ខេត្តកណ្ដាល ៖ រយៈពេលជាច្រើនឆ្នាំមកនេះ គ្រួសារមួយកំពុងបានទទួលលាភពីផ្ទះរបស់ខ្លួន នូវប្រាក់ចំណូលជារៀងរាល់ខែទៀតផង ។ នោះ គឺផ្ទះបុិត១ខ្នង របស់ពួកគាត់ ដែលផ្ទះនេះជាម៉ូដខ្មែរបុរាណ មានវ័យចំណាស់និងមានអាយុកាលជាង៤០ឆ្នាំកន្លងមកហើយ ចាប់តាំងពីពេលសាងសង់រហូតមកដល់សព្វថ្ងៃនេះ ។
ដោយសារតែផ្ទះម៉ូដបុរាណ គួបផ្សំជាមួយទីធ្លាធំទូលាយ មានព្រៃរបោះស្ថិតនៅពីខាងក្រោយផ្ទះផង បានទាក់ទាញផលិតកម្មទាំងតូច ធំជាច្រើនក្រុមមានការចាប់អារម្មណ៍ ហើយបានទំនាក់ទំនងជាមួយម្ចាស់ ជួលធ្វើជាកន្លែងសម្រាប់ថតខ្សែភាព
យន្តរឿងភាគ រឿងខ្លី ចម្រៀងកាយវិការ កំប្លែង ស្ប៉ត និងឈុតឆាកផ្សេងៗទៀតជាបន្តបន្ទាប់ ។
ចំណែកម្ចាស់ផ្ទះវិញក្រោយពីមានផលិតកម្មនានាមានការចាប់អារម្មណ៍ សំរុកទៅជួលផ្ទះថតជាហូរហែបែបនេះ គាត់ក៏បានបែកគំនិតច្នៃប្រឌិតរៀបចំសង់កូនផ្ទះតូចៗ តាមបែបបុរាណជាច្រើនខ្នងបន្ថែមទៀត ធ្វើអំពីឈើប្រក់ស្លឹកត្នោតឬស្បូវ បិទបាំងជញ្ជាំងស្លឹកត្នោត និងតុបតែងលម្អដោយសម្ភារៈផ្សេងៗ តាមបែបបុរាណដូចជាទ្រូ ឈ្នាង កញ្ជើ ល្អី រទេះគោ ក្អម បំពង់ទឹកត្នោត និងរបស់របរជាច្រើនមុខទៀតបន្ថែមនូវការទាក់ទាញថែមទៀត សម្រាប់ឲ្យផលិតកម្មទាំងអស់ ជួលថតតាមចំណង់ចំណូលចិត្ត ហើយក៏ទទួលបានការសរសើរពីម្ចាស់ផលិតកម្មនិងមហាជនចំពោះគំនិតច្នៃប្រឌិតរបស់ម្ចាស់លំនៅឋានបុរាណផងដែរ ។
ផ្ទះដែលនាំលាភសំណាងជូនដល់ម្ចាស់ខាងលើនេះ មានទីតាំងស្ថិតនៅខាងជើងឆៀងខាងលិចភ្នំប្រសិទ្ធិ៍ត្រ័យត្រឹង្ស ភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលមានម្ចាស់ឈ្មោះ គង់ រ៉ា ហៅលោកគ្រូ រ៉ា ហើយគាត់ក៏មានមុខរបរជាចុងភៅធ្វើម្ហូបក្នុងមង្គលការ ឬពិធីបុណ្យទានផ្សេងៗថែមទៀតផង ។
លោក គង់ រ៉ា បានប្រាប់ឲ្យកោះសន្តិភាពដឹងថា ផ្ទះម៉ូដបុរាណរបស់ខ្ញុំមានទំហំទទឹង៦ម៉ែត្រនិងបណ្ដោយ៨ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿងស្រកាលិញ ដែលម្ដាយក្មេករបស់ខ្ញុំបានសាងសង់ឡើងតាមបែបបុរាណជាម៉ូដផ្ទះប៉ិតដែលមានហោណាំង ក្រោយសម័យប៉ុលពត ដួលរលំ គឺនៅអំឡុងឆ្នាំ១៩៧៩ ដើម្បីស្នាក់នៅ ។ គិតរហូតមកដល់ឆ្នាំ២០២០នេះ មានអាយុកាល៤១ឆ្នាំហើយ ។ ពីមុនខ្ញុំពុំដែលគិតថា ផ្ទះនេះមានផលប្រយោជន៍អ្វីផ្សេងទៀត ក្រៅពីការរស់នៅឡើយ ហើយក៏មិននឹកស្មានថាអាចរកប្រាក់បាន ដោយសារផ្ទះម៉ូដបុរាណនេះទេគឺគិតត្រឹមជាជម្រករស់នៅត្រជាក់ត្រជុំ និងមានសេចក្ដីសុខប៉ុណ្ណោះ ។
ដោយឡែកនៅអំឡុងឆ្នាំ១៩៩៤ ក៏ចាប់ផ្ដើមមានផលិតកម្មនានាទៅថតកុន នៅក្នុងភូមិតាពេជ្រនេះ ប៉ុន្តែពុំបានយកផ្ទះរបស់ខ្ញុំនេះ ធ្វើជាគោលដៅសម្រាប់ថតតែមួយនោះឡើយ គឺផលិតកម្មនានាបានដើរថតតាមផ្ទះអ្នកភូមិត្រង់នេះបន្តិច ត្រង់នោះបន្តិចរួមទាំងផ្ទះរបស់ខ្ញុំនេះផងដែរ ។ គាត់ថាកាលនោះខ្ញុំមិនភ្លេចទេ គឺក្រោយពេលថតចប់១ឈុតឆាកក្នុង១ថ្ងៃៗ ផលិតកម្មទាំងនោះបានឲ្យលុយត្រឹមតែ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់អំឡុងឆ្នាំ១៩៩៨ ទើបមានផលិតកម្មមួយ មានការចាប់អារម្មណ៍លើផ្ទះខ្ញុំខ្លាំង ហើយបានទាក់ទងជួលថតខ្សែភាពយន្តបុរាណខ្មែររឿង «ចៅស្រទបចេក» មុនគេបង្អស់ ។
លោកគ្រូ រ៉ា បានប្រាប់បន្តឲ្យដឹងទៀតថា ដំបូងឡើយ ខ្ញុំទទួលបានថ្លៃឈ្នួលពី២០ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ ក្នុង១ថ្ងៃៗ ប៉ុន្តែទោះជាបែបណា ខ្ញុំក៏ពុំបានកំណត់ថាទាល់តែបានថ្លៃប៉ុណ្ណេះឬថ្លៃប៉ុណ្ណោះ ទើបខ្ញុំព្រមជួលឲ្យចូលថតនោះទេ គឺធ្វើយ៉ាងណាសុំត្រឹមតែបានកម្រៃសមរម្យ និងលទ្ធភាពដែលផលិតកម្មអាចទៅរួចបានដើម្បីបានរស់ទាំងអស់គ្នា ។ ចាប់តាំងពីពេលនោះមក ម៉ូដផ្ទះប៉ិតកាន់តែល្បី ហើយក៏មានផលិតកម្មច្រើនចាប់អារម្មណ៍នាំគ្នាទៅទាក់ទងជួលថតជាបន្តបន្ទាប់ និងបានឲ្យថ្លៃឈ្នួលឡើងច្រើនជាងមុន ដោយក្នុងថ្ងៃខ្លះបាន៦០ទៅ៧០ដុល្លារ ។ គាត់ថាជួនកាល១០០ដុល្លារទៅតាមផលិតកម្មតូចឬធំដែរ ។
ជាងនេះទៀត ផលិតកម្មខ្លះដែលថតរឿងហើយទៅថតញឹកញាប់ បានគិតឲ្យគាត់ក្នុង១រឿងពី៣០០ទៅ៥០០ដុល្លារ ។ និយាយជារួម ជាមធ្យមក្នុង១ខែមានផលិតកម្មទៅជួលផ្ទះរបស់ខ្ញុំថតពី៥ទៅ៦ដងដែរ ។ ម្ចាស់ផ្ទះរូបនេះបាននិយាយទៀតថា អ្នកដែលទៅថត ច្រើនជាងគេគឺផលិតកម្មថោន និងក្រុមកំប្លែងរបស់ស្ថានីយទូរទស្សន៍CTN ដែលមាននាយពែកមី BIG នាងខ្ញុង និងតារាក្នុងក្រុមរបស់គាត់ជាច្រើនទៀត ហើយដោយសារតែខ្ញុំគឺជាចុងភៅស្រាប់ផងនោះ ឲ្យតែពេលទៅថតម្ដងៗក្រុមការងារផលិតកម្មទាំងនោះតែងបានកុម្ម៉ង់ឲ្យខ្ញុំធ្វើម្ហូបជូនរាល់លើក ។
ដោយនៅក្នុងការធ្វើម្ហូបនោះទៀតសោតខ្ញុំគ្រាន់តែបញ្ចេញកម្លាំងពលកម្មនិងស្នាដៃក្នុងនាមរូបខ្ញុំជាចុងភៅប៉ុណ្ណោះ ។ ចំណែកត្រី សាច់ បន្លែសម្រាប់ធ្វើម្ហូប គឺផលិតកម្មជាអ្នកចេញលុយទិញរួចជួលឲ្យខ្ញុំធ្វើ ហើយរាល់ពេលធ្វើម្ហូបម្ដងៗ ពួកគាត់បានជូនថ្លៃពលកម្មមកខ្ញុំចំនួន៤០ដុល្លារផងដែរ ។ ទោះជាបែបណា លោក គង់ រ៉ា ក៏បានត្អូញត្អែរផងដែរថា កាលពីអំឡុងពេលដែលជំងឺកូវីដផ្ទុះឡើងខ្លាំង ថ្វីដ្បិតតែប្រទេសកម្ពុជាយើងមានអ្នកឆ្លងតិចតួច ហើយគ្មានអ្នកស្លាប់នោះ ប៉ុន្តែហាក់មានការស្ងប់ស្ងាត់ភ្ញៀវមួយរយៈពេលមកហើយ ពុំមានផលិតកម្មណាទៅទាក់ទងជួលថតឡើយ ។
បញ្ហានេះបានធ្វើឲ្យបាត់បង់ប្រាក់ចំណូលមួយផ្នែក ហើយចំណូលនៃការធ្វើចុងភៅ ក៏ពុំសូវមានដែរ ព្រោះអំឡុងពេលផ្ទុះកូវីដនេះហាក់មានការស្ងប់ស្ងាត់គ្រប់កន្លែង ទាំងការជួបជុំ មង្គលការឬបុណ្យទាន ។ លុះក្រោយមកទើបមានមួយៗវិញ ហើយរហូតមកដល់ពេលនេះ គឺមានផលិតកម្មនានាបានទៅទាក់ទងថតជាបន្តបន្ទាប់ដូចដើមវិញបណ្តើរៗហើយ ។
គាត់បានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ក្រោយពីទទួលបានការចាប់អារម្មណ៍ និងទាក់
ទងជួលថតពីសំណាក់ផលិតកម្មកាន់តែច្រើននោះខ្ញុំបានបែកគំនិតច្នៃប្រឌិតសង់កូនផ្ទះតូចៗ ធ្វើពីឈើនិងឫស្សីប្រក់ស្បូវខ្លះប្រក់ស្លឹកត្នោតខ្លះបានជាច្រើនខ្នង ដោយមានការតុបតែងបំពាក់សម្ភារៈផ្សេងៗដូចជាទ្រូ ឈ្នាង បំពង់ទឹកត្នោត កញ្ជើ ល្អី ក្អមរទេះគោជាដើម ដើម្បីបំពេញតម្រូវការរបស់ផលិតកម្មទាំងអស់ ។
គាត់រៀបរាប់ទាំងញញឹមថា មិនតែប៉ុណ្ណោះ ដោយសារតែដីបរិវេណផ្ទះរបស់ខ្ញុំធំទូលាយ មានអនាម័យស្អាត ទើបអាចសង់កូនផ្ទះបានច្រើនខ្នង ហើយខណៈនេះខ្ញុំក៏កំពុងតែបន្តធ្វើការសាងសង់កូនផ្ទះបែបបុរាណខ្មែរនេះ ឲ្យបានមួយចំនួនថែមទៀតផងដែរ ។
ជាចុងក្រោយលោកគ្រូ រ៉ា បានបង្ហាញពីគំនិតផ្ទាល់ខ្លួនថា ខ្ញុំពុំមានគម្រោងរុះរើផ្ទះបុរាណនេះចោល ដើម្បីធ្វើថ្មី ឬកែលម្អអ្វីឲ្យខុសពីទ្រង់ទ្រាយដើមនោះទេ ។ ផ្ទុយទៅវិញគឺមានតែថែរក្សាឲ្យបានល្អគង់វង់យូរអង្វែងទៅមុខទៀតប៉ុណ្ណោះ ព្រោះពេលនេះខ្ញុំបានសាងសង់ផ្ទះថ្មី១ខ្នងរឹងមាំ ស្ថិតនៅក្បែរនោះដើម្បីរស់នៅរួចរាល់ហើយ ។
លោកក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះផលិតកម្មទាំងអស់ ដែលជាម៉ូយជួលផ្ទះរបស់គាត់ថតជាខ្សែភាពយន្តក្ដី ជាឈុតឆាកកំប្លែង ចម្រៀងកាយវិការ និងជាស្ប៉តផ្សេងៗក្ដី តាំងពីដើមរៀងមក ក៏ដូចជាពេលនេះ ដែលគាត់ថ្លែងថា ភ្ញៀវដែលជួលនាំឲ្យខ្ញុំទទួលបានប្រាក់កម្រៃ គ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារដូចសព្វថ្ងៃនេះ ៕