រាជធានីភ្នំពេញ ៖ តារាសម្តែងលោកយូ ឌីស្កូ បានប្រកាសទទួលយកការងារសិល្បៈជាថ្មីឡើងវិញហើយ បន្ទាប់ពីផ្អាកជាយូរកន្លងមក។ លោកបានសម្រាកព្យាបាលជំងឺដែលញាំញីរូបលោករហូតធ្លាក់ខ្លួនស្លេកស្លាំង ស្គមស្គាំងខុសសភាពដើមស្ទើរមើលមិនស្គាល់ ។
លោកយូ ឌីស្កូ បានពើបប្រទះជំងឺខូចក្រលៀន ដោយសារតែលោកបានប្រើប្រាស់ថ្នាំបំប៉នសុខភាពមួយចំនួន ប៉ុន្តែក្រោយធ្លាក់ខ្លួនឈឺជាយូរមកនោះ លោកបានស្រាកស្រាណពីជំងឺនេះ ក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភពីថ្នាក់ដឹកនាំ។
ក្រោយពីការជាសះស្បើយ លោកយូ ឌីស្កូ ត្រូវគេមើលឃើញសភាពនៃរូបរាងរបស់លោកដែលបានធ្លាក់ខ្លួនស្គមស្គាំងខុសពីធម្មតានោះបានវិលមករកសភាពដើមវិញស្ទើរតែទាំងស្រុង ខណៈពេលដែលបានអនុវត្តការហាត់ប្រាណជាប្រចាំ ។ ជារឿយៗលោកតែងតែបង្ហាញពីរូបរាងពិតរបស់លោកស្ថិតក្នុងសភាពស្រស់ថ្លាឡើងវិញ តាមរយៈការបង្ហោះតាមហ្វេសប៊ុក នៅពេលដែលលោកបានចូលទៅហាត់ប្រាណ និងនៅតាមទីកន្លែងកម្សាន្ត ផ្សេងៗ ដែលនោះបានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តគាំទ្រសម្តែងការត្រេកអរ និងចង់ឃើញវត្តមានរបស់លោកវិលមកការសម្តែងឡើងវិញ។
លោកយូ ឌីស្កូ បានប្រកាសជាសាធារណៈថា លោកនឹងទទួលយកការងារសិល្បៈឲ្យបានពេញដៃឡើងវិញ បន្ទាប់ពីលោកបាត់មុខពីអាជីពនេះមួយរយៈ ដោយសារតែលោកបានសម្ងំព្យាបាលជម្ងឺដែលបានញាំញី ធ្វើឲ្យលោកមិនអាចចេញទៅណាបានឡើយ ។
យូ ឌីស្កូ បានបង្ហោះសារតាមហ្វេសប៊ុកថា «សូមជម្រាបជូនបងប្អូនថា ខ្ញុំទទួលការងារសិល្បៈវិញហើយ ហើយឥឡូវសុខភាពខ្ញុំក៏ល្អដែរ » ។
ក្រោយពេលដែលបានបង្ហោះសារបែបនេះ មហាជន ជាពិសេសមិត្តភក្តិក្នុងសិល្បៈដូចគ្នាបានចូលរួមសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះការវិលមកការងារសិល្បៈជាថ្មីពីតារារូបនេះផងដែរ ។
ការប្រកាសពីការវិលចូលសិល្បៈជាថ្មីឡើងវិញពីលោកយូ ឌីស្កូ នាពេលនេះហាក់មិនមែនជារឿងមួយថ្មី និងប្លែកនោះឡើយ ដោយសារតែក្នុងពេលដែលសភាពជំងឺរបស់លោកបានធូរស្បើយច្រើននោះ លោកក៏ធ្លាប់បានបញ្ជៀបខ្លួនជា បណ្តើរៗនៅក្នុងការងារសិល្បៈនាពេលកន្លងមក ខណៈពេលដែលលោកក៏បានឆ្លៀតឱកាសចូលរួមកម្មវិធីមួយចំនួនរបស់អ្នកសិល្បៈដូចគ្នាផងដែរ ។
លោកយូ ឌីស្កូ ធ្លាប់បានលើកឡើងនៅមុនពេលដែលលោកទទួលរងជំងឺខូចក្រលៀននេះថា មូលហេតុដែលលោកមានជំងឺខូចក្រលៀនគឺបណ្ដាលមកពីលោកប្រើថ្នាំអាហារបំប៉នច្រើនពេក ដោយក្នុងនោះលោកក៏បានប្រើថ្នាំដើម្បីឲ្យសាច់ស្អាត និងសខ្ចីក្នុងពេលមិនទាន់ផ្ទុះជំងឺនេះផង ។ លោកត្រូវគេដឹងថា គឺជាអតីតអ្នកតំណាងលក់ផលិតផលអាហារសុខភាព ឬហៅថាអាហារបំប៉ន ដោយលោកបានសារភាពថា នៅក្នុងរយៈពេលនោះ លោកបានប្រើថ្នាំដែលជាប្រភេទអាហារបំប៉នយ៉ាងច្រើន ហើយក្រោយមកក៏មានជំងឺខូចក្រលៀនទាំងគូតែម្ដង ។
បន្ទាប់ពីលោកយូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ ក៏មានមហាជន ជាពិសេសអ្នកសិល្បៈរួមជំនាន់បានរៃអង្គាសប្រាក់ឲ្យលោកបានវះកាត់ដូរក្រលៀនម្ខាងនៅក្នុងប្រទេសឥណ្ឌា ។ លោកត្រូវលាងឈាម២ដងក្នុងមួយអាទិត្យនៅមុនពេលធ្វើទុក្ខធ្ងន់ ។
មកដល់ពេលនេះជំងឺរបស់លោកយូ ឌីស្កូ បានជាសះស្បើយហើយ បើទោះជាលោកត្រូវប្រើថ្នាំជំនួយក្រលៀនដែលបានដូរអស់មួយជីវិតក៏ដោយ ៕
ចែករំលែកព័តមាននេះ