ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតកម្ពុជា កោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្រយុទ្ធប្រឆាំង កូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកចិ្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាអឺរ៉ុប តាមប្រព័ន្ធវិដេអូ នាថ្ងៃទី១…

រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមកចិ្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាអឺរ៉ុប តាមប្រព័ន្ធវិដេអូ នាថ្ងៃទី១ ខែធ្នូនេះ។ ក្នុងអំឡុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹង​ប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងកាត់បន្ថយ​ផលវិបាកសេដ្ឋកិច្ច សង្គម ដែលបង្កឡើងដោយសារជំងឺនេះ​។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តី​ពីលទ្ធផលនៃកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប លើកទី២៣ បង្ហាញថា សហភាពអឺរ៉ុប បានប្រកាសផ្តល់ថវិកា​ចំនួន ២០លានអឺរ៉ុប ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈ​ចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះ ត្រៀមខ្លួន​ឲ្យបានកាន់តែ​ប្រសើរថែមទៀត សម្រាប់​គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។

សេចក្តីប្រកាស បន្តថា បណ្តាប្រទេសសមាជិកអាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់​នៃវិភាគ​ទាន​របស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់​វ៉ាក់សាំងបង្ការជំងឺកូវីដសាកល ( COVAX ) ដើម្បីពន្លឿន និង​ពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់​ដល់មនុស្សជាតិគ្រប់ៗគ្នា។​

ក្រសួងការបរទេស ក៏បានប្រកាសថា សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រេច​ឲ្យបាននូវ​កិច្ចព្រម​ព្រៀងពាណិជ្ជ​កម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលឯកឧត្តម ជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់​ សម្រាប់កសាង​ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែរឹងមាំថែមទៀត។

ប្រមុខការទូតកម្ពុជា ក៏បានស្វាគមន៍ការលើកកម្រិត​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-សហភាពអឺរ៉ុប ទៅជាភាព​ជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេច​ក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះ នឹងជួយពង្រឹង​ថែមទៀតនូវ​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍​ទៅវិញទៅមកនាពេលកន្លងមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ