ដំណាំ​ខ្ទឹម​មាន​ហាងឆេង​ល្អ ធ្វើ​ឲ្យ​កសិករ​នៅ​ភូមិ​នាម​ទទឹង​រីករាយ​គ្រប់​ៗ​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំណាំ​ខ្ទឹម​មាន​ហាងឆេង​ល្អ ធ្វើ​ឲ្យ​កសិករ​នៅ​ភូមិ​នាម​ទទឹង​រីករាយ​គ្រប់​ៗ​គ្នា

1 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ រីករាយ​សប្បាយចិត្ត ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​នៅ​មាន​តម្លៃ​ថ្លៃ​ល្អ​ខុស​ពី​ឆ្នាំ​កន្លង​ទៅ បើ​ទោះបី​ពេល​នេះ​តម្លៃ​ធ្លាក់​ចុះ​បន្តិច​មែន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​អាច​ទទួលយក​បាន ហើយ​រំពឹង​ថា តម្លៃនឹង​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​បន្តិចទៀត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ រីករាយ​សប្បាយចិត្ត ដោយសារ​តែ​បន្លែ​របស់​ពួក​គាត់​នៅ​មាន​តម្លៃ​ថ្លៃ​ល្អ​ខុស​ពី​ឆ្នាំ​កន្លង​ទៅ បើ​ទោះបី​ពេល​នេះ​តម្លៃ​ធ្លាក់​ចុះ​បន្តិច​មែន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​អាច​ទទួលយក​បាន ហើយ​រំពឹង​ថា តម្លៃនឹង​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​បន្តិចទៀត នៅ​ពេល​ប្រជា​កសិករ​បាន​ប្រមូល​ផល​គ្រប់​ៗ​គ្នា​ក៏​ពួក​គាត់​នៅ​អាច​ទទួលយក​បាន​ដែរ ។

ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ស្ត្រី​អ្នក​ធ្វើ​ចំការ​ឈ្មោះ ចាន់ អូន បាន​និយាយ​ឱ្យ​ដឹង​ថា ថ្វីបើ​ដី​គាត់​មាន​ត្រឹម​៣០​អារ ក៏​ពិតមែន តែ​គាត់​បាន​ជួល​ដី​គេ ដើម្បី​ធ្វើ​ចំការ​ឱ្យ​ធំ ។ ក្នុង​ចំការ​គាត់​បាន​ដាំ​បន្លែ​ដូច​ជា ត្រសក់ ត្រឡាច សណ្តែកកួ ប៉ុន្តែ​បន្លែ​ដែល​គាត់​ចាប់អារម្មណ៍​ជាងគេ ព្រោះ​កំពុង​មាន​ទីផ្សារ​ល្អ គឺ​ដំណាំ​ខ្ទឹម ដែល​បច្ចុប្បន្ន​មាន​តម្លៃ​ថ្លៃ​៦​ពាន់​រៀល ក្នុង​១​គីឡូក្រាម ។

សម្រាប់​ដំណាំ​ខ្ទឹម​របស់​គាត់​ពេល​នេះ មិន​ទាន់​ប្រមូល​ផល​ក៏​ពិតមែន តែ​គាត់​សង្ឃឹមថា ៖ ពេល​ខ្ទឹម​គាត់​ប្រមូល​ផល​អាច​ធ្លាក់​ចុះ​ដល់​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ក៏​គាត់​នៅ​តែ​អាច​ទទួលយក​បាន​ដែរ ។

បងប្រុស​ឈ្មោះ ប៉ាត សៅ មាន​ទីលំនៅ​ភូមិ​នាម​ទទឹង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ក៏​បាន​បញ្ជាក់​ដែរ​ថា ៖ គាត់​ជា​អ្នក​ដាំ​ខ្ទឹម​នៅ​ភូមិ​នេះ​យូរណាស់​មក​ហើយ ថ្វីបើ​គាត់​មិន​បាន​ចូល​សហគមន៍​បណ្ដុំ​បន្លែ​ក៏​ពិតមែន ប៉ុន្តែ​តម្លៃ​បន្លែ​របស់​ពួក​គាត់​នៅ​តែ​មាន​ហាងឆេង​ល្អ ។

ជាក់ស្តែង​ខ្ទឹម​គាត់ កាលពី​ទឹក​ឡើង​ថ្មី​ៗ​នេះ ខ្ទឹម​របស់​គាត់​អាច​លក់​បាន​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ក្រោយមក​ទើប​តម្លៃ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ រហូត​បច្ចុប្បន្ន​នៅ​ត្រឹម​៦​ពាន់​៥​រយ​រៀល គាត់​នៅ​តែ​រីករាយ​សប្បាយចិត្ត ព្រោះ​តម្លៃ​នេះ​គាត់​អាច​ទទួលយក​បាន ហើយ​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​ខ្ទឹម​កសិករ​ធ្វើ​បាន​ច្រើន​គ្រប់​ទីកន្លែង ខ្ទឹម​អាច​នឹង​ធ្លាក់​ដល់​៥ ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏​គាត់​នៅ​តែ​អាច​ទទួលយក​បាន​ដែរ ប៉ុន្តែ​កុំឱ្យ​តែ​ចុះ​ទាប​ជាង​នេះ ។

យ៉ាងនេះ​ក្តី បើ​តាម​ការ​បញ្ជាក់​ពី​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ៖ ជា​ការ​ពិត​ណាស់ ដើម​ខ្ទឹម​បាន​ឡើង​ដល់​ជាង ១​ម៉ឺន​រៀល កាលពីដើម​ខ្ទឹម​អត់ គ្មាន​លក់​ក្នុង​ទីផ្សារ ប៉ុន្តែ​ពេល​ខ្លះ​ខ្ទឹម​បាន​ចុះ​ដល់​ក្រោម ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ពេល​ដែល​ខ្ទឹម​សំបូរ​ពេក ហេតុនេះ​អាច​និយាយ​បាន​ថា ៖ តម្លៃ​ទីផ្សារ​មិន​ថេរ​នោះ​ទេ ។ ដោយសារ​តែ​ចង់​រក្សា​ស្ថានភាព តម្លៃ​ឱ្យ​ស្ថិតស្ថេរ មន្ទីរ​កសិកម្ម​ខេត្ត រៀបចំ​ចងក្រង​ជា​សហគមន៍​បណ្ដុំ គឺ​ប្រមូលផ្ដុំ​បន្លែ យក​ទៅ​ដាក់​លក់​តែ​មួយ​កន្លែង ដើម្បី​រក្សា​តម្លៃ​ឱ្យ​មាន​លំនឹង និង​ជាសវាង​មាន​ឈ្មួញ បន្តុះបង្អាប់​ឲ្យ​តម្លៃ​ថោក ។

ជាក់ស្តែង​នៅ​ភូមិ​ត្រពាំង​ក្រពើ យើង​បាន​បង្កើត​សហគមន៍ ប្រមូលផ្តុំ ហើយ​ដំណើរការ​បាន​ជោគជ័យ ដល់​សព្វថ្ងៃ ចំណែក​អ្នក​នៅ​ភូមិ​នាម​ទទឹង ជាប់មាត់​ទន្លេ ពួក​គាត់​មិន​បាន​ចូល​សហគមន៍​ក៍​ពិតមែន តែ​ពួក​គាត់​នៅ​ឃុំ​ជាមួយ​គ្នា​ដែល​អាច​ទទួល​ចំហាយ​ពី​សហគមន៍​នេះ​បាន​ទើប បន្លែ​គាត់​មាន​ទីផ្សារ​ល្អ ៕