ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ ​និង​សៀមរាប ​​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​មក​ធ្វើតេស្ត​នៅ​​តាម​​ទីតាំង​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​បញ្ជាក់​ថា​អ្នក​​ដែល​ប៉ះពាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ ១៩ ដែល​មាន​តួនាទី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រពន្ធ​របស់​លោក និង​ក្រុម​គ្រួសារ​គាត់…

រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​បញ្ជាក់​ថា​អ្នក​​ដែល​ប៉ះពាល់​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ ១៩ ដែល​មាន​តួនាទី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រពន្ធ​របស់​លោក និង​ក្រុម​គ្រួសារ​គាត់ (​សរុប​៦​នាក់​) ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​​នៅ​តាម​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្តសៀមរាប ស្ទឹង​ត្រែង មណ្ឌល​គី​រី និង​ខេត្តបន្ទាយមានជ័យ សម្រាប់​អ្នក​រស់នៅ​តាម​ខេត្ត​ខាងលើ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ខ្លួន​ថា ដោយសារ​តែ​លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ដែល​រក​ឃើញ​វិជ្ជ​មាន​កូ​វី​ដ ១៩ មានការ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ និង​​ដោយសារ​តែ​អ្នកជំងឺ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀម​រាម និង​នៅ​ទីកន្លែង​ផ្សេង​ៗ​ទៀត ដូច​ជា​​ផ្សារ​ទំនើប​អ៊ី​អន​១ រាជធានី​ភ្នំពេញ និង​ខ​ត្ត​បន្ទាយ​មាន​ជ័យ ជាដើម ហើយ​អ្នក​ប៉ះពាល់​ផ្ទាល់​មួយ​ចំនួន ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​គី​រី និង​អាច​មាន​ខេត្ត​ផ្សេង​ៗ​ទៀត នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​ទៅ ក្រសួងសុខាភិបាល បាន​រៀបចំ​ក្រុមការងារ​យក​វត្ថុ​សំណាក ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩ ។

បន្ថែម​ពីលើ​នេះ​ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​បុគ្គល​ទាំងអស់​ដែល​ពាក់ព័ន្ធ ឬ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ខាងលើ ឲ្យ​ទៅ​ពិនិត្យ​ធ្វើតេស្ត​នៅ​ទីតាំង​ដូច​ខាងក្រោម​​ ៖

A – អ្នក​នៅ​ភ្នំពេញ ត្រូវ​មក​ពិ​និ​ត្យ​ធ្វើតេស្ត​នៅ​ទីតាំង​ចំនួន៣ ចាប់ពី​ម៉ោង ៧ និង ៣០ នាទី​ព្រឹក​នៃ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ៖
១- សូម​អញ្ជើញ​មក​ធ្វើតេស្ត​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ
២- បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន​១ រាជធានី​ភ្នំពេញ
៣- ពន្ធ​ធនាគារ​ព្រៃ​ស ។ ក្នុង​នោះ​ផង​ដែរ ក្រុមការងារ​ក្រសួង​នឹង​យក​វត្ថុ​សំណាក​នៅ​កន្លែង​ផ្សេង​ៗ​​ទៀត ក្នុង​ករណី​ចាំបាច់

B – រីឯ​អ្នក​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នៅ​ខេត្តសៀមរាប ៖ ត្រូវ​មក​ពិ​និ​ត្យធ្វើតេស្ត​នៅ​ទីតាំង នៅ សាលា​គរុកោសល្យ ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ចាប់ពី​ម៉ោង ៧ និង ៣០ នាទី​ព្រឹក​តទៅ ។

សម្រាប់​អ្នក​ពាក់ព័ន្ធ​នៅ​បណ្តា​ខេត្ត​​​ផ្សេង​ទៀត ត្រូវធ្វើ​ទំនាក់​ទំ​ង​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត «​ដើម្បី​ធ្វើតេស្ត បាន​ទាន់​ពេលវេលា ជាមួយ​ការ​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​កាត់​ផ្តាច់​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩ បន្ត​គ្នា​នៅ​សហគមន៍​ផង​ដែរ » ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់​ពី​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ លើ​ក្រុម​គ្រួសារ​អគ្គនាយក​​ពន្ធនាគារ​កម្ពុជា ​គឺ លោក ឆែម សា​វុ​ធ រួម​នឹង​អ្នក​រស់នៅ​ជាមួយ​សរុប ៦​នាក់ ក្នុង​នោះ​ក៏​មាន​ភរិយា​របស់​លោក ឆែម សា​វុ​ធ ដែល​បាន​ធ្វើ​ដំណើរ​មក​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​អ៊ី​អន ១ ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ទីតាំង​ចំនួន ៣ ដែល​មានការ​ពាក់​ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វី​ដ ១៩ ក្នុង​នោះ​មាន​ផ្សារ​ទំនើប​អ៊ី​អន ១ សណ្ឋាគារ​ភ្នំពេញ និង សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង សាខា​ចាក់​អង្រែ ជា​បណ្ដោះអាសន្ន​រយៈពេល ២ ស​ប្ដា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ