ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មង្គលការ​នៅ​ភ្នំពេញ​ជិត​1​ពាន់ និង​សៀម​រាប​ជាង​100​​បាន​​ផ្អាក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ផ្អាក​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ជួប​ជុ​ុំ​នានា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។តាម​សារ​សំឡេង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ផ្អាក​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​ជួប​ជុ​ុំ​នានា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។តាម​សារ​សំឡេង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​មាន​ប្រសាសន៍​ថា តាម​ការ​ស្នើ​សុំ​ពី​ក្រសួងសុខាភិបាល ក៏​ដូច​អង្គការ​សុខភាព​ពិភពលោក តម្រូវ​ឲ្យ​មាន​វិធានការ​បន្ថែម​នៅ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប គឺ​សុំ​ផ្អាក​រាល់​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន រាប់​ទាំង​ការ​រៀប​អា​ពា​ហ៍​ពា​ហ៍ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​តទៅ ។

សម្តេច​តេ​ជោ​បន្ត​ថា ១៥​ថ្ងៃ គឺ​ហាម​ការ​ជួបជុំ​តែ​ម្តង បើ​មានការ​ប្រជុំ​ក៏​ត្រូវ​ផ្អាក​សិន ហើយ​បើសិន​មាន​រៀប​អាពាហ៍ពិពាហ៍​សុំ​ស្នើ​មេត្តា​ខន្តី​ផ្អាក​សិន​១៥​ថ្ងៃ បាន​សេចក្តី​ថា ចាប់ពី​ថ្ងៃ​ទី​១ ធ្នូ​ដល់​ថ្ងៃ​ទី​១៥ ឬ​១៦ ធ្នូ ។ អី​ុ​ចឹ​ង​ទេ សូម​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំ​ទូលាយ​តាម​បណ្តាញ​ព័ត៌មាន ។ សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ឲ្យ​មាន​យោគយល់​ពី​ប្រជា​ពលរដ្ឋ គឺ​ការ​ជួបជុំ​ណា​ក៏​ដោយ​សុំ​ផ្អាក​ជា​បណ្តោះអាសន្ន​១៥​ថ្ងៃ ទាំង​អាពាហ៍ពិពាហ៍ ទាំង​ការ​ប្រជុំ ការ​ជួបជុំ​ជា​លក្ខណៈ​មនុស្ស​លើស​ពី​២០​នាក់​ទៅ​គឺ​មិន​ត្រូវ​ជួបជុំ​ទេ ។ ប៉ុន្តែ​បើ​មានការ​ជួបជុំ​ត្រឹម​២០​នាក់ ត្រូវ​មាន​គម្លាត​ឲ្យ​ឆ្ងាយ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា មិន​មានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ​ឬ​តាម​ផ្លូវ​នោះ​ទេ តែ​សុំ​កុ​ុំ​ឲ្យ​មានការ​កកស្ទះ​តាម​ស្តុ​ប​នានា កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១៥​ឬ​១៦ ខែធ្នូ ។ សម្តេច​តេ​ជោ​បន្ត​ថា ក្រសួង​អប់រំ​ក៏​ត្រូវ​ធ្វើការ​ជា​បន្ទាន់​ចំពោះ​ការ​ផ្អាក​បិទ​សាលារៀន ហើយ​នៅ​រយៈពេល​រៀន​បន្ត​ដែល​ត្រូវ​ប្រកាស​នោះ ក៏​គួរ​ផ្អាក​សិន​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រៀមប្រឡង ។ អី​ុ​ចឹ​ង គួរ​ក្រសួង​អប់រំ​យុវជន និង​កីឡា ណែនាំ​ទៅ​មន្ទីរ​អប់រំ​ដែល​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដូច្នេះ​សូម​អនុវត្ត​បន្ទាន់ ។

ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ឱ្យ​ផ្អាក​រាល់​សកម្មភាព​ជួបជុំ​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ តាម​ការ​សុំ​ច្បាប់​ក្នុង​រយៈពេល​មួយ​ខែវិច្ឆិកា​នេះ នៅ​រាជធានី​ភ្នំពេញ មាន​គូ​អាពាហ៍ពិពាហ៍​ជិត​១​ពាន់​គូ​ដែល​នឹង​ចូល​រោងការ​ក្នុង​ខែធ្នូ​ខាង​មុខ ។ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ខែវិច្ឆិកា​កន្លង​មកនេះ ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​សុំ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ចំនួន​៨៨៦​គូ ។

ចំណែក​នៅ​ខេត្តសៀមរាប​វិញ តាម​តួលេខ​ប្រហាក់ប្រហែល​បាន​បង្ហាញ​ថា ក្រុង​សៀម​រាប​មាន​១៣​សង្កាត់ ។ ការ​សាកសួរ​តាម​សង្កាត់​នីមួយ​ៗ​បានឱ្យ​ដឹង​ថា សង្កាត់​ខ្លះ​៧​គូ ខ្លះ​៩​គូ និង​ខ្លះ​ជាង​១០​គូ ។ ហេតុនេះ​ជា​មធ្យមភាគ​មាន​ចំនួន​ប្រមាណ​ជាង​១០០​គូ ដែល​ត្រូវ​បាន​ផ្អាក​សម្រាប់​រយៈពេល​១៥​ថ្ងៃ ៕​