ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុកនៅតាមបណ្តាខេត្តភាគពាយ័ព្យដែលបានរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងក្រុមមន្ត្រីបច្ចេកទេស បានចុះពិនិត្យជាក់ស្តែងនៅប្រព័ន្ធធារាសាស្ត្រកង្ហត និងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងខេត្តបាត់ដំបង ។
ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យផ្ទាល់លើលទ្ធផលការងារជួសជុលបន្ទាន់បិទផ្ជិតភ្លឺប្រឡាយ និងទំនប់ ដែលបានអនុវត្តរួចរាល់តាំងពីថ្ងៃទី ២៣ ខែតុលា បន្ទាប់ពីរងការយាយីខូចខាតដោយជំនន់ទឹកភ្លៀងកាលពីពាក់កណ្តាលខែតុលា ឆ្នាំ ២០២០ តាមចំណុចទីតាំងនៃប្រព័ន្ធទាំង ២ ខាងលើ រួមមាន ៖
១- ប្រព័ន្ធធារាសាស្ត្រកង្ហត នៅចំណុចបាក់ដាច់ភ្លឺប្រឡាយបេតុងនៃប្រឡាយមេលេខ ១ ប្រឡាយមេលេខ ២ និងប្រឡាយរងមេលេខ ៥ ។
២- ប្រព័ន្ធធារាសាស្ត្រកំពីងពួយ នៅប្រឡាយអាងភាស ប្រឡាយអាងដង្កោ ប្រឡាយមេស្រែ ថ្មី ប្រឡាយមេទ្វារទឹក ៨ និងប្រឡាយមេទ្វារទឹក ១០ ។
ជាលទ្ធផលជាក់ស្តែងការងារជួសជុលបិទផ្ជិតទំនប់បាក់ដាច់ដើម្បីខ្ចប់រក្សាទឹកទុក គឺបានធ្វើការជួសជុលតាមលក្ខណ:បច្ចេកទេសឡើងវិញ តាមផែនការគ្រោងទុករបស់ក្រសួង ជាទិសដៅបន្តនឹងធ្វើការកែលម្អប្រព័ន្ធឲ្យកាន់តែល្អប្រសើរថែមទៀត ។ ក្នុងពេលបច្ចុប្បន្ននេះបងប្អូន ប្រជាកសិករកំពុងរីករាយនឹងការងារបង្កបង្កើនផលស្រូវវស្សាលើកទី ២ របស់ពួកគាត់ជាមួយបរិមាណទឹកពេញប្រឡាយ អាងទឹក នៃប្រព័ន្ធធារាសាស្ត្រខាង លើដែលបានខ្ចប់រក្សាទុកបានទៅតាមផែនការអន្តរាគមន៍ទាន់សភាពការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ។
ចំពោះបេសកកម្មឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារនាព្រឹកនេះ គឺស្ថិតក្នុងសកម្មភាពវិធាន ការទី ២ នៃយុទ្ធសាស្ត្រអន្តរាគមន៍ជំនន់ទឹកភ្លៀងទាំង ៣ របស់ក្រសួងធនធានទឹក និង ឧតុនិយម រួមមាន ៖
ទី ១ អន្តរាគមន៍ជាបន្ទាន់ភ្លាមៗបិទផ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកដើម្បីខ្ចប់រក្សាទឹកទុក ទោះ ក្នុងតម្លៃណាក៏ដោយ ។ ទី ២ ក្រុមការងារបច្ចេកទេសក្រសួង កំពុងសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ ដើម្បីបន្តជួសជុល និងកែលម្អឲ្យបានល្អប្រសើរ ។ ទី ៣ ទិសដៅទៅអនាគត គឺធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រឲ្យកាន់តែប្រណីត ដើម្បីធានា គុណភាពរឹងមាំតាមលក្ខណ:បច្ចេកទេស ប្រើប្រាស់យូរអង្វែងបម្រើជាពហុប្រយោជន៍ដល់ បងប្អូនប្រជាពលរដ្ឋ ៕ ដោយសហការ