អតីតទណ្ឌិត​២នាក់បងប្អូន​ជាប់គុក​ម្នាក់ៗ៣លើក​ហើយ អត់រាងចាល​ទៀត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អតីតទណ្ឌិត​២នាក់បងប្អូន​ជាប់គុក​ម្នាក់ៗ៣លើក​ហើយ អត់រាងចាល​ទៀត​

1 ខែ មុន
  • Battambang

ខេត្តបាត់ដំបង​ ៖ អតីត​ទណ្ឌិត​០២​នាក់​បងប្អូន​ដែល​ម្នាក់​ៗ​ធ្លាប់​ជាប់គុក​ចំនួន​០៣​លើក​ទៅ​ហើយ តែ​មិន​ព្រម​រាងចាល​ឡើយ ពេល​នេះ​ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​គុក​ជា​ថ្មី កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ចំណុច​ភូមិ​វត្ត​លៀប…

ខេត្តបាត់ដំបង​ ៖ អតីត​ទណ្ឌិត​០២​នាក់​បងប្អូន​ដែល​ម្នាក់​ៗ​ធ្លាប់​ជាប់គុក​ចំនួន​០៣​លើក​ទៅ​ហើយ តែ​មិន​ព្រម​រាងចាល​ឡើយ ពេល​នេះ​ នឹង​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​គុក​ជា​ថ្មី កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​​ពី​រួមដៃគ្នា​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​បាន​សម្រេច​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា អតីត​ទណ្ឌិត​០២​នាក់​បងប្អូន​ដែល​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​ជា​ថ្មី​នេះ ម្នាក់​ឈ្មោះ ជា ចាន់​​ថន អាយុ​៣៥​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ ជា ចាន់​ថុ​ល អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ លោក​បាន​ប្រាប់​ថា ជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​កាច់​សោ​រក​លួច​យក​ម៉ូតូ​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ម្ចាស់​ឈ្មោះ លេង វត្ថា ភេទប្រុស​ អាយុ​៤៤​ឆ្នាំ​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​ដៃដល់​០២​នាក់​បងប្អូន​នេះ ធ្លាប់​ជាប់គុក​ម្នាក់​ៗ​ចំនួន​០៣​ដង​ទៅ​ហើយ ពី​បទ​ប្រព្រឹត្ត​អំពើ​ចោរកម្ម តែ​មិន​រាងចាល​ទេ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដដែល ទើបត្រូវ​ឃាត់ខ្លួន​ជា​ថ្មី​។ បើ​តាម​ចម្លើយ​បឋម នៅ​ពេល​មន្ត្រី​ជំនាញ​សួរនាំ ជនសង្ស័យ​០២​នាក់​បងប្អូន​នេះ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល​មែន​។ ប៉ុន្តែ​ក្រោយ​ពី​លួច​បាន​០២​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ពួក​ខ្លួន​បាន​។

បើ​តាម​របាយ​ការ​ណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ម៉ូតូ​ដែល​ជនសង្ស័យ​០២​នាក់​បងប្អូន​លួច​នេះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ ២០១៨ ស្លាក​លេខ​បាត់​ដំបង 1AD-8405​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​វិញ​ហើយ ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ូ​ស៊ូ​គី ស្លាក​លេខ ភ្នំពេញ 1BA-6367 ដែល​ជន​ទាំង​០២​នាក់​ជិះ​ធ្វើ​សកម្មភាព​។

លោក ឈឿ​ង គឺ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា ពេល​នេះ​អតីត​ទណ្ឌិត​ទាំង​០២​នាក់​បងប្អូន កំពុង​ត្រូវ​បាន​សួរនាំនៅ​ក្នុង​ការិយាល័យ​ជំនាញ​នៅឡើយ ហើយ​ក៏​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ដែរ​៕