​ព្រោះតែជំពាក់​ប្រាក់​ធនាគារទើបប្តី​ប្រពន្ធ​១​គ្រួសារបង្ខំចិត្ត​ដក​ដំឡូង​មី​ទាំង​មិន​ទាន់​គ្រប់​អាយុ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ព្រោះតែជំពាក់​ប្រាក់​ធនាគារទើបប្តី​ប្រពន្ធ​១​គ្រួសារបង្ខំចិត្ត​ដក​ដំឡូង​មី​ទាំង​មិន​ទាន់​គ្រប់​អាយុ

1 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ដល់​ខែ​ដែល​ត្រូវ​បង់ប្រាក់​ទាំង​ដើម និង​ការ ជូន​ដល់​ខាង​មីក្រូហិរញ្ញវត្ថុ​ដែល​ខ្លួន​ខ្ចី កាលពីដើម​ឆ្នាំ​កន្លង​ទៅ​ទើប​ប្តី​ប្រពន្ធ​១​គ្រួ​សារបាន​នាំ​គ្នា​ខំប្រឹង​ប្រែង​ដក​មើមដំឡូង​មី នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​យ៉ាង​មមាញឹក ពេល​ឃើញ​ផ្ទៃមេឃ​ឈប់​បង្អុរ​ភ្លៀង ហើយ​ដី​ក្នុង​ចម្ការ​ក៏​ស្រស់​ល្អ បើ​ទោះបីជា​មិន​ទាន់​គ្រប់​អាយុ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ដល់​ខែ​ដែល​ត្រូវ​បង់ប្រាក់​ទាំង​ដើម និង​ការ ជូន​ដល់​ខាង​មីក្រូហិរញ្ញវត្ថុ​ដែល​ខ្លួន​ខ្ចី កាលពីដើម​ឆ្នាំ​កន្លង​ទៅ​ទើប​ប្តី​ប្រពន្ធ​១​គ្រួ​សារបាន​នាំ​គ្នា​ខំប្រឹង​ប្រែង​ដក​មើមដំឡូង​មី នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​យ៉ាង​មមាញឹក ពេល​ឃើញ​ផ្ទៃមេឃ​ឈប់​បង្អុរ​ភ្លៀង ហើយ​ដី​ក្នុង​ចម្ការ​ក៏​ស្រស់​ល្អ បើ​ទោះបីជា​មិន​ទាន់​គ្រប់​អាយុ ត្រូវ​ប្រមូល​ផល​ក៏​ដោយ​ព្រោះ​ពួក​គេ​ជំពាក់​បំណុល​ខាង​មីក្រូហិរញ្ញវត្ថុ​ដល់​ពេល​ត្រូវ​តែ​សង ដោយ​ខានមិនបាន​ឡើយ លុះ​ខ្លាចក្រែង​គេ​រឹបអូស​យក​ដី និង​ផ្ទះ ក៏​បង្ខំចិត្ត​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​តែ​ម្តង​ចំ​ពេល​ដែល​មើមដំឡូង​មី ហក់​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​បន្តិច ។

ហេតុការណ៍​បុរស​ស្ត្រី ប្តី​ប្រពន្ធ បង្ខំចិត្ត​ដក​មើមដំឡូង​មី​ទាំង​មិន​ទាន់​គ្រប់​អាយុ​លក់​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ចំការ ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​របស់​បុរស​ម្នាក់ ឈ្មោះ ម៉ៅ ជា អាយុ​៣៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ យ៉ង់ សុផល អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​មាន​ដីស្រែ​ចំនួន​៣.៥​ហិ​កតា ដោយ​ព្រោះស្រូវ​ប្រាំង​រយ​:​ពេល​៣​ខែ ក៏​ប្រមូល​ផល​លក់​បាន​ចំនួន​៨​តោន ខណ​:​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក បណ្តាល​ឱ្យ​ស្កក​អស់​មួយ​ចំនួន​មិន​ទទួល​បាន​ផល​ពេញ​ដូច ឆ្នាំ​មុន​នោះ​ទេ ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​ក៏​បាន​ជួល​ដី​គេ​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ដាំពោត​ខ្លះ និង​ដាំដំឡូង​មី​ខ្លះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទើបតែ​បាន​រយ​:​ពេល​៦​ខែ​ប៉ុណ្ណោះ ពោល គឺ​មិន​ទាន់​គ្រប់​ខែ​នោះ​ទេ ដោយសារ​តែ​ជំពាក់​បំណុល​គេ​ចូល​ទារ​ព្រឹកល្ងាច​ៗ ក៏​សម្រេចចិត្ត​ប្រមូល​ផល​បណ្តើរ​ៗ ដើម្បី​បាន​ប្រាក់​យក​ទៅ​សង​ជំពាក់​មីក្រូហិរញ្ញវត្ថុ​ចំនួន​ជាង​២០០០​ដុល្លារ ប៉ុន្តែ​មើលទៅ​ផល​ដំឡូង​មីនេះ​មិន​អាច​សង​ជំពាក់​គេ​គ្រប់​នោះ​ទេ គឺ​អាច​នឹង​សង​បណ្តោះ​ៗ​សល់​ប៉ុណ្ណោះ​នឹង​សន្យា​សង​គេ​នៅ​ពេល​ក្រោយ​ៗ​ទៀត ។

ពួក​គាត់​បាន​បញ្ជាក់​ថា ដំឡូង​មី​ឆ្នាំ​២០២០​នេះ​មិនសូវ​ទទួល​បាន​ផល​ច្រើន​ដូច​ឆ្នាំ​មុន​ទេ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក បណ្តាល​ឱ្យ​ស្អុយរលួយ​អស់​មួយ​ចំនួន រីឯ​ផលដំណាំ​ពោតក្រហម​ក៏​មានការ​ខូច​អស់​ច្រើន​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ទោះបីជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ តម្លៃ​ទីផ្សារ​មើមដំឡូង​មី ហក់​ឡើង​ខ្ពស់​ជាង​មុន​បន្តិច ដោយ​ឈ្មួញ​ទិញ​១​គីឡូក្រាម​តម្លៃ​២.៣០​បាត (​ប្រាក់​ថៃ​) ខ្ពស់​ជាង​ពេល​មុន​ៗ​បន្តិច ធ្វើ​ឱ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ ។

នៅ​ឆ្នាំ​ក្រោយ ដី​ដែល​ដាំដំឡូង​មី​កំពុង​ប្រមូល​ផល​នេះ គឺ​ពួក​គាត់​នឹង​ដាំពោត​ក្រហម​វិញ​ម្តង រីឯ​ដី​ដែល​ដាំពោត​ក្រហម​នឹង​ប្តូរ​ទៅ​ដាំដំឡូង​មី ដើម្បី​ផ្លាស់​ប្តូរ​ការ​ដាំ​ដំណាំ​កុំឱ្យ​មានការ​ខូច​ដី​ជា​ហេតុ​មិនសូវ​ទទួល​បាន​ផល​ច្រើន ។ តែ​ក៏​សម្រេច​ទៅ​លើ​អាកាសធាតុ​ផង​ដែរ បើសិនជា​រាំង​ខ្លាំង​ពេក ឬ​ភ្លៀង​ច្រើន​ពេក​ក៏​មិន​អាច​ឱ្យ​ដំណាំ​ពោត និង​ដំឡូង​មី​ទទួល​បាន​ផល​ច្រើន​នោះ​ដែរ ៕