ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា បុរសម្នាក់ធ្លាប់ប្រើគ្រឿងញៀន ហើយខឹងម្តាយសួរនាំរឿងយកធាតុឪពុកមកបើកមើលឆ្អឹង ស្រាប់តែដុតកម្ទេចផ្ទះខ្លួនឯងចោលម៉ត់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ចំណុចភូមិ ក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បុរសខាងលើឈ្មោះ ពៅ វណ្ណៈ អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ចំណែកលោកយាយឈ្មោះ ជឹម វណ្ណា អាយុ៦២ឆ្នាំ ត្រូវជាម្តាយបុរសខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លង មកកូនប្រុសគាត់ជាមនុស្សធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់រករឿងឈ្លោះ ជាមួយគាត់ញឹកញាប់ ។ លុះវេលាមោង២រសៀល ថ្ងៃកើតហេតុ ពៅ វណ្ណៈ បានទៅដេក លេងនៅកញ្ចុះដីឡូត៍មួយកន្លែងស្ថិតនៅក្បែរផ្ទះរបស់ខ្លួនរហូតដល់ម៉ោង៣កន្លះត្រឡប់ មកផ្ទះវិញពេលនោះគេបានសួរគាត់ជាម្តាយថា ឃើញកូនរបស់ខ្ញុំអត់ម៉ែ ម្តាយបានឆ្លើយថាមិនបានឃើញទេ ស្រាប់តែ(វណ្ណៈ)ដើរចេញពីផ្ទះរបស់ខ្លួនបាត់ទៅ ។
លោកយាយបន្តថា មួយសន្ទុះក្រោយមកគាត់ក៏បានឃើញកូនប្រុសនោះមកផ្ទះវិញ ហើយបានដើរសំដៅទៅរានទេវតា រួចយកធាតុរបស់ឪពុកគេដែលនៅក្នុងនោះ និងយកកាំបិត បុ័ងតោមកកាត់ខ្សែសីមាក្នុងគោលបំណងចង់មើលធាតុឪពុក ។ ឃើញដូច្នោះលោកយាយជាម្តាយបានស្រែកប្រាប់ថា «ហ្អែងយកធាតុគាត់មកធ្វើអី» ពេលនោះជនសង្ស័យបាន គាស់ធាតុមើល រួចយកទៅទុកចោលនៅលើគ្រែ ហើយក៏ដើរចេញទៅក្រៅផ្ទះយកសាំង មួយដបពីក្នុងតូបលក់បាប់ហួយនៅមុខផ្ទះ និងយកក្រមារុំជាមួយអង្គត់ឬស្សី ហើយដើរឡើងលើផ្ទះ រួចយកចាក់សាំងដុតផ្ទះរបស់ខ្លួនដែលមានទំហំ ៦ x៨ ធ្វើពីឈើប្រកក្បឿង បណ្តាលឲ្យឆេះម៉ត់ទាំងស្រុងតែម្តងទៅ ។
ភ្លាមនោះលោកយាយគ្មានអ្វីក្រៅពីប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចំពោះជនសង្ស័យដែលបានធ្វើទង្វើបែបនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តងទៅ ៕
ចែករំលែកព័តមាននេះ