ប្រទេសប្រេស៊ីល ៖ យោងតាមបណ្ដាទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះថា ព្រៃឈ្រើអាម៉ាហ្សូនបន្តរងការកាប់បំផ្លាញធ្ងន់ធ្ងរបំផុតនៅប្រេស៊ីល ដោយនៅទីនោះ ការកាប់បំផ្លាញមានកម្រិតខ្ពស់បំផុត ពុំធ្លាប់មានចាប់តាំងពី១២ឆ្នាំមកហើយ។
វិទ្យាស្ថានជាតិស្រាវជ្រាវអវកាស INPE ប្រេស៊ីល ដែលវិភាគលើបណ្ដារូបភាពផ្កាយរណបនិយាយថា សរុបព្រៃឈើដល់ទៅ១១.០៨៨គីឡូម៉ែត្រក្រឡា ត្រូវកាប់បំផ្លាញក្នុងរយៈពេលត្រឹមតែ១២ខែ គិតមកដល់ខែសីហាកន្លងទៅ។ ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះ បង្កឲ្យមានការថ្កោលទោសចំពោះរដ្ឋាភិបាលប្រធានាធិបតីប្រេស៊ីល លោកJAIR BOLSONARO។
តួលេខនៃការបំផ្លាញព្រៃឈើនោះនៅតំបន់អាម៉ាហ្សូនប្រេស៊ីល ជាការបំផ្លាញព្រៃឈើកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០០៨មក ដែលក្នុងឆ្នាំនោះព្រៃឈើអាម៉ាហ្សូនដល់ទៅ១២.៩១១គីឡូម៉ែត្រក្រឡារងការបំផ្លាញ។ ដោយសារការកាប់បំផ្លាញព្រៃឈើខ្លាំងបែបនេះ ប្រេស៊ីលប្រហែលជានឹងក្លាយទៅជាប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេ ដែលការបង្កើនការបញ្ចេញនោះមានរយៈពេល១ឆ្នាំមកហើយ ពេលសេដ្ឋកិច្ចពិភពលោកកំពុងជាប់គាំង។ នេះជាការវាយតម្លៃរបស់ក្រុមសង្កេតការណ៍បរិយាកាសដែលប្រមូលផ្ដុំអង្គការក្រៅរដ្ឋាភិបាលមួយក្រុម។
ព្រៃឈើដូចជាអាម៉ាហ្សូនដើរតួនាទីសំខាន់មួយ ក្នុងការត្រួតពិនិត្យការផ្លាស់ប្ដូរបរិយាកាស ដោយសារសមត្ថភាពស្រូបយកកាបោន។ ប៉ុន្តែដើមឈើដែលងាប់ឬត្រូវភ្លើងឆេះ បែរជាបញ្ចេញជាថ្មីនូវកាបោនជាច្រើនទៅកាន់បរិយាកាស។
ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្នជាអ្នកស្ដាំនិយមជ្រុល រងការរិះគន់ខ្លាំងក្លាបំផុតជាអន្តរជាតិ ដោយសារតែលោកអនុញ្ញាត ឲ្យកាប់រានព្រៃអាម៉ាហ្សូនដើម្បីការអភិវឌ្ឍន៍ប្រទេស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ