បុរសជាប្តីបានសំណូមពរដល់ប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញផង ព្រោះកូនស្រីទាំង២នឹកម្តាយគេខ្លាំងណាស់ ។ ចំពោះកំហុសឆ្គងដែលគាត់បានធ្វើទៅលើប្រពន្ធ គាត់នឹងកែខ្លួន ហើយមិនប្រកាន់ខឹងនឹងប្រពន្ធទៀតទេ សូមឲ្យតែប្រពន្ធត្រឡប់មកផ្ទះវិញ ជួយមើលកូន ទើបគាត់អាចទៅធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារ ៕ (កែសម្រួលដោយ ៖ ធីតា)