ខេត្តកំពង់ចាម៖ មនុស្ស ៨នាក់ រស់នៅក្នុងស្រុកព្រៃឈរ ដែលជាអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ នៅមុនព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកា ត្រូវបានធ្វើតេស្តរួចហើយ ដោយលទ្ធផលបញ្ជាក់ថា មិនមានឆ្លងជំងឺកូវីដ១៩ ទេ។ អ្នកទាំងនោះ ត្រូវបានអាជ្ញាធរសមត្ថកិច្ច នាំមកធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ នៅទីរួមខេត្តកំពង់ចាម។ គិតរហូតមកដល់ព្រឹកថ្ងៃទី២ធ្នូ នៅក្នុងខេត្តកំពង់ចាម មិនទាន់មានពលរដ្ឋណាម្នាក់ កើតជំងឺកូវីដទៀតនោះទេ។ នេះបើតាមលោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម។
ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមដូច្នេះ បានធ្វើឡើង ដោយសារតែកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា មានអ្នកកើតជំងឺកូវីដ នៅក្នុងស្រុកព្រៃឈរ។ ប៉ុន្តែតាមពិតមិនមានដូចការលើកឡើងឡើយ។
ពាក់ព័ន្ធនឹងករណីអ្នកស្រុកព្រៃឈរ ៨នាក់ ដែលបានប៉ះបាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩ នៅមុនព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា ក៏ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម រួមទាំងរដ្ឋបាលខេត្ត បានចេញលិខិត កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា មុនពេល ដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ អ្នកទាំង ៦ បានធ្វើដំណើរមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីសួរសុខទុក្ខបងប្អូន កាលពីថ្ងៃទី២៤-២៥វិច្ឆិកាកន្លងទៅ។
ប៉ុន្តែក្រោយទទួលព័ត៌មាននេះ ភ្លាម អាជ្ញាធរខេត្តកំពង់ចាម បានចាត់វិធានការបន្ទាន់ ឲ្យមន្ត្រី និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកទាំង ៦នាក់ ដោយបានរកឃើញចំនួន ៨នាក់ និងយកពួកគាត់ មកពិនិត្យសុខភាព យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង ៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាលីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕ ដោយ៖ យ៉ាន់ ចាន់ថេត
ចែករំលែកព័តមាននេះ