ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ​បញ្ជាក់​ថា​ បាន​ឆ្លើយ​ឆ្លង​​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ​ជាមួយ​អគ្គនាយក​ពន្ធ​នាគារ​ដែល​កើត​កូ​វី​ដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្តេច​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃក្រោយ​ពី​សម្តេច​ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​បាន​ជួប​ប្រជុំ ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្តេច​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃក្រោយ​ពី​សម្តេច​ និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​បាន​ជួប​ប្រជុំ ​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ឯកឧត្តម ឆែម សា​វុ​ធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​​​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ និង​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ ត្រូវ​បាន​តេស្ត​ឃើញ​មាន​វិជ្ជមាន​កូវីដ​១៩ កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ។

សម្តេច ស ខេ​ង បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​នា​រសៀល​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ដោយ​បាន​បញ្ជាក់​ថា សម្តេច​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដោយសារ​តែ​កាលពី​ម៉ោង ៨ និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែវិច្ឆិកា កន្លង​ទៅ សម្តេច​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដី​ពី​ការ​បន្ធូរ​បន្ថយទោស និង​លើក​លែងទោស ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី ។

សម្តេច​បាន​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃ​នោះ ឯកឧត្តម ឆែម សា​វុ​ធ អគ្គនាយក​នៃ​​អគ្គ​នាយកដ្ឋាន​ព​ន្ធនា​គារ ក្រសួងមហាផ្ទៃ ក៏​បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំ​ដៅ និង​បាញ់​អាល់កុល​សម្លា.ប់​មេរោគ ដូច​រូប​ខ្ញុំ ព្រមទាំង​អ្នកចូលរួម​អង្គប្រជុំ​ផ្សេង​ទៀត​​ដែរ​។ ប៉ុន្តែ​នៅ​ក្នុងអំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់​ចេញពី​មាត់​ចំនួន​១​ដង ​ដើម្បី​មាន​មតិ​ខ្លី​មួយ​។

សម្តេច ស ខេ​ង បាន​បន្ថែម​ទៀត​ថា «​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏​បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សា​វុ​ធ ហើយ​ពេល​នោះ​ដែរ គាត់​ក៏​បាន​ក្រោកឈរ និង​មានការ​ឆ្លើយឆ្លង​គ្នា​ខ្លី​មួយ​ម៉ាត់​ពីរ មុន​ពេល​ខ្ញុំ​ចាក​ចេញពី​បន្ទប់​ប្រជុំ​» ។

សម្តេច​ក៏​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កិច្ចប្រជុំ​នោះ​ដែរ តាម​ព័ត៌មាន​ដែល​សម្តេច​ទទួល​បាន គឺ ឯកឧត្តម ឆែម សា​វុ​ធ ក៏​បាន​បន្ត​បំពេញការងារ​ជា​ធម្មតា និង​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​ផ្ទេរ​អ្នកទោស​ដែល​បាន​ផ្ទេរ​ចេញ​មួយ​រយៈ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ​ចូល​មក​កាន់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​វិញ​ផង​ដែរ​។

សម្តេច​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ថែម​ថា ជា​ប្រការ​គួរ​ឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សា​វុ​ធ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​-១៩ បន្ទាប់​ពី​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍ ហើយ​លទ្ធផល​ជា​បន្តបន្ទាប់​ក៏​បង្ហាញ​ថា​ឯកឧត្តម ឆែម សា​វុ​ធ និង​សមាជិក​ចំនួន​ទៀត​ក៏​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​។

សម្តេច​ក្រឡាហោម បាន​បញ្ជាក់​អំពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ដូច្នេះ​ថា «​ដូច្នេះ​គឺជា​ការ​ចាំបាច់​បំផុត​​ដែល​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាង​ណា ខ្ញុំ​នៅ​តែ​បន្ត​បំពេញភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា​ពី​​ថ្នាក់​ដឹក​នាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ​ជា​ធម្មតា​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់​ដោយ​ឡែក​នៅផ្ទះ​របស់ខ្ញុំ​» ។

សម្តេច​ក៏​បាន​អំពាវនាវ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល និង​នគរបាល​ជាតិ ដែល​មានការ​ពាក់ព័ន្ធ​ដោយ​​ផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ និង​អនុវត្ត​ការ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​​ដោយឡែក​ដើម្បី​តាមដាន​សុខភាព​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យ​បាន​ច្បាស់លាស់​បំផុត ។

ដោយឡែក​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាល​ជាតិ ដែល​មិន​មានការ​ជាប់​ពាក់ព័ន្ធ​ សូម​​បន្ត​បំពេញភារកិច្ច​ជា​ធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការ​ប្រមូលផ្ដុំ និង​តាមដាន​សុខភាព​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ