ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​រាយ​ការ​ព័ត៌មាន​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី គួរ​ជៀសវាង​ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ជន​រង​គ្រោះ​!

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​កិច្ចការ​នារី សហការ ជាមួយ​ក្រសួង​ព័ត៌មាន ក្លឹ​ប​អ្ន​កាសែត និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​គាំទ្រ​ថវិកា​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តី​អំពី «​លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី​»…

រាជធានី​ភ្នំពេញ ៖ ក្រសួង​កិច្ចការ​នារី សហការ ជាមួយ​ក្រសួង​ព័ត៌មាន ក្លឹ​ប​អ្ន​កាសែត និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​គាំទ្រ​ថវិកា​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តី​អំពី «​លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី​» នៅ​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ​២០២០​នៅ​ក្រសួង​កិច្ចការ​នារី​។

កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ​២០១៧ ក្នុង​គោលបំណង​សំខាន់ ៣ ៖ ទី​១) ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម ចូលរួម​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ទី​២) ដើម្បី​ឱ្យ​សិក្ខាកាម​បាន​យល់​ដឹង​បន្ថែម​ពី​ឬ​ស​គល់ ព្រមទាំង​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ដឹង​ពី​របៀប​ក្នុង​ការ​ផ្តល់​សេវា​ជួយ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​។ និង​ទី​៣) ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ចូលរួម​អនុវត្ត ក្រម​ប្រតិបត្តិ​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី កាន់តែ​មាន​ប្រសិទ្ធិ​ភាព​។

លោក​ជំទាវ ប៊ុ​ន​ពុ​ទ្ធី អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមការងារ​តាមដាន​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី។

នា​ឳ​កាស​នោះ​ផង​ដែរ លោក​ជំទាវ ប៊ុ​ន​ពុ​ទ្ធី អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមការងារ​តាមដាន ការ​អនុវត្ត​ក្រម​នេះ បាន​មាន​ប្រសាសន៍​ថា «​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកជំនាញ ទទួលស្គាល់​ថា ការងារ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ក៏​ដូច​ជា​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី គឺ​ចាំបាច់​ណាស់​ត្រូវការ​ការ​ចូលរួម​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម ជា​ពិសេស​តាម​រយៈ​តួនាទី​យ៉ាង​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដែល​ជា​ភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល​លើ​សាធារណជន​ទូទៅ​»​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧ “​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី​” ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​ក្រម​នេះ​ដែល​មាន ១៥​ប្រការ​ផង​ដែរ ដោយ​មានការ​ចុះហត្ថលេខា​រួម រវាង​ក្រសួងព៍ត៌មាន​និង​ក្រសួង​កិច្ចការ​នារី​។ ក្នុង​នោះ​នៅ​ក្នុង​ប្រការ​១០ បាន​ចែង​ថា​៖ សារព័ត៌មាន​គួរ​ប្រើប្រាស់​ភាសា​ឱ្យ​បាន​សមរម្យ នឹង​សុក្រឹត ដើម្បី​រក្សា​ភាព​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ​នៅ​ពេល​រៀបរាប់​អំពី​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​។ ត្រូវ​ចៀសវាង​ប្រើប្រាស់​ពាក្យ​ដូច​ជា ស្រី​សាវា ខ្ជិលច្រអូស អាស សហា​ស្មន់ ល្មោភកាម ជាដើម​ទៅ​លើ​ជន​រង​គ្រោះ និង​ភាសា​អសុរោះ​ដែល​មិន​សមរម្យ​ផ្សេង​ទៀត នៅ​ពេល​ដែល​រៀបរាប់​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី​។

លោក​ជំទាវ សង្កតធ្ងន់​ថា «​សារព័ត៌មាន ពិតជា​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ជា​ពិសេស​តួនាទី​ក្នុង ការ​ផ្តល់​ព័ត៌មាន​និង​សារ​នានា ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌ និង​លើកទឹកចិត្ត​ដល់​សង្គម និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ជន​រង​គ្រោះ ដោយ​គ្មាន​ការ​រើសអើង និង​ជំរុញ​ការ​អនុវត្ត​ច្បាប់ ព្រមទាំង​ការ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​គ្មាន​វប្បធម៌​លើកលែងទោស​ដល់​ជនល្មើស​ឬ​អ្នក​ប្រព្រឹត្ត​»​។

លោក Laurent Triponey ទីប្រឹក្សា​ទី​មួយ​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា។

លោក Laurent Triponey ទីប្រឹក្សា​ទី​មួយ​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ស្ថានទូត​បារាំង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​វគ្គ​បណ្តុះបណ្តាល​នេះ ព្រោះ​ការ​លើកកម្ពស់​សមភាព​រវាង​បុរស​និង​ស្ត្រី គឺជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​បារាំង​។ ក្នុង​ន័យ​នេះ ប្រទេស​បារាំង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អន្តជាតិ​មួយ​សម្រាប់​ឆ្នាំ​២០១៨-២០២២ ដើម្បី​លោក​ស្ទួយ​សមភាព​យែ​ន​ឌ័​រ ដោយ​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​ការពារ​ស្ត្រី​ប្រឆាំង​នឹង​អំពើ​ហិង្សា​គ្រប់​ទម្រង់​»​។

សូម​ជម្រាប​ជូន​ថា អង្គការ​អាក់​សិន​អេ​ត​កម្ពុជា បាន​ចូលរួម​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​តាមដាន​ការ​អនុវត្ត​ក្រមសីលធម៌​ក្នុង​ចំណោម​អ្នក​សារព័ត៌​មាននៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ក្រុមការងារ​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា បាន​រក​ឃើញ​ថា​ករណី​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ត្រូវ​បាន​អ្នករាយការណ៍​ព័ត៌មាន និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន មួយ​ចំនួន បាន​ធ្វើ​សេចក្តីរាយការណ៍ ប្រាសចាក​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ស្ត្រី និង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​៕