ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅសៀមរាប មានមន្ត្រីរាជការ និងប្រជាពលរដ្ឋ ៣៩៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ធ្វើតេស្ត និងធ្វើចត្តាឡីស័ក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ មាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ៣៩៨នាក់ ដែលរស់នៅបុរីសៀងណាំ មកពីពន្ធនាគារ និងអ្នក​ពាក់ព័ន្ធទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា បានស្ម័គ្រចិត្ត…

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ មាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ៣៩៨នាក់ ដែលរស់នៅបុរីសៀងណាំ មកពីពន្ធនាគារ និងអ្នក​ពាក់ព័ន្ធទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា បានស្ម័គ្រចិត្ត ចូលមកធ្វើតេស្ត រកមេរោគកូវីដ១៩ ព្រមទាំង​ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ វិក្រិត្យការ ខេត្តសៀមរាប។

​លោក ពិន ប្រាកដ អភិបាលរង​ ខេត្តសៀម​រាប បានឱ្យដឹងថា មកដល់ត្រឹមម៉ោង ១១ និង១៥នាទី ព្រឹកនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានបងប្អូន ជា​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ចំនួន ៣៩៨នាក់ បានស្ម័គ្រចិត្តចូលមក​ធ្វើតេស្ត យកសំណាក ហើយមួយចំនួនទៀត ក៏ត្រូវបានក្រុមគ្រូពេទ្យ ទៅយកដល់ទីកន្លែង នៅមណ្ឌលពន្ធនាគារ និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនៅបុរីសៀងណាំផងដែរ​។

លោក​ក៏បានគូស​បញ្ជាក់ថា ចំពោះបងប្អូន ដែលបានចូលមកឲ្យក្រុមគ្រូពេទ្យ ធ្វើតេស្ត​រួចហើយ ក៏ត្រូវបានឱ្យវិល​ត្រឡប់ទៅកាន់លំនៅដ្ឋាន ដោយធ្វើចត្តាឡីស័ក នៅនឹងផ្ទះរបស់ខ្លួន ដោយ​ខ្លួនឯង ។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុក គឺត្រូវធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលនេះតែម្តង ក្នុងរយៈពេល ១៤ថ្ងៃ ដោយបានធ្វើការផ្គត់ផ្គង់អាហារមួយថ្ងៃ ៤ពេល ហើយក៏ត្រូវ​បានក្រុមគ្រូពេទ្យពិនិត្យ និងតាមដានសុខភាពទៀតផង​។ រីឯបងប្អូន ដែលបានធ្វើចត្តា​ឡីស័កនៅតាមផ្ទះ ក៏ត្រូវឲ្យមានការទំនាក់ទំនងមកក្រុមគ្រូ​ពេទ្យ តាមរយៈទូរស័ព្ទ នៅពេលមានបញ្ហាក្នុងខ្លួន​។ 

លោក​អភិបាលរងខេត្ត ក៏បានបន្តទៀតថា ក្នុងព្រឹត្តិកាណ៍​សហ​គមន៍ ២៨វិច្ឆិកានេះ នៅក្នុងខេត្តសៀមរាប បានធ្វើតេស្ត​ចំនួន ៣៩៨ នាក់ គឺនៅមិនទាន់រកឃើញ​អ្នកវិជ្ជមានវីរុសកូវីដ១៩ នៅឡើយ នោះទេ។

ទោះបីជាយ៉ាងណា អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់លោក ទៀ សីហា អភិបាលខេត្ត ក៏ដូចមន្ទីរសុខាភិបាលខេត្ត មិននៅស្ងៀមនោះឡើយ គឺបាន​ចាត់វិធានការរឹតបន្តឹងតាម​ការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំ​របស់សម្តេចនាយករដ្ឋមន្ត្រី។ នោះគឺ «ការសង្ស័យថាមាន វាប្រសើរជាងថា អត់មាន» ដើមី្បបង្កើនការទប់ស្កាត់ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍​បន្តទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ