ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រវត្តិ​រឿង​រ៉ាវ​​រមណីយដ្ឋាន​ភ្នំ​ដា អតីត​ដែនដី​នគរ​ភ្នំ មិនមនុស្ស​មួយ​ចំនួន​មិន​ដឹង

1 ខែ មុន
  • Takéo

ខេត្តតាកែវ​៖​ប្រាសាទភ្នំដា​កសាង​នៅ​លើ​កំពូលភ្នំ​ដា មាន​កម្ពស់​៤០​ម៉ែត្រ ។ ប្រាសាទ​នេះ​បែរមុខ​ទៅ​​ទិស​ខាងជើង​សំដៅ​ទៅ​រក​រាជធានី​នគរ​ភ្នំ ដែល​ទីតាំង​ស្ថិត​នៅ​ស្រុក​អង្គរបុរី​សព្វថ្ងៃ ។ ឯកសារ​រដ្ឋបាល​ខេត្ត​ពណ៌នា​ថា ប្រាសាទ​នេះ​កសាង​អំពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់…

ខេត្តតាកែវ​៖​ប្រាសាទភ្នំដា​កសាង​នៅ​លើ​កំពូលភ្នំ​ដា មាន​កម្ពស់​៤០​ម៉ែត្រ ។ ប្រាសាទ​នេះ​បែរមុខ​ទៅ​​ទិស​ខាងជើង​សំដៅ​ទៅ​រក​រាជធានី​នគរ​ភ្នំ ដែល​ទីតាំង​ស្ថិត​នៅ​ស្រុក​អង្គរបុរី​សព្វថ្ងៃ ។

ឯកសារ​រដ្ឋបាល​ខេត្ត​ពណ៌នា​ថា ប្រាសាទ​នេះ​កសាង​អំពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់ ជា​រាង​កា​រ៉េ ជ្រុង នីមួយ​ៗ​មាន​១២​ម៉ែត្រ និង​មាន​កម្ពស់​១៨​ម៉ែត្រ ពុំ​មាន​ជណ្តើរ​ទេ មាន​ទ្វារ​៣​ជា​ទ្វារបញ្ឆោត និង​ទ្វារ​១​ជា​ទ្វារ​ពិត​នៅ​ជញ្ជាំង​ខាងជើង ហើយ​ជញ្ជាំង​ក្រាស់​ខុស​ប្លែក​ពី​ប្រាសាទ​នានា ។ ប្រាសាទ​ភ្នំដា​ពុំ​មាន​របង (​កំពែង ឬ​កំផែង​) ព័ទ្ធ​ជុំវិញ​ទេ ។

នៅ​ខាងក្នុង​ប្រាសាទ​មាន​តាំង​លិង្គព្រះឥសូរ​តាំងពី​សម័យ​សាងសង់​ប្រាសាទ​សម្រាប់​ជាទី​សក្ការ​បូជា ។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី​៦ ក្នុង​រជ្ជកាល​ព្រះបាទ​រុ​ទ្រ​វរ្ម័ន ជា​ក្សត្រ​ចុង​ក្រោយ​​ក្នុង​សម័យ​អាណាចក្រ​ភ្នំ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​ដោយសារ​តែ​ប្រាសាទភ្នំដា​មាន​អាយុកាល​ចាស់​តាំងពី​សតវត្ស​ទី​៦​នោះ​ទើប​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ជួសជុល​ឡើង​វិញ​(​សតវត្ស​ទី​១១) ដោយ​កត់សម្គាល់​ឃើញ​ផ្តែរ និង​សសរ​ពេជ្រ​ប្រហាក់ប្រហែល​គ្នា និង​រចនា​បទ​ឃ្លាំង​។ ដោយឡែក​ផ្តែរ​សសរ​ពេជ្រ​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​អង្គរបុរី​តាំងពី​ឆ្នាំ​១៩៩៩ ។ ប្រាសាទភ្នំដា​គឺជា​ប្រាសាទ​ទោល ។

សកម្មភាព​ទេសចរណ៍​៖ ដើម្បី​ទៅ​សម្រាក​លំហែកាយ កម្សាន្ត​សប្បាយ ភ្លក្ស​រសជាតិ​ម្ហូបអាហារ​ក្នុង​តំបន់ និង​ការ​សិក្សា​ស្រាវជ្រាវ ។

សក្តានុពល​ទេសចរណ៍​៖ ភ្នំ​ដា​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​សិក្សា​ស្រាវជ្រាវ ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ឡើង​ដំបូង​បង្អស់​នូវ​ទឹកដី​ប្រទេស​កម្ពុជា​(​នគរ​ភ្នំ​)​ក្នុង​សម័យកាល​ដ៏​យូរលង់​ណាស់​មក​ហើយ ។ រីឯ​ទេសភាព​ជុំវិញ​ភ្នំ​ក៏​មាន​សម្រស់​គួរ​ឱ្យ​គយគន់ នា​រដូវវស្សា​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​លំហ​ទឹកធំ​ល្ហល្ហេវ​ដូច​ជា​សមុទ្រ ហើយ​នៅ​រដូវប្រាំង​គឺជា​វាលស្រែ​ធំ​ល្វឹងល្វើយ​មើល​ដាច់​កន្ទុយភ្នែក ។

ទេវ​កថា ផ្តែរ និង​ហោជាង​ប្រាសាទភ្នំដា​ទាក់ទង​នឹង​រឿង​កូរ​សមុទ្រ​ទឹកដោះ ជា​និច្ចកាល​ពួក​ទេវៈ​(ទេវតា​) និង​ពួក​អសុ​រៈ (​យក្ស​) ពុំដែល​ត្រូវ​គ្នា​ទេ ស្រាប់តែ​ពេល​មួយ​ពួក​គេ​បាន​ឯកភាព​គ្នា​កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​យក​ទឹកអម្រឹត គេ​ក៏​បាន​យក​ភ្នំ​មន្តរៈ​ដាក់​ចំ​កណ្តាល​សមុទ្រ​ទឹកដោះ ហើយ​យក​នាគ​វិ​សុ​គិ​មក​ធ្វើ​ជា​ខ្សែ​សម្រាប់​ទាញ​បង្វិល​ភ្នំ​ឱ្យ​វិល ។

ពេល​នោះ​ពួក​អសុ​រៈ ចាប់​ទាញ​ខាង​ក្បាល និង​ពួក​ទេវៈ​ចាប់​ទាញ​ខាង​កន្ទុយ ប៉ុន្តែ​ការ​ទាញ​ពុំ​អាច​ពុំ​អាច​ធ្វើ​ឱ្យ​ភ្នំ​មន្តរៈ​វិល​បាន​ទេ ។ ប្រមើល​ឃើញ​ដូច​នោះ​ព្រះ​វិស្ណុ​បាន​អវតា​ខ្លួន​(​ប្រែខ្លួន​) ព្រះ​អង្គ​ជា​អណ្តើ​កកូ​ម៌ មក​ដល់​ក្រោម​ភ្នំ​ដើម្បី​ជួយ​ទេវៈ និង​អសុ​រៈ​ឱ្យ​បាន​សម្រេច​ដូច​បំណង ។ ពេល​កំពុង​កូរ​សមុទ្រ​ទឹកដោះ​នោះ ពពួក​នា​ទេព​អប្សរា​បាន​ចេញ​មក​រេ​រាំ​អបអរសាទរ​ពួក​គេ​ទាំង​ពីរ​ក្រុម​។ សម្រស់​នាង​ទេព​អប្សរា​បាន​ធ្វើ​ឱ្យ​ពួក​អសុ​រៈ​និង​ទេវៈ​ភ្លាំង​ភ្លឹក​លែង​នឹកឃើញ​ដល់​ទឹក​អម្រឹត​។

ពេល​នោះ​ទឹកអម្រឹត​កកើត​មាន​ឡើង ឃើញ​ដូច​នោះ​រាហូ​ក៏​បាន​ទៅ​ក្រេបទឹក​អម្រឹត​នោះ​ទៅ​។ ពេល​រាហូ​កំពុង​ក្រេបទឹក​អម្រឹត ព្រះអាទិត្យ និង​ព្រះ​ចន្ទ​ឃើញ​ក៏​បាន​រាយការណ៍​ទៅ​ព្រះ​វិស្ណុ ព្រះ​អង្គ​ក៏​បាន​យក​កងចក្រ​គ្រវែង​ទៅ​លើ​រាហូ​បណ្តាល​ឱ្យ​ដាច់​ត្រឹម​ក តែ​រាហូ​មិន​ស្លាប់​ទេ​ព្រោះ​បាន​ក្រេបទឹក​អម្រឹត​ដល់​ត្រឹម​ក​ប៉ុណ្ណោះ រីឯ​នាគ​វា​សុ​គិ​ខឹង​ក៏​បាន​ព្រួស​ពិស​ទៅ​លើ​រាហូ តែ​ពិស​នោះ​បែ​ជា​ទៅ​ប៉ះ​ព្រះ​ឥន្ទ​ទៅ​វិញ​ធ្វើ​ឱ្យ​មុខ​ព្រះ​ឥន្ទ​មាន​ពណ៌​ខៀវ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំពោះ​ទឹកអម្រឹត​កាលបើ​បាន​ផឹក​ហើយនឹង​មាន​ជី​វិត​អមតៈ ដូច្នេះ​ហើយដោយ​សារ​តែ​រាហូ​បាន​ក្រេបទឹក​អម្រឹត​ដល់​ត្រឹម​ក ទើប​ពេល​ដែល​ព្រះ​វិស្ណុ​គ្រវែង​កងចក្រ​ត្រូវ​ដាច់​ត្រឹម​ក​ពុំ​ស្លា.ប់​ដោយ​មាន​តែ​ក្បាល​ពុំ​មានខ្លួន​ដល់​សព្វថ្ងៃ ។

រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ដា ស្ថិត​នៅ​ខាងកើត​ទីរួមខេត្ត​តាកែវ ក្នុងភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក ស្រុក​អង្គរបុរី ។ មាន​ចម្ងាយ ២៥​គីឡូម៉ែត្រ​តាម​ផ្លូវទឹក និង​៦៥​គីឡូម៉ែត្រ​តាម​ផ្លូវគោក​ពី​ទីរួមខេត្ត​តាកែវ ។ អ្នកទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​កង់ ម៉ូតូ រថយន្ត​តាម​ផ្លូវគោក និង​ទូក អូ​ប័​៊​រ​តាម​ផ្លូវ​ទឹក៕