ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដឹងបាត់​កូនស្រី​​ភ្លាម​! ម្តាយ​អំពាវ​នាវពី​ក្រៅ​ប្រទេស​សុំជួយរក​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​ពលករបម្រើ​ការងារ​តាម​ផ្ទះ​​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូនស្រី​ម្នាក់​នៅ​ឯ​ស្រុក​កំណើត​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ មិនដឹង​ថា​កូនស្រី​មាន​បញ្ហា​អ្វីនោះទេ ស្រាប់តែ​​ចេញពីផ្ទះ​ ហើយ​បាត់​ខ្លួន​មិនដឹង​ទៅ​ទីណា​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ…

ខេត្តស្វាយរៀង ​៖ ​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​ពលករបម្រើ​ការងារ​តាម​ផ្ទះ​​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូនស្រី​ម្នាក់​នៅ​ឯ​ស្រុក​កំណើត​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ មិនដឹង​ថា​កូនស្រី​មាន​បញ្ហា​អ្វីនោះទេ ស្រាប់តែ​​ចេញពីផ្ទះ​ ហើយ​បាត់​ខ្លួន​មិនដឹង​ទៅ​ទីណា​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ ​ទើប​ដំណឹង​នេះ​បាន​​ដឹង​​ដល់​ម្តាយ​អំពាវនាវពីក្រៅប្រទេសដើម្បី​​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​រក​កូនស្រី ។​

​ស្ត្រីជា​ម្តាយ​ខាងលើ​ឈ្មោះ​ម៉ៅ សា​វ៉េ​ត អាយុ​ជាង​៤០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តស្វាយរៀង ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ថា កូនស្រីដែលបាត់ខ្លួន​​​ខាងលើ​​ឈ្មោះ​ម៉ៅ គ​ន្ធា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។ ដោយសារ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ​ទើប​ពុំ​អាច​មក​លេង​កូនស្រី​ជាទី​ស្រលាញ់​បាន​នោះ​ទេ​ ​តែ​អ្វី​ដែល​ស្ត្រី​​ជាម្តាយរូប​​នេះ​កំពុង​តែ​សម្រក់​ទឹកភ្នែក​ កឺ​ដោយសារ​កូនស្រី​​ម្នាក់​ដែល​ស្រឡាញ់​ស្មើ​ជីវិត បាន​ចាក​ចេញពីផ្ទះ​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សាច់ញាតិ​ឱ្យ​បានដឹង​ឡើយ ទើប​ធ្វើ​ឲ្យ​គាត់​ចេញ​មក​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​ជួយ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​កូនស្រី​​បាន​ដឹង​និង​វិល​មក​ផ្ទះ​វិញ​។​ ​

ស្ត្រី​ខាងលើបាន​បន្ត​ថា​ ​គាត់​ជា​ស្ត្រី​មេម៉ាយ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​ទុក​កូនស្រី​ជាទី​ស្រឡាញ់​ផ្ញើ​ជាមួយ​យាយ​តា​ឱ្យ​មើលថែ​នៅ​ស្រុក​កំណើត ហើយ​បាន​ផ្ញើ​ថវិកា​ឱ្យ​កូន​រៀន​រហូត​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ស្វាយ​រៀង​។​

​ស្ត្រី​​ខាងលើ​បាន​បន្ត​ថា ​គាត់​​បាន​បែក​ពី​ស្វាមី​តាំង​តែ​ពី​កូន​នៅ​ក្នុង​ផ្ទៃពោះ​មក​ម្ល៉េះ ហើយ​បាន​តស៊ូ​ចិញ្ចឹម​កូន រហូត​បាន​ចូល​រៀន​តាំងពី​សាលា​បឋម​សិក្សា រហូត​ដល់​ថ្នាក់​សាកលវិទ្យាល័យ​ ។ ​នៅ​ពេល​ថ្មី​ៗ​នេះ កូនស្រី​របស់​កាត់​បាន​ធ្វើការ​នៅ​ឲ្យ​ក្រុមហ៊ុន​មួយ ហើយ​ក៏​មាន​គូ​ដណ្ដឹង​ផង​ដែរ​។ ដោយ​ក្តី​ស្រឡាញ់​កូន​ ​គាត់​​តែងតែ​ទូរស័ព្ទ​ជួប​កូន​ជា​រៀងរាល់ថ្ងៃ ព្រោះ​គាត់មិន​អាច​វិល​មក​ស្រុក​ខ្មែរ​បាន​ទេ ដោយសារ​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​មានការ​នឹករឭក​ដល់​កូន​ជា​ពន់ពេក​។

​ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កូនស្រី​បាន​ចាក​ចេញពីផ្ទះ​ដោយ មិនដឹង​មូលហេតុ និង​មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ ធ្វើ​ឲ្យ​សាច់ញាតិ យាយ​តា ក៏​ដូច​ជា រូប​​គាត់​ផ្ទាល់​មានការ​បារម្ភ​ជា​ខ្លាំង ​ខ្លាច​កូន​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

តាម​រយៈ​​សារព័ត៌មានកោះសន្តិភាព​ អ្នកស្រី​សូម​អំពាវនាវ​ដល់​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានឃើញ​រូប​កូនស្រី​មាន​ភិនភាគ​ដូច​ក្នុង​រូបថតនេះ​ សូម​ជួយ​ប្រាប់​​នាង​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ផង ព្រោះ​ម្ដាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​០៩៧ ៨ ០៧០ ២២៥ និង ០៧១ ៧ ៧៧៥ ១៥២៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ