ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងស្វាគមន៍​ដំរី​ឈ្មោះ ខា​វ៉ា​ន់ ដែល​ជា​ដំរី​ដ៏​ឯកោ​បំផុត​នៅ​លើ​លោកមក​កាន់​ប្រទេស​កម្ពុជា

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ ដំរី​ឈ្មោះ​ខា​វ៉ា​ន់​ដែល​ជា​ដំរី​ដ៏​ឯកោ​បំផុត​នៅ​លើ​លោក​ទីបំផុត​បាន​មក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរនៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ជា​ច្រើន ម៉ោង​នៅ​លើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ កម្ពុជា​បាន​ផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី…

ខេត្តសៀមរាប ៖ ដំរី​ឈ្មោះ​ខា​វ៉ា​ន់​ដែល​ជា​ដំរី​ដ៏​ឯកោ​បំផុត​នៅ​លើ​លោក​ទីបំផុត​បាន​មក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរនៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ជា​ច្រើន ម៉ោង​នៅ​លើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។

កម្ពុជា​បាន​ផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ក្នុង​ពិធី​ទទួល​ដំរី​ខា​វ៉ា​ន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​។

ពិធី​ទទួល​សត្វ​ដំរី​ខា​វ៉ា​ន់​មក​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ របស់​កម្ពុជា​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និង​មន្ត្រី​ជំនាញ​ផ្សេង​ទៀត និង​តំណាង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ កម្ពុជា​ដែល​ជា​អ្នក​ទទួល​ដំរី​ខា​វ៉ា​ន់​យក​ទៅ​ថែរក្សា​និង​ការពារ​។


ក្រោយ​ពី​ទទួល​បានការ​ប្រោះព្រំ​ពី​ព្រះសង្ឃ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដំរី​ខា​វ៉ា​ន់​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ជម្រក​ថ្មី​ដែល​មាន​ទំហំ​ដី ៤.៣៥០ ហិ​កតា​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ​ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បាន​ទទួល​ការ​អនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ​និង​អភិរក្ស​។ នៅ​ក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញិ​ចំនួន ៣ ក្បាល​ដែល​បាន​យក​មក​ពី​ខេត្តមណ្ឌលគិរី​។

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា «​កម្ពុជា​មាន​ក្តី​សោមនស្ស​រីករាយ​ទទួល​ស្វាគមន៍​ដំរី​ខា​វ៉ា​ន់​។ ពី​អំ​ណេះ​តទៅ ដំរី​ខា​វ៉ា​ន់​នឹង​លែង​រស់នៅ​ក្នុង​ភាព​ឯកោ​ទៀត​ហើយ​។ សត្វ​ដំរី​ខា​វ៉ា​ន់​នេះ​នឹង​ត្រូវ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ​ក្រោម​ការ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS)»​។


ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​អន្តរជាតិ ក៏​ដូច​ជា​អ្នកចម្រៀង​ដ៏​ល្បី ស័​រ (Cher) រួម​នឹង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា (CWS) និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​ដើម្បី​អាច​ឱ្យ​ដំរី​អាស៊ី​ដ៏​ឯកោ​មួយ​ក្បាល​នេះ​មាន​សេរីភាព និង​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​។ ផ្ទះ​ថ្មី​របស់​ដំរី​ខា​វ៉ា​ន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ​ដែល​ជា​តំបន់ការពារធម្មជាតិ មួយ​ក្នុង​ចំណោម​តំបន់ការពារធម្មជាតិ​និង​របៀង​អភិ់រក្ស​ជីវៈចម្រុះ​ទាំង ៦៨ កន្លែង​របស់​ប្រទេស កម្ពុជា​។

កម្ពុជា​ដែឡ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ពិភពលោក​ថា​សម្បូណ៌​ដោយ​ជីវចម្រុះ​ជា​ច្រើន ក្នុង​នោះ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត ជិត​ផុត​ពូជ​និង​ប្រភេទ​សត្វ​ដែល​ទទួល​ការ​គំរាមកំហែង គឺ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។


ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​បន្ត​ថា «​ដំរី​ខា​វ៉ា​ន់​គឺជា​ប្រភេទ​ដំរី​អាស៊ី​ដែល​ជា​ប្រភេទ​រង​ការ​គំរាមកំហែង ហើយ​កម្ពុជា​មាន​ប្រភេទ​ដំរី​អាស៊ី​នេះ​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល​ដែល​កំពុង​តែ​រស់ នៅ​ក្នុង​ព្រៃ​នៃ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី និង​នោ​ក្នុង​តំបន់ ជួរ​ភ្នំ​ក្រ​វ៉ា​ញ​។ កម្ពុជា​មាន​ដំរី​ស្រុក​ប្រមាណ​ជាង ៧០ ក្បាល​ផង​ដែរ​»​។

សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ា​ន់​នេះ​នឹង​ត្រូវ​យក​ទៅ​ចិញ្ចឹម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្ថិត​នៅ​ក្នុងភូមិ​អូ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ មាន​ជ័យ​ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុង​ការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ព​ន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ថា «​ជាមួយ​វិធានការ​អនុវត្ត​ច្បាប់​ដ៏​តឹង​រឹង​របស់​សមត្ថកិច្ច និង​ការ​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ កម្រិត​នៃ​បទល្មើស​បរបាញ់​សម្លាប់សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​ដើម្បី​ប្រើប្រាស់​តាម​ជំនឿ​ពី​បុរាណ​មក​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ស្ទើរតែ​គ្មាន​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បន្ត​ថា «​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ក្នុង​នោះ «​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG)» ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​មានការ​ចូលរួម​ពី​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាម​រយៈ​ការ​រក្សា​ស្ថិរភាព​និង​ជំរុញ​ឱ្យ​មាន​កំណើន​ចំនួន​ប្រភេទ​នេះ​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យ​នៅ​គង់វង្ស​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​រយៈពេល ១០ ឆ្នាំ គឺ​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយ​បាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន ៦ ក្នុង​នោះ​រួម​មាន ១) ការ​កាត់​បន្ថយ​ការ​បាត់បង់​ទីជម្រក ២)​អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើង​វិញ ៣) ពង្រឹង​ការ​អនុវត្ត​ច្បាប់ ៤) បង្ការ​មិន​ឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ៥)​បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស ៦)​អប់រំ​ផ្សព្វផ្សាយ និង​ដាក់​ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​»​។


ឯកឧត្តម​បាន​បន្ត​ថា យោង​តាម​ការ​ប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល ១០ ឆ្នាំ​ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ចំនួន ៤០,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែល​ជា​គម្រោង​ថវិកា​រំពឹង​ថា​នឹ​ថ​បាន​មក​ពី​ប្រភព​រួម​បញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕