បិទ​កន្លែងផលិតស្រាស និង​តៀមលក់ស្រា​ជាង ២០កន្លែង នៅ​ស្រុកទឹកផុស និងស្រុកបរិបូណ៌ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បិទ​កន្លែងផលិតស្រាស និង​តៀមលក់ស្រា​ជាង ២០កន្លែង នៅ​ស្រុកទឹកផុស និងស្រុកបរិបូណ៌

1 ខែ មុន
  • Kampong Chhnang

(ខេត្តកំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានទីតាំងបិត ឬផលិតស្រាស និងទីតាំងតៀមលក់ស្រាសតាមភូមិ មិនតិចជាង ២០កន្លែងទេ នៅស្រុកទឹកផុស និងនៅស្រុកបរិបូណ៌ ត្រូវបាន​អាជ្ញាធរស្រុកទាំងពីរនេះ…

(ខេត្តកំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានទីតាំងបិត ឬផលិតស្រាស និងទីតាំងតៀមលក់ស្រាសតាមភូមិ មិនតិចជាង ២០កន្លែងទេ នៅស្រុកទឹកផុស និងនៅស្រុកបរិបូណ៌ ត្រូវបាន​អាជ្ញាធរស្រុកទាំងពីរនេះ ចុះធ្វើកិច្ចសន្យា ហើយបិទអាជីវកម្ម​ កាលពីថ្ងៃទី១ និងបន្តនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០​ នេះ​។

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ទីតាំងផលិតស្រា ចំនួន ០៨កន្លែង និងទីតាំងអ្នកលក់ចែកចាយបន្ត ចំនួន ០៦កន្លែង ត្រូវបានអាជ្ញាធរ​ស្រុកបរិបូណ៌ ចុះធ្វើកិច្ចសន្យាជាមួយ​ម្ចាស់ផ្ទះ ហើយ​បិទ ឈប់ឲ្យដំណើរ។ ក្នុងនោះ ស្រាស ចំនួន ១០ កាន ក៏ត្រូវបាន​ដកហូត។

ប្រតិបត្តិការ​ត្រួតពិនិត្យ និងចុះបិទ​កន្លែងបិតស្រា និងតៀម​លក់ស្រា នៅតាមភូមិ​នេះ បានធ្វើឡើង នៅឃុំពពេល ស្រុកបរិបូណ៌ កាលពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយ​លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ កម្លាំងចម្រុះ​ រួមទាំង​​អាជ្ញាធរឃុំ។  ​

ដោយឡែក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០​ អាជ្ញាធរស្រុកទឹកផុស និងស្រុក​បរិបូណ៌ ក៏​បានដឹកនាំកម្លាំងចម្រុះ សហការ​ជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងផលិតស្រាស គ្មានច្បាប់ ក្នុងឃុំចក ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅ​ឃុំក្តុលសែនជ័យ ស្រុកទឹកផុស​។

ក្នុងនោះ អាជ្ញាធរសមត្ថកិច្ច​​ចម្រុះ បាន​ណែនាំឲ្យអ្នកលក់ និងអ្នកផលិតស្រាស​ ធ្វើកិច្ចសន្យា ហើយ​បិទសិប្បកម្មផលិតស្រាសទាំងនោះ ព្រមទាំង​ដកហូតបានស្រាចំនួន ២៤ កាន ស្មើ ៧២០លីត្រ នៅស្រុកបរិបូណ៌។ រីឯ​នៅស្រុកទឹកផុស អាជ្ញាធរសមត្ថកិច្ចចម្រុះ បាន​បិទសិប្បកម្ម​ផលិតស្រាស ចំនួន ៧កន្លែង និងប្រមូលដកហូតស្រាស ស្រាថ្នាំ តាមតូបលក់ នៅក្នុងឃុំក្តុល​សែនជ័យ ចំនួន ២កន្លែង។ 

ប្រតិបត្តិការចុះពិនិត្យ និងបិទទីតាំងផលិត-លក់ស្រាសនៅតាមភូមិនេះ បានធ្វើឡើងក្រោយមានហេតុការណ៍អ្នកស្រុកអ្នកភូមិ ពុលស្រា​ នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍ពុលស្រា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានបណ្តាល​ស្លាប់ ១០នាក់ និង ១០១នាក់ រងគ្រោះ ចូលដេកពេទ្យ​៕