ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ភាសា រ៉េ​ត សារី​តា ប្រើ​លើ​ឆាក​ប្រកួត ហើយ​​សមជា​ម្ចាស់​មកុដ Miss Universe Cambodia 2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត សារី​តា បាន​ក្លាយជា​ស្ត្រី​មាន​សម្រស់​ល្អ​ដាច់​គេ​ក្នុង​ការ​ដណ្តើម​មកុដ Miss Universe Cambodia ២០២០…

រាជធានី​ភ្នំពេញ ៖ កញ្ញា រ៉េ​ត សារី​តា បាន​ក្លាយជា​ស្ត្រី​មាន​សម្រស់​ល្អ​ដាច់​គេ​ក្នុង​ការ​ដណ្តើម​មកុដ Miss Universe Cambodia ២០២០ ដែល​បាន​បិទ​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២០ នេះ​។

រ៉េ​ត សារី​តា មាន​ចំណុច​ទាក់ចិត្ត​លើសគេ ដែល​គណៈ​ក​ម្មា​ការ​ពេញចិត្ត​គ្រប់​វិញ្ញាសា​ដែល​បំពេញ ត្រូវ​បាន​ស្រី​ស្អាត​រូប​បំបែក​បាន​ហើយ ប្រកបដោយ​ជំនឿ​ចិត្ត​។ ម្ល៉ោះ​ការ​ជាប់​លេខ​របស់​ម្ចាស់​មកុដ នេះ​គឺ​សម​បំផុត បើ​ទោះជា​មានការ​មិន​សប្បាយចិត្ត​ពី​មតិ​មួយ​ចំនួន​ក៏​ដោយ​។

រ៉េ​ត សារី​តា បាន​ឆ្លើយ​សំណួរ​២​វគ្គ ដោយ​វគ្គ​១០​នាក់​ម្តង និង​វគ្គ​៥​នាក់ ចុង​ក្រោយ​ម្តងទៀត​។ រី​តា បាន​ឆ្លើយ​សំណួរ​ជុំ​ចុង​ក្រោយ​ថា «​គោលបំណង​ដែល​នាង​ចង់បាន​មកុដ​ថ្ងៃនេះ​ព្រោះ​ខ្ញុំ​ជានា​រី​ដែល​មាន​ភាព​អង់អាច​ក្លាហាន ជានា​រី​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​សហគមន៍ ជា​ពិសេស​សម័យកាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ ដូចនេះ​ជា​ឱកាស​ដែល យើង​ត្រូវ​ការពារ​ក៏​ដូច​ការ ប្រឈម​បញ្ហា​ធំ​ៗ​ដែល​យើង​ត្រូវ​តែ​ដោះស្រាយ​រួម​គ្នា​។ ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​នឹង​អាច​គ្រង​មកុដ​ដ៏​មាន​តម្លៃ​នេះ​បាន​»​។

ក្រោយ​ចប់​ការ​បកស្រាយ ក៏​មានការ​ហ៊ោ​រក​ញ្ជៀ​វ​ពេញ​ពិធី​ប្រកួត​តែ​ម្តង​។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កោត សរសើរ នៅ​ឆ្នាំ​នេះ​បេ​ក្ខ​នារី​ទាំង​២០​រូប​ពោរពេញ​ដោយ​សមត្ថភាព ចំណេះដឹង និង​ភាព​ជឿជាក់​។ ហើយ​ម្នាក់​ៗ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឆ្លើយ​លើ​វេទិកា​បាន​យ៉ាង​ប្រសើរ​ធ្វើ​ឱ្យ​គេ​មើលឃើញ​ស្ត្រី​ខ្មែរ​ស្អាត ហើយ​ពូកែ មិន​ចាញ់​ស្រុក​គេ​ទេ ពិតជា​ដើរទៅ​មុខជា​លំដាប់​។

ចំពោះ​ម្ចាស់​ជ័យ​លា​ភី រ៉េ​ត សារី​តា តាម​ដឹង​នាង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បរិញ្ញាបត្រ​ភាសា​អង់ គ្លេស ដោយ​តុង​និយាយ​ភាសា​នេះ នាង​មាន​បច្ចេកទេស​ប្រើ​ល្អ​ណាស់​។ ភាសា​ទី​២ នាង​ចេះ​និយាយ​ភាសា​បារាំង ក៏​យក​ជា​ការ​បាន និង​ចុង​ក្រោយ​ភាសា​ថៃ បាន​ខ្លះ​។ នេះ​ជា​អ្វី​ដែល​នាង​មាន​លក្ខណៈ​ពិសេស​។ នាង​ក៏​ជា​ពិធី​ការិនី​អាជីព​ម្នាក់​ដែល​មានការ​ទទួលស្គាល់ ហើយ​ឆ្លងកាត់​យូរ​ឆ្នាំ​ទាំង​តាម​កញ្ចក់​ទូរទស្សន៍ និង​តាម​កម្មវិធី​ធំ​ៗ​ដែល​នាង​សាំ​រហូត​មិន​ខ្លាច​ឆាក​។

ក្រៅពី​នេះ សារី​តា ក៏​អាច​សម្តែង​ជា​តារាភាពយន្ត​បាន​យ៉ាង​ប្រសើរ ព្រោះ​រឿង​ដែល​នាង​ធ្លាប់​សម្តែង​បាន​ជាប់​ពាន​នៅ​ក្នុង​កម្មវិធី «​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​» ផង​ដែរ​។ មាន​មតិ​ខ្លះ​លើក​ឡើង​ថា នាង​មាន​កម្ពស់​រាង​ស្ទើរ ដែល​អាច​ឡើង​ដល់​ឆាក​អន្តរជាតិ​ពិបាក​។

យ៉ាងណា​អ្នកបច្ចេកទេស​យល់​ឃើញ​ថា អាច​ប្រើ​ការ​បាន​ដោយសារ​ដំណើរ នាង​សមសួន​ស្វាហាប់​ល្វតល្វន់ ។ បើ​មើលទៅ​លើ​ទម្រង់​មុខ និង​ស្នាមញញឹម​វិញ​ឃើញ​ថា នាង​ក៏​មាន​ភាព​ញញឹម​ទាក់ចិត្ត​គេឯង ដែល​ហៅ​ថា​ញញឹម​ទាញ​ពិន្ទុ​។

ម្យ៉ាង បវរកញ្ញា​មិន​ត្រឹមតែ​ស្អាត​មួយ​មុខ​ទេ សំខាន់​ចំណេះដឹង​ដែល​អាច​បត់បែន​បាន​។ រ៉េ​ត សារី​តា ក្រៅពី​ឈ្នះ​មកុដ នាង​ក៏​ឈ្នះ​ការ​ប្រឡង​សមត្ថភាព​បាន​ល្អ​ជាងគេ​ដោយ បង្ហាញ​ជា​ឈុត​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​យ៉ាង​ស្វាហាប់​។

ចំណែក​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​កញ្ញា ឈុ​ន រក្សា ពាក់​ស្លាក​លេខ​៨, លេខ​៣ បាន​ទៅ​លើ កញ្ញា ឌី សុ​រៈ​ក្ខិ​តា ស្លាក​លេខ​៩, លេខ​៤​បាន​ទៅ​លើ កញ្ញា នេ​ត រក្សា​ស្លាក​លេខ​២ និង​លេខ​៥ បាន​ទៅ​លើ​សួន ពិសី​ស្លាក​លេខ​១៤​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ