ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​មុ​ី កាន់តែ​មាន​យីអ៊ុន​មុន​ចេញ​ហ្វឹកហាត់​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​ជំងឺ​កូ​វី​ដ​-១៩​បាន​បង្អាក់ដំណើ​រកីឡាការិនី ស៊ន សៀវ​ម៉ី មិន​ឱ្យ​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដូច​ការ​គ្រោងទុក ប៉ុន្តែ​គេ​ឃើញ​រាជិនី​តេ​ក្វា​ន់​ដូរ​បស់កម្ពុជា​រូប​នេះ​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ក្នុងប្រទេស​ដោយ​មិន​ប្រហែស​ឡើយ ។ អ្វី​ដែល​កត់សម្គាល់ គឺ​នាង​ទទួល​បានការ​ថត​ស្ព​ត​ឱ្យ​ក្រុមហ៊ុន​ធំ​ដល់​ទៅ​២​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ ទោះបី​ជំងឺ​កូ​វី​ដ​-១៩​បាន​បង្អាក់ដំណើ​រកីឡាការិនី ស៊ន សៀវ​ម៉ី មិន​ឱ្យ​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដូច​ការ​គ្រោងទុក ប៉ុន្តែ​គេ​ឃើញ​រាជិនី​តេ​ក្វា​ន់​ដូរ​បស់កម្ពុជា​រូប​នេះ​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​នៅ​ក្នុងប្រទេស​ដោយ​មិន​ប្រហែស​ឡើយ ។ អ្វី​ដែល​កត់សម្គាល់ គឺ​នាង​ទទួល​បានការ​ថត​ស្ព​ត​ឱ្យ​ក្រុមហ៊ុន​ធំ​ដល់​ទៅ​២​តែ​ម្ដង នា​ចុងឆ្នាំ​នេះ ដែល​កាន់តែ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា នាង​មាន​យីអ៊ុន​ខ្លាំង​ក្រោយ​ភ្ជាប់ពាក្យ និង​ជិត​ដាច់​ឆ្នាំ​នា​ពេល​នេះ​។

បច្ចុប្បន្នភាព​របស់ ស៊ន សៀវ​ម៉ី កាន់តែ​ធ្វើ​ឱ្យ​គេ​ផ្ដោត​ការ​ចាប់អារម្មណ៍ ដោយសារ​តែ​នាង​ស្ងាត់​ឱកាស​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ផ្ដាច់មុខ​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​ជា​យូរ​មក​ហើយ ស្រាប់តែ​នៅ​ចុងខែ​វិច្ឆិកា​នេះ នាង​កញ្ឆក់​បានការ​ងារ​ជា Brand Ambassador ដល់​ទៅ​២​ឱ្យ​ធនាគារ​មួយ និង​ឱ្យ​ផលិត​ផល​មួយ ដែល​ជួយ​ឱ្យ​នាង​លេចធ្លោ​ម្ដងទៀត​។

ឱកាស​នេះ គឺ​ស្រប​ពេល​ដែល​ការ​ហ្វឹកហាត់​របស់​នាង​នៅ​ក្នុង​ប្រទេស​កូរ៉េ កាន់តែ​កៀក​ជិត​ចេញ បន្ទាប់​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​មាន​ភាព​ថយ​ចុះ ។ នាង​ត្រូវ​ចាកចេញ​ទៅ​ហ្វឹកហាត់​នៅ​កូរ៉េ​ជា​យូរ​មក​ហើយ ប៉ុន្តែ​បន្ត​ពន្យារ​ដោយ​អាច​លើក​ចេញ​ទៅ​ដើមឆ្នាំ​២០២១ ដែល​ការ​ហ្វឹកហាត់​របស់​នាង​គឺ​ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១ នៅ​វៀតណាម ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​វៀតណាម គឺ​នាង​នឹង​បន្ត​ទៅ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​ទៀត ។ ក្នុង​នោះ​នាង​ក៏​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ តាម​រយៈ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ដណ្ដឹង​ដែល​ជា​អ្នក​ថតរូប ស្រប​ពេល​ដែល​នាង និង​គូស្នេហ៍ ក៏​កាន់តែ​បង្អួត​ចំណង​ស្នេហ៍ ធ្វើ​ឱ្យ​អ្នក​អត់​លិទ្ធ​ខ្លះ​ច្រណែន​។

អ្នកគាំទ្រ​ភាគច្រើន​លើក​ឡើង​ថា ស៊ន សៀវ​ម៉ី ដ្បិតថា​ថមថយ​ប្រជាប្រិយ មិន​ដូច​ពេល​នាង​ឈ្នះ​មេដាយ​កក្រើក​មហាជន​កាលពី​ឆ្នាំ​២០១៤ ក៏​ពិតមែន ប៉ុន្តែ​នាង​នៅ​តែ​ល្បី និង​នៅ​តែ​ឈរជើង​ជាតា​រា​ដែល​មាន​យីអ៊ុន ជា​ពិសេស​ការ​ថត​ស្ព​ត​នា​ពេល​ចុង​ក្រោយ ។ អ្នកគាំទ្រ​មិន​តិច​ទេ​យល់​ថា នាង​គឺជា​កីឡាការិនី​ដែល​មាន​ភាព​ជោគជ័យ​ទាំង​ព្រម ទាំង​ស្នេហា ទាំង​វិស័យ​កីឡា ទាំង​មុខ​ជំនួញ​អន​ឡាញ និង​ទាំង​ការងារ​ថត​ស្ព​ត​ធំ​ៗ​ដែល​កីឡាការិនី​ផ្សេង​ទៀត​នៅ​មិន​ទាន់​ប្រជែង​បាន ។ នាង​ក៏​ជានា​រី​ខ្ពស់ស្រឡះ ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​មិន​អន់​ដែរ ពោល​គឺ​មិន​ចាញ់​តារា​ម៉ូ​ដែល​អាជីព​នោះ​ទេ ។ ជាមួយនឹង​ភាព​លេចធ្លោ​ទាំង​ព្រម​នេះ​ហើយ ដែល​ជីវិត​ស្នេហា​របស់​​នាង កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ស្ទើរ​គ្រប់​សកម្មភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ស៊ន សៀវ​ម៉ី បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក កែវ ដេ​វីត ដែល​ជា​ជាង​ថតរូប​អាជីព​មួយ​រូប​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២០ ។ មុន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ អ្នក​ទាំង​ពីរ​ស្គាល់គ្នា​១​ឆ្នាំ​មក​ហើយ ដោយ​ផ្ដើម​ក្នុង​ពេល​ដែល​នាង​ទៅ​ថត​ស្ព​ត​មួយ ហើយ​គូ​ដណ្ដឹង​របស់​នាង គឺជា​អ្នក​ទទួល​ការងារ​នោះ​ដោយ​ផ្ទាល់ ។ នាង​ធ្លាប់​ប្រកាស​ថា ពេល​ជួប​គ្នា​ដំបូង អនាគត​កូនកំលោះ​របស់​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម ៣​សម័យ​រូប​នេះ មិន​បាន​ស្គាល់​ថា សៀវ​ម៉ី ជា​នរណា​ឡើយ តែ​ដោយ​មានការ​ណែនាំ​ប្រាប់​ពី​ក្រុមការងារ​របស់​លោក កែវ ដេ​វីត ជា​គូ​ដណ្ដឹង ទើប​ផ្ដើម​ឲ្យ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា តាំងពី​ថ្ងៃ​នោះ​មក​។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ចំណង​ស្នេហ៍​មួយ​នេះ​ផ្ដើម​ចេញពី​ចិត្ត និង​ចិត្ត បន្ទាប់​មក​ទើប​អ្នក​ទាំង​ពីរ​ប្រាប់​ម៉ាក់​-​ប៉ា​ទាំង​សងខាង​ឲ្យ​ដឹង​…​។ នាង​ធ្លាប់​បញ្ជាក់​បន្ត​ថា ការ​ជ្រើសរើស​គូស្រករ លុយ​មិន​មែន​ជម្រើស​ទី​១​នោះ​ទេ ម្យ៉ាង​មក​ពី​នាង និង​គូ​ដណ្ដឹង​សុទ្ធតែ​មានមុខ​ជំនាញ​រៀងខ្លួន ដែល​អាច​រក​លុយ​បាន​ដោយ​ខ្លួនឯង ។ នាង​អះអាង​ទៀត​ថា បើ​ទោះជា​នាង​គឺជា​កីឡាការិនី ប៉ុន្តែ​ការ​ប្រើ​ក្បាច់គុន​ដោះស្រាយ​បញ្ហា​គឺ​មិន​មាន​នោះ​ទេ ដោយសារ​តែ​ក្នុង​សម័យនេះ គឺ​មិន​ប្រើ​អំពើ​ហិង្សា​ជា​ធំ​។

កីឡាការិនី​កម្ពស់​១,៨៣​ម៉ែត្រ​រូប​នេះ​បញ្ជាក់​ថា មង្គលការ​របស់​នាង​គ្រោង​រៀបចំ​ឆ្នាំ​ក្រោយ ដោយ​​ទោះជា​មាន​បញ្ហា​កូ​វី​ដ​-១៩ កើតឡើង​ប៉ុនណា ក៏​នឹង​ត្រូវធ្វើ​ឱ្យ​បាន​មុន​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នា​ឆ្នាំ​២០២៣ នោះ​ដែរ ។ ជាមួយ​គ្នា​នោះ នាង​ក៏​បញ្ជាក់​ពី​គម្រោង​លាឈប់​ផង​ដែរ ដោយ​គ្រាន់តែ​មិន​ទាន់​កំណត់​បាន ព្រោះ​ត្រូវ​ចាំ​មើល​កម្លាំង​ជាក់ស្ដែង​សិន ។

នាង​និយាយ​ថា​៖ «​ក្រោយ​​បញ្ចប់​អាជីព​កីឡា​តេ​ក្វា​ន់​ដូ ខ្ញុំ​ប្រហែលជា​ទៅ​រកស៊ី​ក្រៅ គ្រាន់តែ​ថា ក្នុង​នាម​យើង​ធ្លាប់​ជា​កីឡាការិនី​តំណាង​ជាតិ និង​ស្រឡាញ់​កីឡា​នេះ ខ្ញុំ​នៅ​តែ​ចូលរួម​បំផុស​បំផុល ឲ្យ​មានការ​ចូលរួម​លេង​កីឡា​នេះ​ឲ្យ​បាន​ច្រើន ។ ម្យ៉ាង​ខ្ញុំ​ក៏​ចង់​ទុក​ឱកាស​ឲ្យ​ប្អូន​ៗ​ក្រោយ​ៗ ដែល​មាន​សមត្ថភាព បាន​ចូលរួម​ការ​ប្រកួត​អន្ដរជាតិ​ផ្សេង​ៗ​ដែរ​…​។ ចំពោះ​ស៊ី​ហ្គេ​ម បើ​​ខ្ញុំ​អាច​យក​មេដាយ​ជូន​ជាតិ​បាន ខ្ញុំ​នៅ​តែ​បន្ដ​ជួយ​យក​មេដាយ​ជូន​ជាតិ ទោះបី​ខ្ញុំ​មានការ​ងារ​ខាងក្រៅ ព្រោះ​ខ្ញុំ​មាន​មោទនភាព​ពេល​បាន​ប្រកួត​តំណាង​ជាតិ​ម្ដង​ៗ»​។

សូម​បញ្ជាក់​ថា ស៊ន សៀវ​ម៉ី ជា​កីឡាការិនី​តេ​ក្វា​ន់​ដូ​កម្រិត​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា ក្រោយ​នាង​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រសិទ្ធ​នាម​ជា​វីរ​កីឡាការិនី បន្ទាប់​ពី​កញ្ញា​កែប្រែ​ប្រវត្តិសាស្ត្រ ដណ្តើម​​បាន​មេដាយមាស​កីឡា​អាស៊ី កាលពី​ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ ។ នាង​ក៏​ជា​កីឡាការិនី​កម្ពុជា​ដំបូង​ដែល​ទទួល​បាន​សិទ្ធិ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ឆ្នាំ​២០១៦ នៅ​ប្រេ​ស៊ី​ល និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​៣​សម័យកាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ