ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ហ៊ុន ម៉ា​ណែ​ត ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក រួម​ជាមួយនឹង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង ០៩ ផ្សេង​ទៀត បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន​លើក​ទី​២១ (21st ACAMM) តាម​រយៈ​ប្រព័ន្ធ Virtual Conference ដែល​រៀបចំ​ឡើង​ក្រោម​ការ​សម្របសម្រួល​របស់​កងទ័ពជើងគោក​ប្រ៊ុ​យ​ណេ ជា​ប្រធាន​នៃ​កិច្ចប្រជុំ និង​ក្រោម​ប្រធានបទ «ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយ​តប​របស់​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន នៅ​ចំពោះ​មុខការ​ប្រែប្រួល​បញ្ហា​សន្តិសុខ​តំបន់ ស្រប​តាម​គន្លង​បែបបទ​ថ្មី​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩»​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បាន​កត់សម្គាល់​អំពី​បញ្ហា​ប្រឈម​រួម​របស់​កងទ័ព​នៅ​ចំពោះ​មុខ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឱ្យ​កងទ័ព​នៃ​ប្រទេស​នីមួយ​ៗ​ត្រូវ​រ៉ាប់រង​ទទួលខុសត្រូវ​លើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​។

ក្នុង​នោះ ក្រៅពី​ការ​ខិតខំ​បំពេញភារកិច្ច​ស្នូល​ជា​ប្រចាំ ដោយ​ត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​ការ​បំពេញការងារ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ទាំង​ការងារ​ប្រតិបត្តិការ​, ការងារ​ហ្វឹកហ្វឺន និង​កិច្ចសហការ​ផ្សេង​ៗ ស្រប​តាម​គន្លង​បែបបទ​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ កងទ័ព​ក៏​ត្រូវ​មាន​ភារកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាជន​ផង​ដែរ​។

ឆ្លង​តាម​បទ​បង្ហាញ​របស់​កងទ័ពជើងគោក​នៃ​ប្រទេស​សមាជិក​អាស៊ាន​នីមួយ​ៗ​លើ​បទ​ពិសោធន៍​នៃ​ការ​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ កិច្ចប្រជុំ​ក៏​បាន​កត់សម្គាល់​អំពី​ជោគជ័យ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា នៃ​ការ​ចូលរួម​របស់​កងទ័ព​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​លើ​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​សាកល​នេះ ក្នុង​នោះ​កងទ័ព​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ទាំង​នៅ​ក្នុង​ការ​ចូលរួម​រៀបចំ​ផែនការ​, ការ​ផ្តល់​នូវ​សម្ភារៈ និង​ការ​ដឹក​ជញ្ជូន​, ការ​ប្រើប្រាស់​កម្លាំង​សុខាភិបាល​, ការ​សហការ​ជាមួយ​ស្ថាប័ន​នគរបាល​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នៅ​តាម​ច្រកព្រំដែន និង​ការ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​រាល់​វិធានការ​សុខាភិបាល​ទប់ស្កាត់​បាន​នូវ​ការ​ចម្លង​នៅ​ក្នុង​អង្គភាព​ជាដើម​។

ជា​ពិសេស ទោះ​នៅ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​នេះ កងទ័ព​ក៏​នៅ​តែ​ខិតខំ​ព្យាយាម​រក្សា​បាន​នូវ​សមត្ថភាព​ពេញលេញ និង​ការ​ត្រៀមលក្ខណៈ​គ្រប់ពេលវេលា អាច​បំពេញភារកិច្ច និង​ប្រតិបត្តិការ​ស្ទើរ​ដូច​ធម្មតា​។

ជាក់ស្តែង ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ាន​ភាគច្រើន​ទទួល​រង​នូវ​វិបត្តិ​គ្រោះ​ទឹកជំនន់ និង​ខ្យល់ព្យុះ​ដែល​កន្លង​ទៅ​ថ្មី​ៗ​នេះ កងទ័ព​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ជា​រួម នៅ​ចំពោះ​មុខ​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​មិន​ទាន់​លុប​បំបាត់​បាន​នៅឡើយ កិច្ចប្រជុំ​បាន​កត់សម្គាល់​អំពី​តម្រូវការ​នៃ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទាំង​ប្រពៃណី និង​មិនមែន​ប្រពៃណី រួម​ទាំង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​បញ្ហា​កំពុង​ប្រឈម​ថ្មី​នេះ តាម​រយៈ​ការ​ពិចារណា​រៀបចំ​សកម្មភាព​សហប្រតិបត្តិការ​មួយ​ចំនួន​ដូច​ជា ការ​ជួប​ប្រជុំ​, ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​នាយទាហាន​គ្រប់​ជាន់ថ្នាក់ និង​ការ​ធ្វើ​លំ​ហាត់​លើ​តុ​តាម​ប្រព័ន្ធ ICT ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹងសមត្ថភាព​នៅ​ក្នុង​វិស័យ​សន្តិសុខ​ព័ត៌មានវិទ្យា ដើម្បី​ឱ្យ​ការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​រក្សា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​។

ក្នុងអំឡុងពេល​កិច្ចប្រជុំ​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គូសបញ្ជាក់​អំពី​ភាព​ជោគជ័យ​របស់​កម្ពុជា​នៅ​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ស្រប​ពេល​ដែល​ថ្មី​ៗ​នេះ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​សេ​ណេ​ហ្គា​ល់ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​លេខ ៣ ក្នុង​ចំណោម ១៦៦ ប្រទេស​ក្នុង​ពិភពលោក និង​ជា​ប្រទេស​លេខ ១ នៅ​ក្នុង​ទ្វីបអាស៊ី ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ផល​ប៉ះពាល់ និង​បាន​សង្កត់ធ្ងន់​ថា ភាព​ជោគជ័យ​នេះ មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​។

ជាក់ស្តែង​ណាស់ គឺជា​ជោគជ័យ​ដែល​កើតឡើង​ដោយ​សមត្ថភាព​នៃ​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ស្ថានភាព​នៃ​វិបត្តិ​នេះ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​ជា​ច្រើន​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​។ គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ គឺជា​ការ​ជួប​ប្រជុំ​លើក​ទី​២ តាម​រយៈ​ប្រព័ន្ធ Virtual Conference រវាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​បណ្តា​ប្រទេស​អាស៊ាន បន្ទាប់​ពី​ជំនួប​ពិសេស​កាលពី​ខែកញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ