ដោយសារ​កូ​វី​ដ​១៩ ឆ្នាំ​នេះ​អ្នក​រើស​កួរស្រូវ​តាម​ស្រែ​ព្រោងព្រៀត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដោយសារ​កូ​វី​ដ​១៩ ឆ្នាំ​នេះ​អ្នក​រើស​កួរស្រូវ​តាម​ស្រែ​ព្រោងព្រៀត

2 ខែ មុន
  • Banteay Meanchey

បន្ទាយ​មាន​ជ័យ ៖ ដោយសារ​ថៃ​បិទ​ព្រំដែន ពិសេស​បញ្ហា​មេរោគ​កូ​វី​ដ បាន​ធ្វើ​ឲ្យ​អ្នកស្រុក​មួយ​ចំនួន​បង្ខំចិត្ត​រើស​កួរស្រូវ តាម​ស្រែ​ក្រោយ​គេ​ច្រូតកាត់​រួច ។ វាលស្រែ​ដ៌​ធំ​ល្វឹងល្វើយ​មើល​ដាច់​កន្ទុយភ្នែក ប៉ុន្តែ​តាម​ក្បាល​ស្រែ​មួយ​ចំនួន​គេ​ឃើញ​មាន​កង់​ម៉ូតូ​ចត​ត្រៀបត្រា ដោយ​ម្ចាស់​ចុះ​រើស​កួរស្រូវ​តាម​ស្រែ​ព្រោងព្រៀត…

បន្ទាយ​មាន​ជ័យ ៖ ដោយសារ​ថៃ​បិទ​ព្រំដែន ពិសេស​បញ្ហា​មេរោគ​កូ​វី​ដ បាន​ធ្វើ​ឲ្យ​អ្នកស្រុក​មួយ​ចំនួន​បង្ខំចិត្ត​រើស​កួរស្រូវ តាម​ស្រែ​ក្រោយ​គេ​ច្រូតកាត់​រួច ។ វាលស្រែ​ដ៌​ធំ​ល្វឹងល្វើយ​មើល​ដាច់​កន្ទុយភ្នែក ប៉ុន្តែ​តាម​ក្បាល​ស្រែ​មួយ​ចំនួន​គេ​ឃើញ​មាន​កង់​ម៉ូតូ​ចត​ត្រៀបត្រា ដោយ​ម្ចាស់​ចុះ​រើស​កួរស្រូវ​តាម​ស្រែ​ព្រោងព្រៀត ។

ជួប​សម្ភាស​ន៌​ផ្ទាល់​ដល់​កន្លែង​រើស​កួរស្រូវ ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ស្ត្រី​ចំណាស់​វ័យ​ជាង​50​ឆ្នាំ មក​ពី​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ អះអាង​ថា គ្រួសា​គាត់​កូន​ច្រើន​ហើយ​មិន​មាន​ស្រែ​ធ្វើ​ទេ ។ ម្យ៉ាង​ក៏​ផ្តើម​ចេញពី​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ថៃ​បិទ​ព្រំដែន​កូនចៅ​របស់​គាត់​មិន​អាច​ចេញ​ទៅ​ធ្វើការ​លើ​ដី​ថៃ​បាន​ដូច​ពី​មុន ។

ស្ត្រី​ដដែល​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​រើស​កួរស្រូវ​បាន​កន្លះ​កា​រ៉ុ​ង​ដឹក​យក​ទៅ​បែន​ឬ​បោក​នៅផ្ទះ ។ គ្រួសា​មួយទៀត 2​នាក់​ប្តី​ប្រពន្ធ មក​ពី​ភូមិ​ជាមួយ​គ្នា និយាយ​ស្រ​ដៀង​គ្នា​ដែរ​ថា គាត់​គ្មាន​ស្រែ​ធ្វើ​ប្រកប​របរ​រើស​កួរស្រូវ​នេះ ស្ទើរ​រៀង​រាល់​ឆ្នាំ​ដោយ​មួយ​រដូវ​ៗ​អាច​ទទួល​បាន​ស្រូវ​យ៉ាងតិច​5​ទៅ​6​កា​រ៉ុ​ង​សម្រាប់​ដោះស្រាយ​ជីវភាព ។

ក្រុម​អ្នក​រើស​កួរស្រូវ​ទាំងនេះ ខ្លះ​ក៏​ស្កាត់​មក​ពី​ភូមិ​ឃុំ​ឆ្ងាយ​ៗ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។ ក្រុម​អ្នក​រើស​កួរស្រូវ​ភាគច្រើន​ប្រើ​ក​ណ្ឌៀ​វ តែ​អ៊ុំ​ស្រី​ចំណាស់​ម្នាក់​ប្រើប្រាស់​កន្ត្រៃ និង​អ្នកខ្លះ​ប្រើប្រាស់​កាំបិត​ទៅ​វិញ ។ ពួក​គាត់​ថា​ស្រូវ​តាម​ស្រែ​ដែល​ម្ចាស់​ជួល​គ្រឿងចក្រ​ច្រូត​ឆ្នាំ​នេះ​នៅ​សល់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ព្រោះ​ទឹក​លិច​ស្រូវ​ដួល​រាប​ដល់​ទឹក ឬ​ដី​គ្រឿងចក្រ​មិន​អាច​ច្រូត​អស់ ។

អ្នក​ភូមិ​និយាយ​ថា ដោយសារ​ថៃ​បិទ​ព្រំដែន ព្រោះ​មេរោគ​កូ​វី​ដ ឆ្នាំ​នេះ​ឃើញ​មាន​អ្នក​រើស​កួរស្រូវ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​មួយ​ចំនួន​ធំ ជា​អ្នក​មក​ពី​ចម្ងាយ ។ ថ្វីបើ​អ្នក​រើស​កួរស្រូវ​សប្បាយ​អរ តែ​ម្ចាស់​ស្រែ​ភាគច្រើន​បាន​សម្តែង​ការ​ក្តៅក្រហាយ និង​គ្រឿងចក្រ​ឈ្នួល ព្រោះ​តាម​ស្រែ​ពួក​គាត់​សល់​ស្រូវ​ច្រើន​រហូត​កន្លែង​ខ្លះ​ម្ចាស់​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ចូល​រើស​(​កួរស្រូវ​)​ហើយ​ចំណាយពេល​នាំ​ក្រុម​គ្រួសា​ចុះ​ច្រូត​តាម​ក្រោយ ដោយ​ខ្លួនឯង​ចំពោះ​ស្រូវ​ដែល​សល់​ៗ​ក្នុង​ស្រែ ។

ពេល​សាកសួរ​ថា ហេតុ​អ្វី​មិន​ជួល​អ្នកស្រុក​ច្រូត​ដោយ​ដៃ ក្រុម​ម្ចាស់​ស្រែ​អះអាង​ថា ដោយសា​អ្នកស៊ីឈ្នួល​ច្រូត​ទារ​ថ្លៃ​ពេក​1​ថ្ងៃ​250​បាត ហើយ​បើ​ម៉ៅ​1​ហិ​កតា​ជិត​40​ម៉ឺន​រៀល តែ​ក្រោយ​ជួល​គេ​ច្រូត​ត្រូវ​ហត់នឿយ​ថែម​ទៀត ព្រោះ​ត្រូវ​ជញ្ជូន​កណ្តាប់​បោក​បែន​មុន​ទទួល​បាន​ទិន្នផល ។

ពួក​គាត់​បន្ត​ថា បើ​ជួល​គ្រឿងចក្រ​ច្រូត​1​ហិ​កតា​តម្លៃ​តែ​2500​បាត​គិត​ជា​ប្រាក់​ខ្មែរ​315000៛ បើ​ប្រៀបធៀប និង​ការ​ជួល​អ្នក​ច្រូត​ដោយ​ដៃ​លើស​គ្នា​តិចតួច ប៉ុន្តែ​ការ​ជួល​គ្រឿងចក្រ​ច្រូត​ម្ចាស់​ស្រែ​មិន​ពិបាក​ហត់នឿយ ព្រោះ​គ្រាប់ស្រូវ​ត្រូវ​ច្រកចូល​បាវ ឬ​កា​រ៉ុ​ង​ស្រេច​ៗ​តែ​ម្តង ៕