ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកនោមផ្អែមនិង​​របេង«​ចំណុច​ប្រសព្វ​​ដ៏​គ្រោះថ្នាក់​មួយ​នៃ​ជំងឺឆ្លង និង​​មិន​ឆ្លង​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ក្រពេញ​ក្នុង និង​ទឹកនោមផ្អែម នៅ​ផ្នែក​ជំងឺ​ទូទៅ«​ក​»​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជំងឺរបេង​គឺជា​ជំងឺឆ្លង​ដែល​អាច​កើតឡើង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​តាម​រយៈផ្លូវ​ដកដង្ហើម…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ក្រពេញ​ក្នុង និង​ទឹកនោមផ្អែម នៅ​ផ្នែក​ជំងឺ​ទូទៅ«​ក​»​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជំងឺរបេង​គឺជា​ជំងឺឆ្លង​ដែល​អាច​កើតឡើង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់​តាម​រយៈផ្លូវ​ដកដង្ហើម ហើយ​ជំងឺ​នេះ​អាច​កើតឡើង​នៅ​ស្ទើរតែ​គ្រប់​សរីរាង្គ​នៃ​ខ្លួន​មនុស្ស​យើង ​។ ទម្រង់​មួយ​ក្នុង​ចំណោម​ទម្រង់​ជា​ច្រើន​នៃជំងឺ​របែង​ដែល​កើត​នៅ​លើ​មនុស្ស​យើង​គឺ​របេង​សួត​។

ស្រប​ពេល​មានកម្ម​វិធី​ជាតិ​នានា​ ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនៃ​ការ​រីក​រាលដាល​នៃ​ជំងឺរបេង យើង​សង្កេត​ឃើញ​ផង​ដែរ​ថា ចំនួន អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏​ហាក់​កើន​ឡើង​ ។ លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បាន​បញ្ជាក់​ថា ៖ ការ​ហក់​ឡើង​ទ្វេគុណ​នៃ​ជំងឺ​ទឹកនោមផ្អែម ធ្វើ​ឲ្យ​អ្នកជំនាញ​នានា​មានការ​បារម្ភ អំពី​ការ​រាលដាល​ជំងឺរបេង​ទៅ​អ្នកជំងឺ​ទឹកនោមផ្អែម​។

ដូចដែល​យើង​បានដឹង​កន្លង​មក​ហើយ​ថា ​អ្នកជំងឺ​ទឹកនោមផ្អែម ពួក​គាត់​អាច​មាន​កាយ​សម្បទា​ថយ​ចុះ​ហេតុនេះ​ហើយ មេរោគ​របេង​ងាយ​នឹង​ជ្រៀតចូល​ក្នុង​ខ្លួន​របស់​ពួក​គាត់​។ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិនកើត​ជំងឺ​ទឹកនោមផ្អែម អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម អត្រា​ដែល​អាច​កើត​មាន​ជំងឺរបេង​ គឺ​មាន​ច្រើន​ជាង​២​ទៅ​៣​ដង ជា​ពិសេស​ គឺ​ក្រុម​អ្នកជំងឺ​ទឹកនោមផ្អែម​ ដែល​មិន​បាន​ព្យាបាល និង​ត្រួតពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត ​បើ​យើង​ប្រៀបធៀប​អត្រា​មរណៈ​នៃ​អ្នក​ដែល​កើត​របេង និង​មាន​ទឹក​ផ្អែម​គឺ​ខ្ពស់​ជាង៤​ទៅ​៥​ដង ធៀប​ជាមួយ​អ្នក​ដែល​កើត​របេង​ហើយ​គ្មាន​ទឹកនោមផ្អែម​។

ហេតុ​ដូចនេះ​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ​គឺ​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​ស្វែង​យល់​ដឹង និង​បង្កា​រុករក​ជំងឺរបេង​។

ក-តើ​នៅ​ពេល​ណា​អ្នកជំងឺ​ទឹកនោមផ្អែម​សង្ស័យ​ថា​ខ្លួន​គាត់​អាច​មាន​ជំងឺរបេង? នៅ​ពេល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា​៖ – អស់កំលាំង ល្ហិតល្ហៃ ទទួលទាន​មិន​បាន – ក្អកមាន​ស្លេះ​លើស​ពី ៣​ខែ – មាន​អារម្មណ៍​ក្តៅខ្លួន​ស្ទិញ​ៗ​ជា​ពិសេស​ក្តៅខ្លួន​នៅ​ពេល​រសៀល – ស្រក​ទម្ងន់​ដោយ​ឥត​មូលហេតុ ខ-ការ​ព្យាបាល​៖ ការ​ព្យាបាល​ជំងឺរបេង​ដែល​កើត​នៅ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាមទារ​ឲ្យ​មានការ​ចូល​សហការ​គ្នា រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក​ដូច​ជា គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺឆ្លង គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺ​សួត និង​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ទឹកនោមផ្អែម​ជា
ដើម ។​ល​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​គ្រប់​ជំនាញ​ឯកទេស​ដែល​អាច​ឲ្យ​លោក​អ្នក​មក​ធ្វើការ​ប្រឹក្សា​បាន ជាង​នេះ​ទៅ​ទៀត​យើង​មាន​ឧបករណ៍ និង​សម្ភារ​ទំនើប​ៗ សម្រាប់​ពិនិត្យ​កំ​ហាក​ដូចជា ការ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​លើ​កំហាក ការ​បណ្តុះ​រក​មេរោគ​របេង​នៅ​ក្នុង​កំហាក និង​ការ​ពិនិត្យ​តាម​របៀប Gene Xpert​។ រីឯ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ យើង​មាន​ផង​ដែរ​នូវ​ការ​ថត​សួត​ដោយ​កាំរស្មីអ៊ិច ក៏​ដូច​ជា​ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន​សម្រាប់​ថត​សួត ហើយ​លើស​ពី​នេះ​ទៅ​ទៀត យើង​មាន​ឧបករណ៍​សម្រាប់​ឆ្លុះ​ទងសួត​ដែល​អាច​ជួយ​សម្រួល​ក្រុម​គ្រួ​ពេទ្យ​ក្នុង​ការ​បូម​យក​ស្លេះ មក​ពិនិត្យ​ក្នុង​ករណី​ដែល​អ្នកជំងឺ​មិន​អាច​ខាក​ស្លេះ​ចេញ​បាន​។

លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ក្រពេញ​ក្នុង និង​ទឹកនោមផ្អែម នៅ​ផ្នែក​ជំងឺ​ទូទៅ «​ក​»​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​សំណូមពរ​ដល់ លោក លោកស្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​និង​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ គួរ​គប្បី​មក​ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​វិភាគ រក​រោគវិនិច្ឆ័យ​ជំងឺរបេង ឲ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ