វិធី​មើលថែ​កូន​ៗ​ពេល​ក្តៅខ្លួន សម្រាប់​ឪពុក​ម្តាយ​សម័យ​ថ្មី ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​មើលថែ​កូន​ៗ​ពេល​ក្តៅខ្លួន សម្រាប់​ឪពុក​ម្តាយ​សម័យ​ថ្មី !

1 ខែ មុន

ប្រសិនបើ​កូន​របស់​អ្នក​កំពុង​ក្តៅខ្លួន​ដោយសារ​គ្រុនក្តៅ ជា​ទូទៅ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ ។ ជា​ការ​ពិត ប្រសិនបើ​អ្នកជា​ឪពុក​ម្តាយ​អ្នក​ប្រាកដជា​នឹង​បារម្ភ​ជាក់​ជា​មិន​ខាន ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​ចាំបាច់​ក្នុង​ការ​ចង​ចាំ​ថា គ្រុនក្តៅ គឺជា​ការ​ឆ្លើយ​តប​ធម្មជាតិ​របស់​រាង​កាយ​ចំពោះ​វីរុស និង​ការ​ឆ្លង​បាក់តេរី…

ប្រសិនបើ​កូន​របស់​អ្នក​កំពុង​ក្តៅខ្លួន​ដោយសារ​គ្រុនក្តៅ ជា​ទូទៅ​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ ។ ជា​ការ​ពិត ប្រសិនបើ​អ្នកជា​ឪពុក​ម្តាយ​អ្នក​ប្រាកដជា​នឹង​បារម្ភ​ជាក់​ជា​មិន​ខាន ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​ចាំបាច់​ក្នុង​ការ​ចង​ចាំ​ថា គ្រុនក្តៅ គឺជា​ការ​ឆ្លើយ​តប​ធម្មជាតិ​របស់​រាង​កាយ​ចំពោះ​វីរុស និង​ការ​ឆ្លង​បាក់តេរី ។ គ្រុនក្តៅ​របស់​កុមារ​មាន​ន័យ​ថា រាង​កាយ​របស់​ពួក​គេ​កំពុងធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ មាន​វិធី​ជា​ច្រើន ដើម្បី​ធ្វើ​ឱ្យ​កូន​របស់​អ្នកមាន​សុវត្ថិភាព​ខណៈ​ពេល​ដែល​រាង​កាយ​របស់​ពួក​គេ​ប្រយុទ្ធ​នឹង​មេរោគ ។ អនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ​ដែល​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ផ្លូវការ​របស់ Immediate Clinic សហរដ្ឋអាមេរិក ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន​អ្នក និង​ដឹង​ថា​ពេល​ណា​ត្រូវ​ស្វែងរក​ការ​ព្យាបាល ។

១. ផ្តល់​ថ្នាំ​ដែល​អាច​ទិញ​បាន​តាម​កន្លែង​លក់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា (OTC Medication) ៖ ការ​ប្រើ​ថ្នាំ​អា​សេ​តា​មី​ណូ​ហ្វេ​ន (​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​) ឱ្យ​បាន​ត្រឹមត្រូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​គ្រុនក្តៅ​លើ​កុមារ និង​មនុស្ស​ពេញវ័យ ។ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​លើស​ពី ៦​ខែ ពួក​គេ​ក៏​អាច​លេបថ្នាំ Ibuprofen ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។ ហើយ​ជា​ការ​ពិត អ្នក​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​អំពី​កម្រិត​ប្រើ ។ ទ្វេ​ដង​កម្រិត​ថ្នាំ​នឹង​មិន​ជួយ​ឱ្យ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រុនក្តៅ​លឿន​ជាង​មុន​ពីរ​ដង​ទេ ។ វា​នឹង​ធ្វើ​ឱ្យ​កូនប្រុស​-​ស្រី​របស់​អ្នក​ប្រឈម​នឹង​ការ​ខូច​សរីរាង្គ ។

២. ងូតទឹក​ក្តៅ​ឧណ្ហ​ៗ ៖ ការ​ងូតទឹក​ក្តៅ​ល្មម អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​សាច់ដុំ​របស់​កូន​អ្នក និង​បើកផ្លូវ​ដង្ហើម​របស់​ពួក​គេ​ប្រសិនបើ​ពួក​គេ​មាន​ជំងឺ​ផ្តាសាយ ។ គ្រាន់តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​សីតុណ្ហភាព​មិន​ក្តៅ ឬ​ត្រជាក់​ពេក ព្រោះ​នេះ​អាច​ធ្វើ​ឱ្យ​សីតុណ្ហភាព​រាង​កាយ​របស់​ពួក​គេ​ឡើង​ខ្ពស់​ពេក ឬ​ចុះ​ត្រជាក់​ពេក ។

៣. ជំរុញ​ការ​គេង និង​ផ្តល់​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ជា​ពិសេស​នៅ​ពេល​គ្រុនក្តៅ​របស់​ពួក​គេ​បណ្តាល​មក​ពី​ជំងឺ​ផ្តាសាយ ការ​សម្រាក​ឱ្យ​បាន​ច្រើន និង​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ គឺជា​ការ​ថែទាំ​យ៉ាង​ល្អ​បំផុត ។ ការ​គេង​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ និង​ការ​ផ្តល់​នូវ​ទឹក​ស្អាត​គុណភាព​ល្អ​ដល់​កូន​អ្នក គឺ​ជួយ​ការពារ​ការ​បាត់បង់​ជាតិ​ទឹក ពេល​ដែល​គ្រុនក្តៅ ។

៤. ដឹង​ថា​ពេល​ណា​ត្រូវ​យក​កូន​ទៅ​ពេទ្យ ៖ ប្រសិនបើ​កូន​របស់​អ្នក​ក្តៅខ្លួន​ដល់ ៤០​អង្សារ​សេ អ្នក​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពេទ្យ​ដែល​ជិត​អ្នកជា​ទីបំផុត ។ ប្រសិនបើ​គ្រុនក្តៅ​របស់​ពួក​គេ​ត្រូវ​បាន​អម​ដោយ​ប្រកាច់ ឈឺ​ត្រចៀក ឡើង​កន្ទួល ល្ហិតល្ហៃ ឬ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត មិន​ត្រូវ​ទុក​នៅផ្ទះ​នោះ​ទេ ហើយ​ត្រូវ​ប្រញាប់​យក​ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់​ភ្លាម ៕ ប្រភព ៖ immediateclinic