ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួនយកមកសួរនាំនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធទៅនឹងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ ហើយត្រូវបានសមត្ថកិច្ចគយធ្វើការចាប់ឃាត់ និងដកហូតយក។
លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ស្ដីពីការហៅជនសង្ស័យឈ្មោះ ឃឹម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តម៉ាក LEXUS-RX400h ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ BD-9326 ដែលជននេះបានប្រើប្រាស់ ជាសាធារណៈ។
លោកមេបញ្ជាការរង បានបញ្ជាក់ថា មុនពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ចគយខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ជាមួយរថយន្តពាក់ស្លាកលេខក្លែងក្លាយ ហើយក៏បានដកហូតរថយន្ដមួយគ្រឿង ប៉ុន្តែជនសង្ស័យបានឲ្យត្រឡប់ទៅផ្ទះវិញ។ យ៉ាងនេះក្តីក្រោយពីទទួលបានដំណឹងគួរឲ្យសង្ស័យនេះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានហៅឈ្មោះឃឹម ប៊ុនធឿន មកធ្វើការសាកសួរ និងរកឃើញថា មិនមានឯកសារអ្វីត្រឹមត្រូវនោះទេ តាមការពិតរថយន្ត LEXUS-RX400h ស្លាកលេខ ភ្នំពេញ BD-9326 គឺជាស្លាកលេខរបស់រថយន្តហាយឡេនឌ័រ ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ឈ្មោះ គ័រ ឆូវយ៉ាង មានទីលំនៅរាជធានីភ្នំពេញ។
ដោយសារតែឃើញឈ្មោះ នេះប្រើប្រាស់ឯកសារក្លែងបែបនេះហើយទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ត។ សមត្ថកិច្ចបានរំលឹកដែរថា ឈ្មោះ ឃឹម ប៊ុនធឿនមានមុខរបរជាជាងជួសជុលរថយន្ត មានយានដ្ឋានមួយកន្លែងនៅឃុំពង្រ ស្រុករលាប្អៀរ ដែលជារឿយៗឈ្មោះនេះធ្លាប់ឃើញទិញលក់រថយន្តជាច្រើនគ្រឿងផងដែរ៕ ដោយ ៖ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ