ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​វាយបក​ស្ថានទូត​អា​មេ​រិ​កថា «​យុទ្ធនាការ​ល្អ តែ​ខុស​កាលៈទេសៈ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ភ្លាម​ៗ​ក្រោយ​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ «​បញ្ចេញ​សម្លេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​» នា​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ ២០២០ នេះ…

រាជធានី​ភ្នំពេញ​៖ ភ្លាម​ៗ​ក្រោយ​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ «​បញ្ចេញ​សម្លេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​» នា​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ ២០២០ នេះ ស្រាប់តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​ធ្វើការ​បកស្រាយ​បញ្ជាក់​ថា នេះ​គឺជា​យុទ្ធនាការ​ល្អ​មួយ តែ​វា​មិន​គួរ​រៀបចំ​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​ជំងឺ​កូ​វី​ដ ១៩ ដែល​ឆ្លង​ចូល​សហគមន៍​ជា​លើក​ដំបូង​នៅ​កម្ពុជា​នោះ ។

លោក ជិន ម៉ា​លី​ន ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ដោយសារ​តែ​ព្រឹត្តិការណ៍​សហគមន៍​២៩ វិច្ឆិកា បាន​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការ​របស់​ស្ថានទូត​អា​មេ​រិ​ក តាម​រយៈ​បណ្តាញ​សង្គម​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​ជា​ទស្សនៈ​ផ្ទាល់ខ្លួន ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដែល​កម្ពុជា​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី COVID-19 នា​ពេល​នេះ ស្ថានទូត​អា​មេ​រិ​ក​រួម​ទាំង​អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ផ្សេង​ទៀត គួរតែ​រួម​គ្នា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង COVID-19 នេះ ចូល​ដល់​សហគមន៍ ដើម្បី​ទទួល​បានការ​គាំទ្រ​និង​ស្វាគមន៍​ពី​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស​» ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​បាន​បន្ត​ថា «​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង COVID-19 ចូល​ដល់​សហគមន៍​នា​ពេល​នេះ គឺ​ដើម្បី​ការពារ​និង​សង្គ្រោះ​អាយុជីវិត​របស់​ពលរដ្ឋ ដែល​ជា​ការ​ធានា​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​របស់​ពលរដ្ឋ គឺ​សិទ្ធិ​រស់រាន​មានជីវិត ដែល​សិទ្ធិ​នេះ​មាន​អាទិ​ភា​ជាង​សិទ្ធិ​ណា​ៗ​ទាំងអស់ ហើយ​ប្រសិនបើ​សិទ្ធិ​នេះ​មិន​ត្រូវ​បាន​ធានា​និង​ការពារ​នោះ​ទេ សិទ្ធិ​ផ្សេង​ៗ​ទៀត​ក៏​នឹង​ពុំ​មាន​អត្ថិភាព​និង​តម្លៃ​អ្វី​ដែរ » ។

សូម​បញ្ជាក់​ថា ស្ថានទូត​អា​មេ​រិ​ក បាន​ប្រកាស​ចាប់ផ្តើម​យុទ្ធនាការ «​បញ្ចេញ​សម្លេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​» តាម​រយៈ​ការ​សរសេរ​សារ​អំពី​យុទ្ធនាការ​នេះ​លើ​ផេ​ក​ផ្លូវការ​របស់​ខ្លួន ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា អំពី​ការ​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ ក្រោម​ប្រធានបទ «​ក្តី​សង្ឃឹម​សម្រាប់​ប្រជាជន កម្ពុជា ក្នុង​ការ​បញ្ចេញ​សម្លេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​» ដោយ​មាន​ផលិត​ជា​ផ្ទាំង​រូបភាព​ឃោសនា និង​ផលិត​ជា​វី​ដេ​អូ ទស្សនៈ​កម្មករ និង​យុវជន​។

ក្នុង​នោះ​ស្ថានទូត​អា​មេ​រិ​កបាន​និយាយ​ថា «​ពេល​នេះ​ខែធ្នូ​ហើយ​យើង​កំពុង​ប្រារ​ព្វ​ពិធី​ទំនាក់ទំនង​របស់​យើង​នៅ​ក្នុង​វិស័យ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រំលឹក​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​»​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​២​ថ្ងៃមុន ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក W. Patrick Murphy ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ការិយាល័យ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា និង​អ្នក សម្របសម្រួល​ប្រចាំ​ប្រទេស​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា អ្នកស្រី Pauline Tamesis​ ។

អ្នកទាំង​ពីរ​បាន​ពិភាក្សា​អំពី កិច្ច សហប្រតិបត្តិការ​លើ​ផ្នែក​អប់រំ អាហារូបត្ថម្ភ ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ និង ក្តី​សង្ឃឹម​សម្រាប់​ប្រជាជន កម្ពុជា ក្នុង​ការ​បញ្ចេញ​សម្លេង​លើ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ទៅ​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ