ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក​ត្រីភាគ​ច្រើន​នៅ​បឹង​តា​មោក ប្តូរ​មករ​កលៀស​វិញ ព្រោះតែ​ត្រី​កាន់តែ​ខ្សត់​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ផ្ទៃ​បឹង​តា​មោក​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​រួញ​នៅ​សល់​ផ្ទៃ​ទឹកតូច ជា​ហេតុ​ធ្វើ​ត្រី​ខ្សត់ ហើយ​អ្នកនេសាទ​ត្រីភាគ​ច្រើន​ក៏​បាន​ប្តូរ​មុខរបរ​ទៅ​រាវរក​លៀស​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព តែ​លៀស​មិនសូវ​មាន​ទីផ្សារ​នោះ​ទេ ។ បឹង​តា​មោក ជា​បឹង​ធម្មជាតិ​មួយ​មាន​ផ្ទៃ​ទឹក​រាប​ពាន់​ហិត​តា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ផ្ទៃ​បឹង​តា​មោក​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់​រួញ​នៅ​សល់​ផ្ទៃ​ទឹកតូច ជា​ហេតុ​ធ្វើ​ត្រី​ខ្សត់ ហើយ​អ្នកនេសាទ​ត្រីភាគ​ច្រើន​ក៏​បាន​ប្តូរ​មុខរបរ​ទៅ​រាវរក​លៀស​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព តែ​លៀស​មិនសូវ​មាន​ទីផ្សារ​នោះ​ទេ ។

បឹង​តា​មោក ជា​បឹង​ធម្មជាតិ​មួយ​មាន​ផ្ទៃ​ទឹក​រាប​ពាន់​ហិត​តា ស្ថិត​នៅ​ស្រប​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ លាតសន្ធឹង​ទៅ​ផ្លូវ​លេខ​១៥១ (​ផ្លូវ​ព្រែក​ព្នៅ ទៅ​ភ្នំ​ប្រសិទ្ធិ​) ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ខាងជើង រាជធានី​ភ្នំពេញ ។ បឹង​តា​មោក ដែល​ជា​បឹង​មួយ​សម្បូរ​ទៅ​ដោយ​ធនធាន​ម​ឆ្ឆា​ជាតិ និង​លៀស ខ្ចៅ ខ្យង ហើយ​បង្កើត​ជា​មុខរបរ​មួយ​សម្រាប់​ពលរដ្ឋ​នៅ​ជុំវិញ​ការ​នេសាទ​ត្រី ។

ជួប​ជាមួយ​កោះសន្តិភាព លោក ឃួ​ន ខេ​ម អាយុ​៤០​ឆ្នាំ ជា​អ្នកនេសាទ​លៀស មាន​លំនៅ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បានឱ្យ​ដឹង​ថា អ្នកនេសាទ​ត្រី​នៅ​ក្នុង​បឹង​តា​ម៉ោ​ក ភាគច្រើន​បាន​ប្តូរ​មុខ​ទៅ​នេសាទ​លៀស​វិញ ដោយសារ​តែ​ផ្ទៃ​បឹង​រួម​តូច ត្រី​កាន់តែ​ខ្សត់​ទៅ​ៗ​។ គ្រាន់តែ​នៅ​ខាងលិច រណ្តៅ​ជី​នៅ​មុខ​វត្ត​កប់​ស្រូវ មាន​អ្នកនេសាទ​លៀស ប្រមាណ​ជាង​២០​ទូក​មក​សង់រោង​សម្រាក និង​ឈប់​ចតទូក ក្រៅពី​នោះ នៅ​កន្លែង​ផ្សេង​ទៀត នៅ​ក្រោយ​វត្ត​អង្គ​ក្រពើ​ក៏​មាន​អ្នករក​លៀស​ជា​ច្រើន​ទូក​ផង​ដែរ ។

អ្នកនេសាទ​លៀស​រូប​នោះ ក៏​បាន​ត្អូញត្អែរ​ថា ពី​មុន​លោក​ជា​អ្នកនេសាទ​ត្រី​ដែរ ដោយសារ​ត្រី​ខ្សត់​រយៈពេល​ប្រមាណ​៣​ខែ​មក​ហើយ ក៏​បាន​ប្តូរ​មុខរបរ​មករ​កលៀស​វិញ​។ ការ​ប្រកប​មុខរបរ​រក​លៀស​នេះ ដោយ​ធ្វើ​ជា​ឧបករណ៍ ដូច​ជា​កន្ត្រង់ បើកកាណូត​អូស​។ ជា​រៀងរាល់ថ្ងៃ គាត់​បាន​ចេញ​ទូក​កាណូត​ទៅ​អូស​យក​លៀស​ក្នុង​បឹង​នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ចេញ​ទៅ បាន​ប្រមាណ​ជាង​១​ម៉ោង​ទៅ​២​ម៉ោង​មក​វិញ ហើយ​២​នាក់​ប្រពន្ធ​នាំ​គ្នា រ៉ែ​ង រើស ញែក ខ្ចៅ និង​លៀស​ដាក់​ដោយឡែក​ពី​គ្នា ។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​ជំ​ពុះ​ទារ បោះចោល ព្រោះ​អត់​មាន​អ្នកទិញ​នោះ​ទេ​។ ក្នុង​មួយ​ថ្ងៃ គាត់​អាច​រកបាន​ប្រមាណ​១០​ធុង​ស្ពេ​ត្រូ ដោយសារ​តែ​លៀស​សំបូរ និង​មាន​អ្នករក​ច្រើន​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​គ្មាន​ទីផ្សារ ថ្ងៃ​ខ្លះ​លក់​មិន​អស់​សល់​ងាប់​អស់​ក៏​មាន​ដែរ​។ ហើយ​១​ធុង​លក់​បាន​ថ្លៃ​២៥០០០​រៀល​ទៅ​៣​ម៉ឺន​រៀល ខុស​ពី​លៀស​ទន្លេ បាន​ថ្លៃ​១​ធុង​ប្រមាណ​៥​ទៅ​៦​ម៉ឺន​រៀល​។ ចំណែក​ការ​នេសាទ​លៀស​ទៅ​តាម​ម៉ូយ​គេ​កម្ម​ង់ ថ្ងៃ​ខ្លះ​ប្រមាណ​៤​ទៅ​៥​ធុង​តែ​ប៉ុណ្ណោះ ហើយ​ម៉ូយ​មក​យក​ដោយ​កន្លែង ឬ​ថ្ងៃ​ខ្លះ​ដឹក​ឱ្យ​ម៉ូយ​ដល់​កន្លែង​ក៏​មាន​ដែរ​។

អ្នកនេសាទ​រូប​នោះ​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រកប​មុខរបរ​នេះ ក្តៅ រងា និង​នើ​យ​ហត់​ខ្លាំង​ណាស់ នៅ​ក្នុង​១​ថ្ងៃ ផាត់​សាំង​សល់​ប្រមាណ​៥​ទៅ​៦​ម៉ឺន​រៀល តែ​ធ្វើ​មេច គ្មាន​មុខរបរ និង​ដើមទុន​អាច​រកស៊ី​មុខរបរ​ផ្សេង​នឹង​គេ គឺ​មាន​តែ​រកស៊ីរ​កលៀស ដើម្បី​ទប់ទល់​នឹង​ជីវភាព និង​បានឱ្យ​កូន​រៀនសូត្រ​តែ​ប៉ុណ្ណោះ​។

ចំណែក​លោក​លី សោ​ភ័​ណ្ឌ អាយុ​៤៣​ឆ្នាំ ស្ថិត​ក្នុង​ខ្លួនប្រាណ​សុទ្ធតែ​ភក់​ជា​អ្នកនេសាទ​លៀស​ដែរ បានឱ្យ​ដឹង​ថា ជា​ទូទៅ​គាត់​នឹង​ប្អូនថ្លៃ រួម​ទាំង​ប្រពន្ធ និង​ម្តាយ បាន​នាំ​គ្នា​មក​បោះ​តង់​នៅ​លើ​ទំនប់​មាត់បឹង​តា​មោក ដើម្បី​ប្រកប​មុខរបរ​រក​លៀស​នេះ ។ ការ​ប្រកប​មុខ របរ​នេះ​ហត់​នើ​យ​ណាស់ និង​មិន​ស្រូវ​កាកកប​នោះ​ទេ ។ នៅ​ពេល​រកបាន​ហើយ គាត់​នឹង​ក្រុម​គ្រួសារ ក៏​បាន​នាំ​គ្នា រ៉ែ​ង រើស​ញែក​ចេញពី​គ្នា ដោយ​ខ្ចៅ លៀស​ដាក់​ដោយឡែក​ពី​គ្នា ដើម្បី​យក​លក់​។

អ្នកស្រី ពេជ្រ ដែល​ត្រូវជា​ប្រពន្ធ​ក៏​បានឱ្យ​ដឹង​ដែរ​ថា លៀស​បឹង លក់​មិន​ស្រូវ​បាន​ថ្លៃ​នោះ​ទេ ដោយ​១​ធុង​លក់​បាន​ប្រមាណ​២៥០០០​រៀល​ប៉ុណ្ណោះ ហើយ​ត្រូវ​ដឹក​យក​ទៅ​ឱ្យ​ម៉ូយ​ដល់​បែក​ចាន​ទៀត​។ នៅ​ក្នុង​មួយ​ថ្ងៃ គាត់​រកបាន​លៀស​ប្រមាណ​៤​ទៅ​៦​ធុង ហើយ ផាត់​ថ្លៃ​សាំង​ទៀត គឺ​ក្នុង​ចំណោម​ប្តី​ប្រពន្ធ ប្អូន​និង​ម្តាយ​ទាំងអស់​៤​នាក់ ចែក​គ្នា​បាន​ប្រមាណ​៣​ម៉ឺន​រៀល​ម្នាក់ ។

ចំណែក​អ្នករក​លៀស​ផ្សេង​ៗ​ទៀត ក៏​បាន​ត្អួ​ញ​ត្អែ​រ​ដូច​គ្នា​ដែរ​ថា លៀស​បឹង មិនសូវ​មាន​ទីផ្សារ​នោះ​ទេ ណាមួយ អ្នកនេសាទ​ត្រីភាគ​ច្រើន​ក៏​បាន​ប្តូរ​មុខរបរ​មករ​កលៀស​វិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លៀស​សំបូរ រីឯ​ទីផ្សារ​ក៏​មាន​កំណត់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ