ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2020នេះ អ្នកបាត់បង់ជីវិតដែលសង្ស័យថា មកពីពុលស្រានោះបានកើនឡើងចំនួន4នាក់ហើយ ចំណែកអ្នកពុលផ្សេងទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងក៏បានកើនឡើងរហូតដល់ជាង60នាក់ដែរ នេះបើយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹកនេះ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី29 វិច្ឆិកានេះថា អ្នកបាត់បង់ជីវិតដែលសង្ស័យថាពុលស្រា.ស ស្រាថ្នាំ ក្នុងវិធីកំដរបុណ្យសព គឺបានកើនឡើង4នាក់ ចំណែកអ្នកដែលរងការពុលដូចគ្នានេះដែរចំនួន64 នាក់ ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរកំពុងត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅឡើយ។
ដោយឡែកតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា អ្នកដែលរងគ្រោះបាត់បង់ជីវិតដោយសារសង្ស័យថាពុលស្រាខាងលើ គឺមាននៅភូមិបឹងស្ទេងចំនួន២នាក់ និងភូមិ ក្រោយវត្តវត្តចំនួន២នាក់ ហើយភូមិទាំង២នេះស្ថិតនៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ នៅភូមិបឹងស្ទេង ឃុំខ្លុងពពក នារសៀលថ្ងៃទី28 ខែវិច្ឆិកាកន្លងទៅ មានការភ្ញាក់ផ្អើលដោយសារតែប្រជាពលរដ្ឋជាច្រើននាក់ដែលបានទៅកំដរបុណ្យសពក្នុងភូមិមានអាការៈចុកពោះ រាគ និងចុកដើមទ្រូង ដែលសង្ស័យថាពុលស្រា.ស ស្រាថ្នាំ ពេលផឹកក្នុងពេលកំដរបុណ្យសព ហើយក៏បានដឹកមកសង្គ្រោះនៅឯ មណ្ឌលសុខភាពស្រុក ប៉ុន្ដែដោយសភាពការណ៍ធ្ងន់ធ្ងរក៏បន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ ។ យ៉ាងនេះក្តី នៅយប់ថ្ងៃដដែលមនុស្សចំនួន4នាក់បានបាត់បង់ជីវិត និងបានដឹកត្រឡប់ទៅធ្វើបុណ្យនៅលំនៅឋានវិញ។
ទោះបីជាយ៉ាង តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា តួលេខខាងលើនេះ នៅមិនទាន់ជាក់លាក់នៅឡើយនោះទេ ព្រោះមានខ្លះបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងខ្លះទៀតទៅមន្ទីរពេទ្យអារាជធានីភ្នំពេញដោយខ្លួនឯង ។
សូមរំលឹកដែរថា នៅស្រុកទឹកផុសនេះ ជាករណីទី2 ហើយ ដែលមានមនុស្សបាត់បង់ជីវិតដោយសារការពុល ដោយករណីទីមួយនោះគឺមនុស្ស៣នាក់បានបាត់បង់ជីវិត និង13នាក់ទៀតបានជួយសង្គ្រោះដោយសារការពុលទឹកអណ្ដូង លុះគ្រាដែលពួកគាត់ទៅច្រូតស្រូវនៅស្រែ កាលពីថ្ងៃទី 25 ខែវិច្ឆិកា ។ ចំណែកករណីទីពីរនេះ គឺការពុលស្រា ខណៈពេលដែលពួកគាត់ទៅរក្នុងពិធីកំដរបុណ្យសព ៕
ចែករំលែកព័តមាននេះ