រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ឲ្យថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារឲ្យបានធនធានធម្មជាតិ ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរណ៍ និងទាក់ទាញការវិនិយោគដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ។
ការបញ្ជាក់របស់សម្តេច ស ខេង ខណៈខេត្តនេះត្រូវបានមតិមួយចំនួនបានលើកឡើងថាមានលួចការបាប់ព្រៃឈើពីសំណាក់ឈ្នួលទុច្ចរិត ។ ថ្លែងក្នុងពិធីសម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សម្ដេច ស ខេង បានក្រើនរំលឹកថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីត្រូវតែធានាថា ការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះ គឺជាយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះ គឺជាការងារ ដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ ។
ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិ ដូចជា ព្រៃឈើជាដើម អាចពិចារណារៀបចំប្រតិទិនទៀងទាត់ ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើ និងធនធានធម្មជាតិ ដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃបានហៅថា ធនធានធម្មជាតិថា«ជាទ្រព្យសម្បត្តិដូនតារបស់យើង» ដោយសម្ដេចបន្តដោយរំលឹក«ខ្ញុំបានទៅបំពេញទស្សនកិច្ចនៅចិន ហើយគេក៏បានធ្វើបទបង្ហាញប្រាប់ខ្ញុំអំពីគម្រោងអភិវឌ្ឍធំៗ។ ខ្ញុំក៏បានសួរថា តើលុយនោះបានមកពីណា0x017d7 ចម្លើយគឺលុយបានមកពី៣ប្រភព គឺទី១ លុយដូនតា ទី២ លុយយើង និងទី៣លុយកូនចៅយើង» ។ សម្ដេចបានលើកនិងពន្យល់ទៀតថា «លុយដូនតា គឺសំដៅដល់ធនធានធម្មជាតិ មានព្រៃភ្នំជាដើមដែលអាចទាក់ទាញការវិនិយោគ មិនមែនបានពីការកាប់ឈើលក់នោះឡើយ។ លុយយើង គឺលុយដែលបានមកពីការខិតខំប្រឹងប្រែងវិនិយោគបានផលចំណេញ មានពន្ធ មានការងារធ្វើជាដើម និងលុយកូនចៅយើង គឺសំដៅដល់លុយដែលបានខ្ចីសម្រាប់យកមកអភិវឌ្ឍ ហើយកូនចៅយើងជាអ្នកបន្តទទួលខុសត្រូវ ដែលការខ្ចីនោះត្រូវមានដែនកំណត់ ហើយប្រទេសណាក៏ធ្លាប់ និងកំពុងជំពាក់បំណុលគ្នាទៅវិញទៅមកដែរ»។
ក្នុងឱកាសនោះដែរ សម្ដេច ស ខេង ក៏បានផ្ដល់ការណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវខិតខំផ្សាភ្ជាប់ការដឹកនាំ និងការងាររបស់ខ្លួន ទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋឱ្យបានល្អ ធ្វើអំពើល្អជាមួយប្រជាជនឱ្យបានច្រើន ចៀសវាងការគៀបសង្កត់ គំរាមកំហែង ឬប្រសិនបើពួកគាត់ជួបនៅបញ្ហាណាមួយត្រូវខិតខំដោះស្រាយតាមសមត្ថកិច្ចឱ្យបានល្អ និងយុត្តិធម៌ផងដែរ៕
ចែករំលែកព័តមាននេះ