ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ស្វាគមន៍​វត្តមានដំរី​ឯកោ​១​ក្បាលពី​ប៉ា​​គី​​ស្ថាន​​​​​​​មក​រស់នៅ​ព្រៃ​ធម្មជាតិ​​កម្ពុជា

1 ខែ មុន
  • Siem Reap

ខេត្ត​សៀម​រា​ប ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន បង្ហាញ​ក្តី​មោទនភាព​ដែល​បាន​ស្វាគមន៍​វត្តមាន​ដំរី​អាស៊ី ដែល​មានជីវិត​ឯកោ មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​បាន​ផ្តល់​ជីវិត​ថ្មី​ឲ្យ​រស់នៅ​ក្នុង​តំបន់​ព្រៃធម្មជាតិ ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព នៃ​ប្រទេស​កម្ពុជា ។…

ខេត្ត​សៀម​រា​ប ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន បង្ហាញ​ក្តី​មោទនភាព​ដែល​បាន​ស្វាគមន៍​វត្តមាន​ដំរី​អាស៊ី ដែល​មានជីវិត​ឯកោ មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​បាន​ផ្តល់​ជីវិត​ថ្មី​ឲ្យ​រស់នៅ​ក្នុង​តំបន់​ព្រៃធម្មជាតិ ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព នៃ​ប្រទេស​កម្ពុជា ។

ដំរី​១ក្បាល​ខាងលើ​ឈ្មោះ ​កា​អា​វាន់​ ( Kaavan ) មានអាយុ​​​​៣៥​ឆ្នាំ គឺជា​ប្រភេទ​សត្វ​ដំរី​អាស៊ី ដែល​ពិភពលោក​ទទួលស្គាល់​ថា ជា​ដំរី​ឈ្មោល​មានជីវិត​រស់នៅ​ឯកោ និង​គ្មាន​សេរីភាព​នៅ​ក្នុង​ឧទ្យាន​ជាតិ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។

តាមរយៈ​​ជើងហោះហើរ​ពិសេស​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ​ដំរី​ឈ្មោល​១​ក្បាល​ខាងលើ ត្រូវ​បាន​ក្រុមការងារ​នៃ​អង្គការ​ពិភពលោក ការពារ​អភិរក្ស​សត្វ ​ដឹក​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ​កាលពី​​វេ​លា​ម៉ោង​២​និង​៤៥​នាទី​នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ។

ក្នុង​វត្តមាន​រង់ចាំ​​ការ​មក​ដល់​របស់​សត្វ​ដំរី​ឈ្មោះ​កា​អា​វាន់ ​ខាងលើ​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បង្ហើប​ឲ្យ​ដឹង​​កាលពី​​រសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ ជាមួយនឹង​មោទនភាព ដែល​កម្ពុជា​បាន​ទទួល​ស្វាគមន៍​ដំរី​មួយ​ក្បាល​កំពុង​មានការ​ចាប់អារម្មណ៍​របស់​ពិភពលោក​ ។​

លោក​ក៏​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​ដែរ​ថា អាច​មាន​វត្តមាន​ដំរី​ឈ្មោល​ឈ្មោះ​​កា​អា​វាន់​ មក​ដល់​កម្ពុជានេះ​ គឺ​ដោយសារ​តែ​មានការ​តស៊ូ​មតិ​អស់​រយៈ​ពេល​៥​ឆ្នាំ​របស់​អង្គការ​ពិភពលោក​ការ​ពារ​អភិរក្ស​សត្វ អង្គការ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា ហើយ​នៅ​ក្នុង​ក្រុម​អ្នកតស៊ូ​មតិ​ទាំងនោះ ក៏​មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ប៉ុប​របស់​សហរដ្ឋ​អា​មេ​រិ​ក​ផង​ដែរ ចុង​ក្រោយ​នេះ គឺ​ការ​​សម្រេច​របស់​តុលាការ​កំពូល​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ការ​បញ្ជូនដំរីឈ្មោលឈ្មោះ​ កា​អា​វាន់ មក​កម្ពុជា​។

លោក​បាន​បន្ត​ថា មក​ដល់​កម្ពុជា ដំរីឈ្មោះ កា​អា​វាន់ មិន​ឯកោ​ទៀត​ឡើយ វា​នឹង​មាន​សេរីភាព និង​មានជីវិត​រស់នៅ​ក្នុង​តំបន់​ព្រៃ​ធម្មជាតិ​អភិរក្ស ដែល​អនុញ្ញាត​ដោយ​ក្រសួង បរិស្ថាន និង​គ្រប់គ្រង​ការពារ​ដោយ អង្គ​ការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា ។

លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​ឲ្យដឹង​ទៀត​ថា មក​ដល់​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មាន​ប្រភេទ​សត្វ​ដំរី​អាស៊ី ប្រមាណ​ពី​៤០០ ទៅ​៦០០​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ព្រៃ​ធម្មជាតិ​នៃ​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​នៅ​តាម​ជួរ​ភ្នំក្រវាញ​នៃ​ខេត្តពោធិ៍សាត់ ។ ក្រសួងបរិស្ថាន កំពុង​យកចិត្តទុកដាក់​ទៅ​លើ​កិច្ចការ ការពារ​អភិរក្ស និង ថែរក្សា​ប្រភេទ​សត្វ​ដំរី​អាស៊ី ឲ្យ​បាន​ល្អ​បំផុត ហើយ ក៏​សង្ឃឹម​ដែរ​ថា ដំរី​ឈ្មោះ កា​អា​វាន់ នឹង​កសាង​បាន​គ្រួសារ​ថ្មី នៅ​ក្នុង​តំបន់​ព្រៃ​ធម្មជាតិ ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ដែល​ជា​គោលដៅ​អាណាចក្រ​ថ្មី​របស់​គេ ស្ថិត​នៅ​ក្នុង​ដែន​ភូមិសាស្ត្រ​តំបន់​ព្រៃ​ស្អា​ក​នៃ​ខេត្ត​ឧត្តរ មាន​ជ័យ ។

ក្នុង​ពេល​ដំណើរ​មក​ដល់ ដោយ​មិន​បង្អែរ​បង្អង់​យូរ ក្រុមការងារ​បច្ចេកទេស​នៃ​អង្គការ​ពិភពលោក​ការពារ​អភិរក្ស​សត្វ បាន​ធ្វើការ​ដាក់ចុះ​ពី​យន្តហោះ និង​ធ្វើការ​លើកដាក់​លើ​រថយន្ត ដើម្បី​ដឹក​បន្ត​យក​ទៅ​កាន់​តំ​ប​ន់​អភិ​រក្ស​សត្វ នៅ​តំបន់​ព្រៃ​ស្អា​ក ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)