បុគ្គលជ្រើសរើសពូជណាមកដាំរមែងបានផលផ្លៃផ្កាពូជនោះជារបស់ខ្លួនយ៉ាងណា បុគ្គលសាងកម្មណាក៏រមែងទទួលផលអំពីកម្មនោះជារបស់ខ្លួនប្រាកដក៏យ៉ាងនោះដែរ គ្មានអ្នកណាធ្វើឱ្យអ្នកណារួចចាកកម្មដែលខ្លួនបានសាងនោះបានឡើយ ។
ដូចនៅក្នុងគាថាធម្មបទមួយកន្លែង ព្រះមានព្រះភាគត្រាស់ថា អត្តនា វ កតំ បាបំ អត្តនា សង្កិលិស្សតិ អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ សុទ្ធិ អសុទ្ធិ បច្ចតំ នាញ្ញោ អញ្ញំ វិសោធយេ ។ ប្រែថា អ្នកធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង អ្នកមិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធក្តី និងមិនបរិសុទ្ធក្តីជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃឱ្យបរិសុទ្ធពុំបានឡើយ ។
កុសលកម្មក្តី អកុសលកម្មក្តីទោះក្នុងអតីតជាតិក្តី និងក្នុងបច្ចុប្បន្នក្តី ដែលយើងបានសាងមកហើយ កម្មនោះមិនបានបាត់ទៅណាទេរមែងអន្ទោលជាប់តាមខ្លួនយើងជានិច្ចរង់ចាំតែការឱ្យផលប៉ុណ្ណោះ ។ សាន សារិន
ចែករំលែកព័តមាននេះ