អាជ្ញាធរ​​រាជធានី​ណែនាំ​១០​ចំណុច ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​កូ​រី​ដ​ ក្នុង​សហ​គមន៍​ភ្នំពេញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​​រាជធានី​ណែនាំ​១០​ចំណុច ដើម្បី​​ទប់ស្កាត់​ការ​ឆ្លង​កូ​រី​ដ​ ក្នុង​សហ​គមន៍​ភ្នំពេញ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​ ៖ អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ចំនួន​១០​ចំណុច ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហ​គមន៍ នៅ​រាជធានី​ភ្នំពេញ​។

សេចក្តីណែនាំ​ទាំង​១០​ចំណុច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​​រួម​មាន​៖ ទី​១-ត្រូវ​ធ្វើការ​ផ្អាក​រាល់​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ ដូច​ជា កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការ​ជួបជុំ​បែប​សាសនា​ទាំងអស់​។​ល​។ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ ​ទី​២- អនុ​ញ្ញាត​ឱ្យ​មានការ​ជួបជុំ​មិន​ឱ្យ​លើស​ពី ២០​នាក់ ក្នុង​ករណី​ចាំបាច់ ប៉ុន្តែ​ការ​ជួបជុំ​នេះ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​ចម្ងាយ ១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​។ ​ទី​៣-ត្រូវ​ចាត់តាំង​កម្លាំង ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ៗ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ឱ្យទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​។ ក្នុង​ករណី​លទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល​។ ​

ទី​៤-ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ជែ​ល ឬ​អាល់កុល​លាងដៃ នៅ​មុខ​ច្រក​ទ្វារ​ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គលិក​ឱ្យធ្វើ​ការ​វាស់​កម្ដៅ​ភ្ញៀវ​ទាំង ដោយ​ឈរ​តម្រង់​ជួរ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម មុន​នឹង​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទីតាំង​អាជីវកម្ម​ទាំងនោះ ព្រមទាំង​ត្រូវ​រៀបចំ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​ពេល​អង្គុយ​។ ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម​ខាងលើ មិន​អនុវត្ត​តាម​ការ​ណែនាំ​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។

​ទី​៥-ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ការ​អនុវត្ត​នូវ​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​អាជីវកម្ម​មួយ ចំនួន​ដូច​ជា ក្លឹ​ប​ហាត់ប្រាណ រោង​ភាពយន្ត KTV ក្លឹ​ប​កម្សាន្ត (​រង្គសាល ខារ៉ាអូខេ ឌី​ស្តូ​តែ​ក បៀរហ្គាឌិន​) អាជីវកម្ម​ម៉ាស្សា​សុខភាព និង​ស្មៅ​។ ​ទី​៦-ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ទីកន្លែង​ស្នាក់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ដែល​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក និង​ពិនិត្យ​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​រៀបចំ​ចាត់ចែង​ការងារ​បន្ត ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​តាមដាន​សុខភាព​។

​ទី​៧-អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​មិន​ចាំបាច់​មិន​ត្រូវធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ក្នុង​ករណី​ដែល​មាន​តម្រូវការ​ចាំ​ប៉ាច់​ជៀស​មិន​ផុត មិន​ត្រូវ​ឱ្យ​មានការ​កកកុញ​តាម​ភ្លើង​ចរាចរណ៍ (​ភ្លើងស្តុប​) នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។ ​ទី​៨-រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើការ​ផ្អាក​រាល់​ការ​ប្រជុំ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។ ចំពោះ​ទីតាំង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​រៀបចំ​ចាំបាច់​ឱ្យ​មានការ​វាស់​កម្តៅ ការ​ពាក់​ម៉ាស់ ការ​លាងដៃ​សម្លាប់​មេរោគ និង​រៀបចំ​កន្លែង​អង្គុយ​ចម្ងាយ​១,៥​ម៉ែត្រ ពី​ម្នាក់​ទៅ​ម្នាក់ ដោយ​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មិន​ឱ្យ​លើស​ពី​២០​នាក់ ក្នុង​ពេល​ម្តង​ៗ​។

​ទី​៩-ចំពោះ​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន ត្រូវ​រៀបចំ​ឱ្យ​មានការ​វាស់​កម្ដៅ ការ​ពាក់​ម៉ាស់ និង​ការ​លាងដៃ​សម្លាប់​មេរោគ ព្រមទាំង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​សង្គម​។ ទី​១០-ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ផ្សេង​ទៀត​របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​កំពុង​នៅ​ជា​ធរមាន​៕ (កែសម្រួលដោយ ៖ ធីតា​)