ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ អ្នក​ឆ្លង​ថ្មី​៣​នាក់​មិន​ប៉ះពាល់​​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ខណៈ​ធ្វើតេស្ត​បាន​ជាង​៨​ពាន់​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី​៣​នាក់​តែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នោះ​ទេ ខណៈ​ធ្វើតេស្ត​បាន​ជាង​៨​ពាន់​នាក់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២០​ថា​៖…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី​៣​នាក់​តែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នោះ​ទេ ខណៈ​ធ្វើតេស្ត​បាន​ជាង​៨​ពាន់​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២០​ថា​៖ «​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ ដែល​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា (​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ។

ក្រសួង​បន្ត​ថា អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩​មាន ៖១.​បុរស​ជនជាតិ​ខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ដងទង់ ខេត្តកំពត ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ សំណាក​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

២.​បុរស​ជនជាតិ​ខ្មែរ អាយុ ៤៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខេត្តកណ្តាល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក លើក​ទី​២ នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុរស​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

សូម​កត់​សម្គាល់ថា ៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥០​នាក់​ដែល​នៅ ក្នុង​ចំនួន​នេះ​មាន​បុគ្គល​ពីរ​នាក់​ខាងលើ​នេះ​ផង​ដែរ ។ រីឯ​អ្នកដំណើរ​ចំនួន ៤៨​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស​ចំនួន​៣៦​នាក់ និង​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១២​នាក់ ។

៣.​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​ធ្វើ​ដំ​ណ៌​រម​ក​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ស្ត្រី​នេះ​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

ក្រសួង​បាន​បន្ត​ថា សូម​កត់​សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១៦២​នាក់​ដែល​នៅ ក្នុង​ចំនួន​នេះ​មាន​បុគ្គល​ខាងលើ​នេះ​ផង​ដែរ ។ រីឯ អ្នកដំណើរ​ចំនួន ១៦១​នាក់ ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូ​វី​ដ​-១៩ នោះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស​ចំនួន ០២​នាក់ និង​នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១៥៩​នាក់ ។

នៅ​ថ្ងៃនេះ​ដែរ ក្រសួង​បាន​អះអាង​ថា មិន​មាន​ករណី​ជា​សះស្បើយ​នោះ​ទេ ។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​យក​វត្ថុ​សំណាក​ពី​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បាន​ចំនួន​២,០៤២​នាក់​បន្ថែម​ទៀត ។

បើ​គិត​ទាំង​ចំនួន​ដែល​នៅ​សល់ ពី​ថ្ងៃមុន​ៗ​ដែល​ត្រូវ​យក​មក​វិភាគ​នៅ​ថ្ងៃជា​បន្តបន្ទាប់​នោះ គឺ​មាន​វត្ថុ​សំណាក​សរុប​ចំនួន ៣,៩៩៨​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ វត្ថុ​សំណាក​ចំនួន ២,៩១៧ នាក់ បាន​ធ្វើ​វិភាគ​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​បាន​ផ្តល់​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រឹម​ម៉ោង​២៣:៣០​នាទី យប់​នៃ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ គឺ អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំងអស់ ។

បើ​គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ នេះ វត្ថុ​សំណាក​ចំនួន ៧,១៣១​នាក់ ត្រូវ​បាន​ធ្វើ​វិភាគ​រួច​ហើយ​ដែល​មាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន​១៧​នាក់ (​ចំនួន​នេះ​បាន​រាយការណ៍​ជូន​សាធារណជន​រួច​ហើយ ) ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ។ ដូច្នេះ វត្ថុ​សំណាក​នៅ​សល់​ចំនួន ១,០៨១​នាក់​ទៀត នឹង​ត្រូវ​បន្ត​ធ្វើ​វិភាគ​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​វិ​ធ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

ក្រសួង​គូសបញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨,២១២​នាក់ ។ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន -​ចំនួន​អ្នក​ព្យាបាល ៖ ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ៣០៤​នាក់ (​ស្មើនឹង ៩២.៤០% ធៀប​នឹង ចំនួន​អ្នកមាន​វីរុស កូ​វី​ដ​-១៩​ទាំងអស់ ) នៅ​ក្នុង​ចំនួន​នេះ មាន​ស្រី ៦១​នាក់ និង​បុរស ២៤៣​នាក់ ។ អ្នកមាន​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប ៣២៩​នាក់ ( ៧៤​នាក់ និង​បុរស ២៥៥​នាក់​) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ២០​នាក់ (​ស្រី ១០​នាក់ និង​បុរស ១០​នាក់ ) ។ អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន​០៥​នាក់ (​ស្ត្រី ០៣​នាក់ និង​បុរស ០២​នាក់​) ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដែល​បាន​ខិតខំ​បំពេញ ភារកិច្ច​បាន​ល្អ​ប្រសើរ​បំផុត ក្នុង​ការ​ជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វី​ដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់ ទាំងអស់​កន្លង​មក រួម​ទាំង​ការ​ដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ