ស្ត្រី​កំពុង​តែ​ព្រួយបារម្ភ​អំពី​ជំងឺ​ដុំ​សាច់​ស្បូន​មែន​ទេ​!!! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​កំពុង​តែ​ព្រួយបារម្ភ​អំពី​ជំងឺ​ដុំ​សាច់​ស្បូន​មែន​ទេ​!!!

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ម៉េ​ង កល្យាណ ឯកទេស​សម្ភព និង​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ ស្ត្រី​ភាគច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​អំពី​សាច់​ដែល​ដុះ​នៅ​លើ​ស្បូន​។…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ម៉េ​ង កល្យាណ ឯកទេស​សម្ភព និង​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ ស្ត្រី​ភាគច្រើន​តែងតែ​មានការ​ព្រួយបារម្ភ​អំពី​សាច់​ដែល​ដុះ​នៅ​លើ​ស្បូន​។ ជា​ទូទៅ​ដុំ​សាច់​ស្បូន ជា​ដុំ​សាច់​ស្លូត ហើយ​មិនសូវ​ឱ្យ​មាន​ជា​សញ្ញា​អ្វី​ទេ​។ វា​ច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​។ វា​អាច​មាន​ទំហំ​ចាប់ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង​។

លោកស្រី​វេជ្ជបណ្ឌិត ម៉េ​ង កល្យាណ ក៏​បាន​បញ្ជាក់​យ៉ាង​លំអិត​ថា ៖
ទី​១) ដុំ​ស្បូន​មាន​បី​ទីតាំង​៖

  • ដុំ​សាច់​នៅ​លើ​សាច់​ស្បូន
  • ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន
  • ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន ។

ទី​២) មូលហេតុ ៖ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖

  • កត្តា​អ័រម៉ូន​៖ គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញវ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មានការ កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន​តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មក​វិញ​។
  • កត្តា​តំណពូជ
  • កត្តា​ជាតិ​សាសន៍ ៖ គេ​ច្រើន​ឃើញ​ពួក​ពូជសាសន៍​ស្បែក​ខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើន​ជាង​ពូជសាសន៍​ស្បែក​ស​។

ទី​៣) រោគ​សញ្ញា​របស់​ដុំ​ស្បូន ៖

  • មាន​ឈាមរដូវ​ធ្លាក់​ច្រើន​ជាង​ធម្មតា ដុំ​ៗ ឬ​អាច​មាន​ឈាម​ធ្លាក់​ពាក់កណ្ដាល​វដ្ដ​រដូវ
  • ចុកពោះ​ពេល​មក​រដូវ
  • ឈឺ​ធ្ងន់​ៗ​ក្នុង​អាង​ត្រគាក
  • បត់ជើងតូច​ញឹកញាប់ ទល់លាមក​។

ទី​៤) ផល​ប៉ះពាល់ ៖

  • ធ្លាក់ឈាម​រហូត​ធ្វើ​ឲ្យ​ស្លេកស្លាំង
  • ការ​បង្ក​កំណើត​មានការ​ថយ​ចុះ ដោយសារ​ទីតាំង​របស់​ដុំ​ស្បូន
  • ពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​កូន​រលូត ឬ​កើត​មិន​គ្រប់​ខែ
  • សង្កត់​ទៅ​លើ​សរីរាង្គ​ជិតខាង បើ​ដុំ​នៅ​ខាង​មុខ វា​សង្កត់​លើ​ប្លោក​នោម ធ្វើ​ឲ្យ​រំខាន​ដល់ ការ​បត់ជើងតូច (​នោម​ញឹក​) បើ​សង្កត់​ខាងក្រោយ ធ្វើ​ឲ្យ​ទល់លាមក​។

ទី​៥) ការ​ព្យាបាល ៖

  • ដោយ​ការ​ប្រើ​ថ្នាំលេប ដែល​កំណត់​ដោយ​គ្រូពេទ្យ​ជំនាញ
  • ដោយ​ការ​វះកាត់ ៖
  • ដុំ​សាច់​នៅ​លើ​សាច់​ស្បូន និង​ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន ៖ បក​យក​ដុំ​សាច់​ចេញ ឬ កាត់​ស្បូន
  • ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន ៖ កាត់​ស្បូន ឬ កាត់​ដុំ​សាច់​ស្បូន​ដែល​មាន​ទំហំ​តូច​ល្មម ដោយ​ធ្វើការ​វះកាត់​តាម​ក្រោម​។

បញ្ជាក់ ៖ បច្ចេកទេស​វះកាត់​ជំនាញ អម​ដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប​ថ្មី​ៗ​ចុង​ក្រោយបង្អស់ កំពុង​តែ​ដំណើរការ​ជា​ប្រចាំ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

លោកស្រី​វេជ្ជបណ្ឌិត ម៉េ​ង កល្យាណ ឯកទេស​សម្ភព និង​រោគ​ស្ដ្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ស្ត្រី​ថា បើ​មាន​អាកា​រៈ​ដូច​បាន​ជម្រាប​ជូ​ខាងលើ សូម​មេត្តា​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ និង​ស្វែង​យល់​អំពី​ជំរើស​នៃ​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​សុវត្ថិភាព​ខ្ពស់ ៕