ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​​មាន​ជីវ​ភាព​ខ្វះខាត​​បាន​ទទួល​អំណោយ​របស់​មេបញ្ជា​ការ​កងទ័ពជើងគោក

1 ខែ មុន
  • Kampong Thom

ខេត្តកំពង់ធំ​ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ភរិយា…

ខេត្តកំពង់ធំ​ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ភរិយា ព្រមទាំង​ព្រះ​គ្រូ​ចែ​ម មុន្នី​ចិន្តា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពោធិ​វង្ស​ហត្ថី ហៅ​វត្ត​ពោធិ ព្រមទាំង​សហការី និង​អាជ្ញាធរ​ដែនដី បន្ត​យក​អំណោយ​របស់​លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ចំនួន​២៣​គ្រួសារ ដែល​បាន​អញ្ជើញ​មក​ពី​០៤​ភូមិ គឺ​ភូមិ​កំ​ញ៉ា​ត ភូមិ​ត្នោត ភូមិ​ទន្សាយ និង​ភូមិ​ញាតិ​ទន្លេ ស្ថិត​ក្នុង​ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ ដែល​ពិធី​ផ្តល់​ជូន​នេះ​ប្រព្រឹត្ត​ទៅ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ៍​វង្ស​ហត្ថី ហៅ​វត្ត​ពោធិ៍ នៅ​ក្នុង​ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេ​ជា​និច្ចកាល តែងតែ​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ពិសេស​ក្នុង​រយៈពេល ដែល​ប្រជាពលរដ្ឋ​យើង​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ មេរោគ​កូ​វី​ដ​-១៩ ជាស​កល​និង​ថ្មី​ៗ​កន្លង​មកនេះ​ទៀត ក៏​មាន​ប្រជាពលរដ្ឋ​យើង​នៅ​បណ្តា​តំបន់​មួយ​ចំនួន​ទទួល​រង​នូវ​ផល ប៉ះពាល់​បន្ថែម​ទៀត​ដោយសារ​គ្រោះ​ទឹកជំនន់ ។

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ក៏​បាន​បញ្ជាក់​បន្ថែម​ថា អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ទាំង​២៣ គ្រួសារ​នៅ​ពេល​នេះ គឺជា​ជំនួយ​ឧបត្ថម្ភ របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​ជា​បុត្រ​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន សម្រាប់​ជួយ​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​មួយ​គ្រា​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ត្រូវ​ខិត ខំប្រឹង​ប្រែង​បង្ករ​បង្កើន​ផល ធ្វើស្រែ​ចំការ​ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ និង​បាន​សំណូមពរ​ដល់ ប្រជាពលរដ្ឋ​យើង ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃនេះ ឲ្យ​បាន​គង់វង្ស​ដើម្បី​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ការ​ដឹកនាំ​កា​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​មានការ​រីក​ចម្រើន​រុងរឿង​បន្ត​ទៅ​ទៀត ។

ទន្ទឹម​នឹង​នោះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ដោយ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

អាជ្ញាធរ​ដែនដី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល​បាន​ជួយ​ដោះស្រាយ នូវ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​៕ (កែសម្រួលដោយ ៖ ធីតា​)