ខេត្តកណ្ដាល ៖ រថយន្តទ្រុងមួយគ្រឿងដឹកអីវ៉ាន់រោងចក្រ ខណៈបើកបរក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តធុនធំ១គ្រឿងទៀតដឹកចំណីសត្វបើកចេញពីផ្លូវបេតុងក្នុងភូមិមួយកន្លែងក្នុងល្បឿនលឿនឆ្លងផ្លូវមិនបានមើលឆ្វេង មើលស្ដាំកាត់ពីមុខទាំងកម្រោល ពេលនោះជាហេតុធ្វើឲ្យរថយន្តទ្រុងនេះវាក់មិនអាចគេចចេញបាន ព្រោះខ្លាចបុកមនុស្សនិងម៉ូតូនៅចិញ្ចើមផ្លូវ ទើបជ្រុលទៅបុកចំចំហៀងខាងក្រោយរថយន្តដឹកចំណីសត្វនោះ បណ្ដាលឲ្យរថយន្តទ្រុងខ្ទេចកាប៊ីនទាំងស្រុង និងក្រឡាប់ទទឹងផ្លូវតែម្ដង ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបរនិងព្រូ ព្រមទាំងអ្នកជិះក្នុងរថយន្តទ្រុងនោះរងរបួសធ្ងន់ធ្ងរអ្វីឡើយ ហើយរថយន្តបង្កមិនបានរងការខូចខាតទេ រួចបានបើករត់គេចខ្លួនបាត់។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែក ស្រុកអង្គស្នួល ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
រថយន្តដែលក្រឡាប់និងរងការខូចខាតខ្ទេចកាប៊ីនទាំងស្រុងខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយពណ៍ស លាយត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-2946 ជាប្រភេទរថយន្តទ្រុងដឹកអីវ៉ាន់រោងចក្រ បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ចំណែករថយន្តបង្កហេតុធុនធំមិនស្គាល់ម៉ាក គ្រាន់តែដឹងថាជារថយន្តដឹកចំណីសត្វ អ្នកបើកបរក៏មិនស្គាល់អត្តសញ្ញាណដែរ។
បុរសអ្នកបើកបររថយន្តទ្រុងពុំបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនទេ តែគាត់បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំដឹកចំណីសត្វបានបើកបរចេញពីផ្លូវបេតុងក្នុងភូមិត្រពាំងក្រសាំងឆ្លងផ្លូវកាត់មុខ។ខណៈនោះរថយន្តដឹកចំណីសត្វមិនបានឈប់រង់ចាំឲ្យរថយន្តគាត់ទៅផុតសិនទេបានឆ្លងទាំងទទឹងទិស ដែលជាហេតុធ្វើឲ្យវាក់ជាន់ហ្វ្រាំងឈប់អត់ទាន់ ហើយក៏អត់ហ៊ានគេចចេញទៅចិញ្ចើមផ្លូវខ្លាំងឡើយ ព្រោះមានសុទ្ធតែម៉ូតូនិងមនុស្ស ដោយខ្លាចបុកឬកិនមនុស្សស្លា.ប់ ទើបជ្រុលទៅបុកចំចំហៀងខាងក្រោយរថយន្តដឹកចំណីសត្វនោះពេញទំហឹង បណ្តាលឱ្យរថយន្តទ្រុងក្រឡាប់តែម្ដង។
តាមប្រភពដដែលបានបន្តថា ពេលនោះសំណាងណាស់ដែលគាត់រួមជាមួយព្រូនិងអ្នកជិះជាមួយពាក់ខ្សែក្រវាត់ត្រឹមត្រូវ ទើបគ្រាន់តែរងរបួសស្រាល ប៉ុន្តែរថយន្តបានខូចខាតកាប៊ីនទាំងស្រុង ចំណែកឯរថយន្តបង្កបានបើកគេចខ្លួនហើយគាត់បានឲ្យព្រូជិះម៉ូតូកង់បីដេញតាមដែរ ហើយឮថាចាប់បានហើយតែគាត់អត់ទាន់ដឹងថាចាប់បាននៅកន្លែងណាទេ។
ក្រោយពេលកើតហេតុ នគរបាលស្រុកអង្គស្នួលបានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរនិងឲ្យម្ចាស់ជួលរថយន្តស្ទូចទៅស្ទូចលើកយករថយន្តនោះចេញពីផ្លូវនិងស្រាវជ្រាវតាមរកឃាត់រថយន្តដឹកចំណីសត្វនោះដើម្បីនាំយកទៅធ្វើការដោះស្រាយតាមច្បាប់ ប៉ុន្តែពុំដឹងថាអាចរកឃើញឬពុំឃើញនៅឡើយ៕ (កែសម្រួលដោយ ៖ ធីតា)