រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡងនៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា និងដើម្បីបង្កលក្ខណៈឲ្យសិស្សថ្នាក់ទី១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម ៖
ទី១-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។
ទី២- ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានសិទ្ធិក្នុងការសម្រេចអំពីការផ្អាកការសិក្សានៅតាមតំបន់ទីរួមខេត្ត និងទីប្រជុំជន ។ ក ៖ ចំពោះទីកន្លែងដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ ប៉ុន្តែត្រូវបន្តការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ ខ ៖ ចំពោះទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង៕
ចែករំលែកព័តមាននេះ